(រតនគិរី)៖ ផ្លែប័រ ឬផ្លែអាវូកាដូ គឺជាប្រភេទរុក្ខជាតិ​ម្យ៉ាង មានអត្ថប្រយោជន៍ខ្លាំងណាស់ ដែលមានផ្ទុកនូវសារធាតុជាច្រើនដូចជា វីតាមីន A, B, C, E និង K ក៏ដូចជាសារធាតុទង់ដែង, ដែក, ប៉ូតាស្បូម, ម៉ាញ៉េស្យូម, ជាតិសរសៃ, ប្រូតេអ៊ីន និងមានសារធាតុជាច្រើនផ្សេងទៀត។ វាជាប្រភេទរុក្ខជាតិហូបផ្លែដ៏មានឱជារសឆ្ងាញ់ពិសា និងជាឱសថសម្រាប់ព្យាបាលជំងឺ យ៉ាងពូកែទៀតផង។

ផ្លែប័រមាន​ដាំច្រើន​នៅតំបន់មួយចំនួន នៃប្រទេសអាស៉ី ហើយម្រាប់​កម្ពុជាមាន​ដូចជា នៅខេត្តរតនគីរី និងមណ្ឌលគីរី។ ជាមួយគ្នានេះ ផ្លែប័រធម្មជាតិ ស្ថិតនៅក្នុងទឹកដីខេត្តរតនគិរីវិញ មានហាងឆេងឡើងខ្ពស់គួរឱ្យកត់សម្គាល់ ដែលធ្វើឱ្យប្រជាកសិករមានទឹកចិត្ត បង្កើនការដាំដុះបន្ថែមទៀត ដើម្បី​រកប្រាក់ចំណុលផ្គត់ផ្គង់គ្រួសារ និងបំពេញតម្រូវការទីផ្សារក្នុងស្រុកផងដែរ។

ស្រ្តីម្នាក់ឈ្មោះ ស្រី​មុំ ដែលជាម្ចាស់ចំការប័រធម្មជាតិនៅទួលបឹងកន្សែងខេត្តរតនគិរី ទំហំប្រហែល២ហិចតា បានប្រាប់ភ្នាក់ងារ Fresh News នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ឲ្យដឹងថា ចំការប័ររធម្មជាតិរបស់លោកស្រី មានចំនួនជាង២ហិចតា ដាំដោយធម្មជាតិ ដែលមានឱជារសឈ្ងុយឆ្ងាញ់ និងបានផ្តល់ទិន្នផលខ្ពស់។

លោកស្រីបន្តថា ការដាំដំណាំប័រ នឹងទទួលបានផលចន្លោះពី៣-៤ឆ្នាំ ពិសេសដាំលើដីក្រហម ហើយក្នុងមួយរដូវអាចប្រមូលផងបានពីរដង ដែលទិន្នផលចំការលោកស្រី ទទួលបានចន្លោះ ពី៨-១០តោនឯណោះ។

ម្ចាស់ចំការរូបឆោមដ៏ល្អឆើតរូបនេះ បានគូសបញ្ជាក់ថា កត្តាដែលនាំឱ្យដំណាំប័រធម្មជាតិរបស់លោកស្រី ទទួលបានទិន្នផលខ្ពស់ក្នុងមួយឆ្នាំៗនោះ គឺដោយសារតែនៅក្នុងទឹកដី​ខេត្តរតនគិរី ជាតំបន់មួយមានអំណោយផលពីធម្មជាតិ ជាពិសេសគឺកត្តាដីតែម្តង ដែលជាប្រភេទដីក្រហម មិនបាច់ចាំប្រើប្រាស់ជីគីមីនោះទេ មិនតែប៉ុណ្ណោះប្រភេទដី ដែលមានអំណោយផលដល់ដំណាំប័រនេះ មាននៅក្នុងខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ភូមិភាគឦសាន នៃប្រទេសកម្ពុជា។​​ ដំណាំប័រកំពុងពេញនិយមហូប ពីសំណាក់ប្រជាពលរដ្ឋ ទាំងក្នុងនិងក្រៅខេត្ត ព្រោះជារៀងរាល់ថ្ងៃមានការកម្មង់ទិញ ពីលោកស្រីយ៉ាងច្រើនផងដែរ។

លោកស្រី បានបន្តថា ដោយសារកត្តាអំណោយផលនៃធម្មជាតិនេះ សូមឱ្យប្រជាពលរដ្ឋដែលមានដីទំនេរច្រើន នាំគ្នាងាយមកដាំដំណាំផ្លែប័រ ព្រោះទទួលទិន្នខ្ពស់ រីឯតម្លៃវិញសមរម្យមិនពិបាក ថែទាំប៉ុន្មានទេ ហើយសំណូមពរឱ្យប្រជាពលរដ្ឋទូទាំងប្រទេស គាំទ្រផ្លែប័រធម្មជាតិគ្មានជាតិគីមី ចៀសវាងទទួលទានផ្លែប័រ នាំចូលពីក្រៅប្រទេស ហើយបើបងប្អូនចង់ទទួលទានផ្លែប័រស្រស់ អាចទំនាក់ទំនងតាមទូរស័ព្ទលេខ៖ ០៩៧៩៦៦៦៦០៤ ឬអាចទូរស័ព្ទមកផ្ញើទៅក៏បានដោយតម្លៃសមរម្យ។ សម្រាប់តម្លៃវិញ គឺសមរម្យចាប់ពី ១២,០០០រៀល ទៅ១៥,០០០រៀល ហើយមានសេវាកម្មដឹកជញ្ជូន ដល់កន្លែងបើអ្នកទិញ កម្មង់យកចាប់ពី៥គីឡូក្រាមឡើងទៅ។

ទន្ទឹមនឹងនេះលោក សយ សូណា ប្រធានមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ ខេត្តរតនគិរី ធ្លាប់បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងដែរថា កាលពីឆ្នាំ២០១៨ ចំការប័រនៅទូទាំងខេត្តរតនគិរី មានប្រមាណ៥០ហិចតា ហើយមានដាំច្រើនជាងគេ នៅក្រុងបានលុង និងស្រុកបរកែវ។

សូមជម្រាបថា អត្ថប្រយោជន៍​នៃផ្លែប័រ មានដូចជា៖ ជួយឲ្យខួរក្បាល​មានសុខ​ភាពល្អ, ជួយដល់ចលនា​បេះដូង, សម្បូរវីតា​មីនហ្វូលិច​អាស៉ីត (B9) ជួយឲ្យភ្នែកភ្លឺល្អ, សម្រួល​ដល់សម្ពាធ​ឈាម, បង្ការ​ការ​ឡើង​ជាតិស្ករ​ក្នុង​ឈាម និងប្រឆាំង​នឹងការ​រលាក​ផ្សេងៗ។ ក្រៅពីនេះ​ ផ្លែប័រក៏មាន​សារធាតុ​ធ្វើឲ្យស្បែក​ស្អាតវ័យ​ក្មេង, សម្រូល​ដល់ការ​រំលាយអាហារ, ធ្វើឲ្យសក់លូតលាស់លឿន, បង្ការជំងឺ​មហារីក និងបង្កើនចំណង់ផ្លូវភេទផងដែរ៕