(ភ្នំពេញ)៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានអះអាងថា បេសកកម្មរបស់ក្រុមប្រឆាំង ទៅកាន់សហរដ្ឋអាមេរិក ដើម្បីជំរុញឱ្យប្រទេសនេះ ដកប្រព័ន្ធអនុគ្រោះពន្ធ GSP ពីប្រទេសកម្ពុជា នឹងបរាជ័យ។

ការអះអាងរបស់ អ្នកនាំពាក្យគណបក្សកាន់អំណាចបានធ្វើឡើងបន្ទាប់ពី ក្រុមប្រឆាំងត្រៀមធ្វើបេសកកម្មថ្មីមួយ ទៅកាន់សហរដ្ឋអាមេរិក នៅដើមខែមីនាខាងមុខនេះ ក្នុងគោលបំណងញុះញង់ជំរុញឱ្យអាមេរិក ដកប្រព័ន្ធអនុគ្រោះពន្ធ GSP ពីប្រទេសកម្ពុជា​ ដើម្បីចូលរួមដាក់សម្ពាធមកលើរាជរដ្ឋាភិបាលកម្ពុជា ឱ្យ លោក សម រង្ស៉ី បានចូលប្រទេសដោយគ្មានការជាប់ពន្ធនាគារ។ បេកសកម្មក្រុមប្រឆាំង នឹងដឹកនាំដោយ លោកស្រី មូរ សុខហួរ និង លោក រ៉ុង ឈុន។

លោក សុខ​ ឥសាន បានហៅគម្រោងការរបស់ក្រុមប្រឆាំងនេះថា ជាគម្រោងការ «បិសាច» ដែលប្រឆាំងចំពោះប្រយោជន៍រួមរបស់កម្ពុជា។

លោកបានបញ្ជាក់តាមបណ្តាញសង្គម Telegram ឱ្យដឹងថា​ «ដើម្បីបំពេញមហិច្ឆតាចងគំនុំរបស់ខ្លួន ដែលកំពុងបរាជ័យធ្ងន់ធ្ងរ​ ពួកឧទ្ទាមក្រៅច្បាប់របស់ទណ្ឌិតរត់ចោលស្រុក​ បានរៀបចំគណៈប្រតិភូឯកជនមួយដឹកនាំ ដោយមេព្រាយកន្ទោងខៀវឈ្មោះយាយព្រាយហួរ ដើម្បីធ្វើដំណើរទៅទីក្រុងវ៉ាសុិនតោនឌីសុី សុំឲ្យមេក្លោងខ្លួនជួយវាយបំបែកឆ្នាំងបាយខ្មែរ នៅក្នុងប្រទេស​»

លោកបានបន្តទៀតថា៖ «ប៉ុន្តែក្នុងការទៅនេះ ​ក្រុមមេព្រាយយាយហួរ មិនបានត្រៀមយកឯកសារអ្វីនៅក្នុងដៃទៅជាមួយឡើយ ដោយសារពួកឧទ្ទាមក្រៅច្បាប់ធ្វើនយោបាយឱកាសនិយម ​បើមានឱកាសវាយក្បិនចូលសភា​ បើមិនបានដូចបំណងទេ រត់ទៅឱបជើងចៅហ្វាយ​ ដែលធ្វើឲ្យមក្លោងជាចៅហ្វាយមិនសប្បាយចិត្តទាល់តែសោះ​។ ដូច្នេះ​ បេសកកម្មរបស់ក្រុមមេព្រាយកន្ទោងខៀវយាយហួរ ដែលគ្រោងសុំចូលជួបគេ នៅថ្ងៃទី១១-១៣​ខែមីនា ២០១៩នោះ​ នឹងមិនទទួលបានផលដូចការគ្រោងទុកឡើយ​»

សូមបញ្ជាក់ថា រដ្ឋាភិបាលអាមេរិករបស់លោកប្រធាធិបតី ​ដូណាល់ ត្រាំ បានចុះហត្ថលេខាលើច្បាប់ ដើម្បីបន្ដឡើងវិញ នូវប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ដល់ប្រទេសកម្ពុជា សម្រាប់រយៈពេល៣ឆ្នាំបន្ដទៀត ចាប់ពីឆ្នាំ២០១៨-២០២០៕