(ភ្នំពេញ)៖ ដោយពិនិត្យឃើញថា ស្ថានភាពអាកាសធាតុនៅក្នុងរដូវប្រាំងឆ្នាំ២០១៩នេះ មានសភាពក្តៅហួតហែង ដោយសារឥទ្ធិពលពីបាតុភូតអែលនីណូ (El Nino) បានធ្វើឲ្យតំបន់មួយចំនួន ប្រឈមមុខនឹងការខ្វះខាតទឹក។

ចំពោះមុខនេះក្រសួងធនធានទឹក និងឧតុនិយម បានចាត់តាំង និងបែងចែកភារកិច្ចជូនថ្នាក់ដឹកនំាជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ទទួលខុសត្រូវតាមបណ្តាខេត្ត ក្រោមការបញ្ជា ដឹកនាំផ្ទាល់ពីរដ្ឋមន្រ្តី។

នាពេលកន្លងមក ថ្នាក់ដឹកក្រសួងដែលទទួលខុសត្រូវតាមមុខព្រួញ រួមជាមួយនឹងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានចុះធ្វើការប្រជុំអប់រំ ណែនាំ ផ្សព្វផ្សាយដល់អាជ្ញាធរដែនដី ប្រជាពលរដ្ឋ ពីវិធានការណ៍ថែរក្សាទឹកទុក ការសន្សំសំចៃ ចៀសវាងការប្រើប្រាស់ទឹកខុសគោលដៅ និងការមិនអនុញ្ញាតឲ្យបង្កបង្កើនផលស្រូវប្រាំងលើកទី២ តាំងពីខែតុលា ឆ្នាំ២០១៨។

ជាវិធានការជាក់ស្តែង ក្នុងការដោះស្រាយទឹកសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ក្រសួងបានប្រើប្រាស់គ្រប់មធ្យោបាយ និងសំភារៈ ដោយថ្មីៗនេះ ក្រសួងបានផ្តល់នូវរថយន្តស្ទូចចំនួន ២០គ្រឿង ដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្តទាំង២០ ដើម្បីងាយស្រួលក្នុងការអន្តរាគមន៍។

ការងារដែលបាន និងកំពុងអន្តរាគមន៍ មានដូចខាងក្រោម៖

*ទី១៖ ខេត្តបាត់ដំបង
*បានធ្វើការបញ្ជូនទឹកមកពីស្រុករតនមណ្ឌល (ទំនប់ពហុបំណង) ចូលមកដល់ទីប្រជុំជនស្រុកមោងឬស្សី និងស្រុកគាស់ក្រឡ សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ប្រមាណ២៨.០០០ គ្រួសារឲ្យមានទឹកប្រើប្រាស់គ្រប់គ្រាន់ឡើងវិញ។ ការបញ្ជូនទឹកនេះ មានចម្ងាយប្រមាណ១០០គ.ម។
*បានធ្វើការកាយស្រះ ( បាតស្ទឹងចាស់ ) ចំនួន០៩កន្លែង ដែលមានទំហំជាមធ្យមបណ្តោយ ១៥ ម, ទទឹង ០៧ ម និងជម្រៅ ២,៥០ ម ស្ថិតក្នុងឃុំតាប៉ុន ស្រុកសង្កែ។
*ការងារអន្តរាគមន៍បូមទឹកសង្គ្រោះដំណាំស្រូវ នៅក្នុងតំបន់ប្រព័ន្ធធារាសាស្ត្រកំពីងពួយ ។

*ទី២៖ ខេត្តបន្ទាយមានជ័យ
*បានធ្វើការកាយប្រឡាយនាំទឹកមកពីអាងទឹកស្ទឹងស្រែង ចូលក្នុងអាងត្រពាំងថ្ម ឲ្យបានកាន់តែឆាប់ ដើម្បីទ្រទ្រង់ដល់ការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជា ជីវចម្រុះនៅក្នុងអាងទឹកត្រពាំងថ្ម។ ដោយសារតម្រូវការប្រើប្រាស់ទឹក ទៅលើការស្រោចស្រពស្រូវវស្សា ក៏ដូចស្រូវប្រាំងមានច្រើនលើសលុប បានធ្វើឲ្យទឹកក្នុងអាងត្រពាំងថ្ម ស្ទើតែនឹងរីង ដោយរដូវវស្សាកន្លងមក អាងត្រពាំងថ្ម ទទួលបរិមាណទឹកភ្លៀងតិចតួច។

*ទី៣៖ ខេត្តឧត្តរមានជ័យ

*ដោយពិនិត្យឃើញពីស្ថានភាព នៃការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ នៅក្នុងពន្ធនាគារខេត្តឧត្តរមានជ័យ ស្ថិតក្នុងសង្កាត់សំរោង ក្រុងសំរោង ជាដំណោះស្រាយ សម្រាប់ការប្រើប្រាស់ ទឹកនៅទីនោះ ក្រសួងបានឲ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ដឹកទឹកចំនួន១០ម៉ែត្រគូប ក្នុងមួយថ្ងៃ ដោយប្រើប្រាស់រថយន្តមានបំពាក់ស៊ីទែនទឹករបស់ក្រសួង ដែលបានផ្តល់ឲ្យនាពេលកន្លងមក។ នេះគឺជាការដោះស្រាយទឹកប្រើប្រាស់ចំពោះមុខ និងនៅក្នុងរដូវប្រាំងនេះ។

ដោយឡែក​ សម្រាប់ការដោះស្រាយទៅថ្ងៃអនាគត លោក លឹម គានហោ សម្រេចផ្តល់ស្រះទឹកមួយកន្លែង ទំហំជាង១ហិកតា សម្រាប់ស្តុកទឹកប្រើប្រាស់ប្រចាំថ្ងៃ នៅពន្ធនាគារខេត្តឧត្តរមានជ័យ ខណៈនៅទីនោះកំពុងជួបការខ្វះខាតទឹកជាខ្លាំង។ ស្រះទឹកនេះ មិនត្រឹមតែអាចផ្គត់ផ្គង់ទឹកដល់ការប្រើប្រាស់ នៅក្នុងពន្ធនាគារប៉ុណ្តោះទេ ទាំងកងទ័ព និងប្រជាពលរដ្ឋនៅតំបន់នោះ ក៏អាចប្រើប្រាស់បានគ្រប់គ្រាន់ផងដែរ។

*ទី៤៖ ខេត្តកំពង់ធំ
*បានធ្វើការកាយស្រះ ( បាតស្ទឹងស្ទោង ) ចំនួន១៥កន្លែង ដែលមានទំហំជាមធ្យមបណ្តោយ ២០ ម, ទទឹង ០៨ ម និងជម្រៅ ០៣ ម ស្ថិតក្នុងឃុំម្សាក្រង ស្រុកស្ទោង។

*ទី៥៖ ខេត្តព្រៃវែង
*ខួងអណ្តូង សម្រាប់ផ្តល់ទឹកដល់ប្រជាពលរដ្ឋ ដែលជួបបញ្ហាទឹកប្រើប្រាស់ប្រចាំថ្ងៃ នៅក្នុងឃុំចំនួន០៦របស់ស្រុកមេសាង ចំនួន១២អណ្តូង ក្នុងនោះមានឃុំច្រេស ព្រៃរំដេង អង្គរសរ ត្រពាំងស្រែ ស្វាយជ្រុំ និងជីផុច ដោយមួយឃុំទទួលបានអណ្តូងចំនួន០២។ បច្ចុប្បន្នប្រជាពលរដ្ឋកំពុងទទួលទឹកពីអណ្តូងទាំងនោះ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។
*អន្តរាគមន៍បូមទឹកសង្រ្គោះស្រូវចំនួន ៣២០ ហិកតា នៅឃុំមេសរប្រចាន់ ស្រុកពារាំង ដោយបូមពីទន្លេតូច បញ្ចូលបឹងទ្រាំង ដើម្បីឲ្យកសិករបូមបន្តបញ្ចូលស្រែ។
*អន្តរាគមន៍បូមទឹកសង្រ្គោះស្រូវចំនួន ៩៥ ហិកតា នៅចំណុចអូរអំពាន់ ស្ថិតនៅភូមិឃុំ ព្រែកមេបុណ្យ ស្រុកស្វាយអន្ទរ ដោយយកទឹកពីអាងទឹកស្នេហ៍។

*ទី៦៖ ខេត្តព្រះវិហារ
*ដោយខ្វះខាតទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ នៅក្នុងពន្ធនាគារខេត្តព្រះវិហារ ស្ថិតក្នុងសង្កាត់បាលហាល ក្រុងព្រះវិហារ លោក លឹម គានហោ បានសម្រេចផ្តល់អណ្តូងទឹកខ្នាតធំចំនួន០១កន្លែង និងបានដាក់ឲ្យធ្វើការប្រើប្រាស់ជាប្រចាំថ្ងៃក្នុងពន្ធនាគារ។

*ទី៧៖ ខេត្តប៉ៃលិន
*ដឹកជញ្ជូនទឹក ចែកជូនប្រជាពលរដ្ឋដែលខ្វះខាតទឹក សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃនៅក្នុងឃុំសាលាក្រៅ និងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដោយប្រើប្រាស់រថយន្ត មានបំពាក់ស៊ីទែនទឹក របស់ក្រសួងដែលបានផ្តល់ឲ្យនាពេលកន្លងមក។

*ទី៨៖ ខេត្តកោះកុង
*ដឹកជញ្ជូនទឹក ចែកជូនប្រជាពលរដ្ឋដែលខ្វះខាតទឹក សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃនៅក្នុងសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ដោយប្រើប្រាស់រថយន្តមានបំពាក់ស៊ីទែនទឹករបស់ក្រសួង ដែលបានផ្តល់ឲ្យនាពេលកន្លងមក។ បច្ចុប្បន្ន ការដឹកជញ្ជូនទឹកត្រូវបានផ្អាក ដោយសារបណ្តាញទឹកស្អាត ត្រូវបានតភ្ជាប់ឡើងវិញ។

ជាមួយគ្នានេះ ក្រុមការងារក្រសួង សហការជាមួយមន្ទីរធនធានទឹក និងអាជ្ញាធរនៅតាមខេត្តផ្សេងទៀត ក៏កំពុងជួយអន្តរាគមន៍នាំទឹកជូនប្រជាពលរដ្ឋផងដែរ។

សូមបញ្ជាក់ថា នៅរដូវប្រាំងនៅឆ្នាំ២០១៩នេះ កម្ពុជានឹងជួបគ្រោះក្តីហួតហែងខ្លាំង ជាពិសេសក្នុងអំឡុងខែមេសា និងឧសភា កម្តៅនឹងហក់ឡើងដល់ ៤០ ទៅ៤២អង្សា ដោយសារតែការរងដោយប្រយោលនៃឥទ្ធិពលបាតុភូតអែលនីណូ (El Nino)។ រាជរដ្ឋាភិបាល បានអំពាវនាវដល់អាជ្ញាធរ និងប្រជាពលរដ្ឋត្រូវចាត់វិធានការថែររក្សាទឹកទុកសម្រាប់ប្រើប្រាស់។

តាមរយៈសារាចរនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា បានដាក់ចេញនូវវិធានការសំខាន់ៗចំនួន៣ ដើម្បីទប់ទល់ជាមួយបញ្ហានេះ។ វិធានការទាំង៣នោះរួមមាន៖

*ទី១៖ ការងារបង្កបង្កើនផលស្រូវប្រាំងក្នុងឆ្នាំ២០១៩នេះ គឺអាចធ្វើបានតែ១ដងប៉ុណ្ណោះ ដោយមិនអាចធ្វើស្រូវប្រាំងលើកទី២បានទេ បើទោះបីជាទឹកនៅតាមបណ្តាអាងដែលបានរក្សាទុក និងកន្លែងមួយចំនួន ដែលមានទឹកជាធម្មជាតិក៏ដោយ គួរគប្បីរក្សាទឹកទាំងនោះទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងការដាំដំណាំរួមផ្សំផ្សេងទៀតក្រៅពីស្រូវ។
*ទី២៖ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវចូលរួមចាត់វិធានការថែរក្សាទឹកទុកឲ្យបានល្អ ដើម្បីផ្គត់ផ្គង់សម្រាប់តែការប្រើប្រាស់ប្រចាំថ្ងៃតែប៉ុណ្ណោះ រហូតដល់ពេលមានភ្លៀងធ្លាក់ជាធម្មតាឡើងវិញ។
*ទី៣៖ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពលរដ្ឋដោយគ្រោះធម្មជាតិនានាដូចជាខ្យល់កន្ត្រាក់ជាដើម៕