(សៀមរាប)៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានស្នើសុំដ៏ទទូចដល់អាជ្ញាធរមូលដ្ឋាន និងប្រជាជនទាំងអស់ ត្រូវចូលរួមទប់ស្កាត់កុំឲ្យមានការផ្ទុះឡើង នូវជំងឺគ្រុនឈាម ក្នុងឆ្នាំ២០១៩នេះ។

ការថ្លែងយ៉ាងដូច្នេះរបស់លោកស្រីវេជ្ជបណ្ឌិត បានធ្វើឡើងក្នុងកម្មវិធីបិទសន្និបាត បូកសរុបការងាររបស់ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ​ និងបាណកសាស្ត្រ​ នៃក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសណ្ឋាគារ អង្គរ អេរ៉ា ក្រុងសៀមរាប។

លោកស្រីវេជ្ជបណ្ឌិត ថ្លែងបន្ដថា «កត្តាដែលសំខាន់បំផុត ត្រូវអប់រំសុខភាពដល់ប្រជាជន និងឲ្យមានចំណាត់ការពីអាជ្ញាធរមូលដ្ឋាន ក្នុងការលុបបំបាត់ជម្រកមូសខ្លាឲ្យបាន ដូចជា សំបកកង់ឡាន-ម៉ូតូ​​ (ត្រូវដាក់ក្រោមដំបូល ឬចាក់ដីបំពេញ ឬដាក់ប្រេងម៉ាស៊ីនប្រើរួច ឬគរត្រួតលើគ្នាគ្របស្បៃមុង) សំបកកំប៉ុង សម្ភារដក់ទឹក ។ល។ ការបាញ់ថ្នាំមូសច្រើនពេកអាចជំរុញ ឲ្យមានភាពស៊ាំថ្នាំលើពពួកសត្វមូស ដែលនឹងបង្កផលវិបាកយ៉ាងច្រើន ក្នុងការសម្លាប់មូសខ្លា ឲ្យមានប្រសិទ្ធភាពនាពេលអនាគត។​ ដូច្នេះ វិធានការបាញ់ថ្នាំមូសគេទុកអនុវត្ត នៅពេលមានការរាតត្បាតប៉ុណ្ណោះ»

លោកស្រីវេជ្ជបណ្ឌិត ថ្លែងបញ្ជាក់ថា វិធានការណ៍ដ៏ល្អនោះ គឺការអនុវត្តអនាម័យស្អាត សម្អាតលំនៅឋាន លុបបំបាត់ជម្រកមូសខ្លា បំបាត់ដង្កូវទឹកដោយប្រើថ្នាំអាបែត ឬលាងសម្អាតពាងអាងយ៉ាងតិចមួយដងក្នុងមួយសប្តាហ៍ ឬចិញ្ចឹមត្រីប្រាំពីរពណ៌ បង្ការការខាំចម្លងរបស់សត្វមូសដោយសម្រាន្តក្នុងមុង ស្លៀកខោអាវវែងៗ កុំអង្គុយលេងនៅកន្លែងងងឹតៗ និងត្រូវរួសរាន់បញ្ជូនអ្នកជំងឺគ្រុនក្តៅខ្លាំងភ្លាមៗទៅមន្ទីរពេទ្យរដ្ឋ ឬមណ្ឌលសុខភាពដែលនៅជិតបំផុតឲ្យបានទាន់ពេលវេលា។​ហើយវិញទាំងនេះ គឺបុគ្គលគ្រប់រូប គឺជាអ្នកថែទាំសុខភាពផ្ទាល់ខ្លួនបានល្អប្រសើរបំផុត ជាងគ្រូពេទ្យទៅទៀត។

លើសពីនោះ លោកស្រី បានថ្លែងបន្ថែមថា បុគ្គលគ្រប់រូប គឺជាអ្នកថែទាំសុខភាពរបស់ខ្លួនបានល្អប្រសើរបំផុត ជាជាងការរង់ចាំគ្រូពេទ្យទៅផ្តល់ការថែទាំសុខភាព មានន័យថា បើទោះជាគ្រូពេទ្យពូកែយ៉ាងណាក៏ដោយ តែបើបុគ្គលមិនអនុវត្តវិធានការណ៍ការពារ និងថែទាំសុខភាពផ្ទាល់ខ្លួនទេនោះ ជំងឺនឹងញាំញីលើបុគ្គលនោះ។

សូមជម្រាបថា អង្គសន្និបាតរបស់ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ​ និងបាណកសាស្ត្រ ក៏បានបង្ហាញនូវផែនការ និងការតាំងចិត្តខ្ពស់ក្នុងការបន្តអនុវត្តផែនការយុទ្ធសាស្ត្ររបស់កម្មវិធីជាតិទាំងបី ដោយកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ត្រូវសម្រេចនូវគោលដៅមិនមានអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់​ និងលុបបំបាត់ជំងឺគ្រុនចាញ់ប្រភេទ Plasmodium falciparum ឲ្យបាននៅឆ្នាំ ២០២០។ សម្រាប់កម្មវិធីប្រយុទ្ធនឹងគ្រុនឈាម ត្រូវធានាឲ្យអត្រាស្លាប់នៅទាបជាង ០.២% និងកាត់បន្ថយអត្រាឈឺឲ្យបានទាបជាង ៨០% នៃសន្ទសន៍ប្រាំឆ្នាំចុងក្រោយនៅឆ្នាំ២០១៩។ ចំណែកឯកម្មវិធីដង្កូវព្រូន ត្រូវបន្តធានាឲ្យបាននូវអត្រាគ្របដណ្តប់ថ្នាំទម្លាក់ព្រូន ដល់ប្រជាជនគោលដៅឲ្យបានច្រើនជាង៩០% ក្នុងឆ្នាំ ២០១៩៕