(ភ្នំពេញ)៖ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩នេះគឺជាថ្ងៃផ្តាច់ព្រលឹងចំពោះអ្នកគាំទ្រ សម រង្ស៊ី ដែលខំរំពឹងថាបាន ឃើញបុរសរយពាន់សន្យារូបនេះ វិលមកប្រទេសវិញតាមការសន្យា។ សម រង្ស៊ីដែលពេលនេះកំពុងជិះស្គីលេងយ៉ាងសប្បាយរីកថ្លើមនៅតំបន់ភ្នំ Chamonix-Mont Blanc ជាប់ព្រំដែនប្រទេស បារាំងជាមួយស្វីសបានផ្ញើសារតាមហ្វេសប៊ុកប្រាប់អ្នកគាំទ្រថា លាហើយពាក្យភ្នាល់ ឬពាក្យសម្បថដែលខ្លួនបានធ្វើ។

សម្រាប់អ្នកស្គាល់ សម រង្ស៊ី តែមិនស្ថិតនៅក្នុងចង្កោមអ្នកគាំទ្រផ្កាប់មុខទាំងងងឹតងងុល គេបានឲ្យគូថតាំងពីលឺ សម រង្ស៊ី ប្រកាស ស្បថថា ចូលស្រុកវិញភ្លាមៗមក ម៉្លេះពីព្រោះគេបានស្គាល់ក្រយៅ សម រង្ស៊ី ច្បាស់ដូចបាតដៃ។ សូម្បីនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏គាត់មិនជឿថា សម រង្ស៊ី ហ៊ានចូលខ្លួនមកឲ្យអាជ្ញាធរចាប់ដាក់គុកដែរ។ 

ដូច្នេះហើយបានជាគ្រាន់តែលឺការប្រកាសរបស់ សម រង្ស៊ី ភ្លាមគាត់ក៏ប្រកាសតបវិញភ្លាមថា ទទួលយកការភ្នាល់នេះពីព្រោះតែគាត់ចង់បកស្បែកមុខ មនុស្សពូកែបោកតែប៉ុណ្ណោះ។ នៅស្រុកខ្មែរតើអ្នកណាមួយ មិនស្គាល់ សម រង្ស៊ី អារឿងរត់លឿនជាងអាំងទែរណែត 5G រឺលឿនជាងសំឡេងទៀតនោះ។

ប៉ុន្តែមានតែក្រុមអ្នកគាំទ្រងងឹតងងុលមួយដំបរស្វាប៉ុណ្ណោះដែលនៅបន្តចាញ់បោក សម រង្ស៊ី ងើបមុខមិនទាន់រួច។ ម្តងនេះពួកគេប្រហែលជាបានភ្លឺ ភ្នែកខ្លះហើយ តែប្រសិនបើនៅ តែបន្តងងឹតទៀត សូម្បីព្រះក៏មិនអាចជួយប្រោសបានដែរ។ រឿងប្រកាសភ្នាល់ក្តែងៗដោយយកសេរីភាព កឹម សុខា មកធ្វើជាល្បែងជារឿង គួរឲ្យហួសចិត្តមួយទៅហើយ ចុះម្តេចឡើយបានជាក្រោយមកស្រាប់តែមានសេចក្តីសម្រេចក្នុងអង្គប្រជុំ ហើយប្រកាសពីការរៀបចំ ដំណើរវិលមកវិញរបស់ សម រង្ស៊ី ក្នុងឆ្នាំ ២០១៩ នេះធ្វើអីទៀត? ហេតុអ្វីក៏ចាំបាច់ភូតកុហកអ្នកគាំទ្ររបស់ខ្លួនម្តងហើយម្តងទៀតយ៉ាងនេះ? ឬមួយ សម រង្ស៊ី យល់ឃើញថា ក្រុមអ្នកគាំទ្រគាត់សុទ្ធជាមនុស្សល្ងង់ងាយបោក ហើយចេះតែបន្តបោករហូតតទៅ? ពិតជាគួរឲ្យអនិច្ចាណាស់អ្នកគាំទ្រ សម រង្ស៊ី ទាំងឡាយអើយ។

គួររម្លឹកឡើងវិញថា នៅថ្ងៃទី ០៩ វិច្ឆិកា ឆ្នាំ ២០១៨ សម រង្ស៊ី ស្រាប់តែប្រកាសតាមហ្វេសប៊ុកថា កឹម សុខានឹងត្រូវដោះលែងឲ្យមានសេរីភាពនៅថ្ងៃទី ២៩ កុម្ភៈឬយ៉ាងយូរថ្ងៃទី៣មីនា ឆ្នាំ២០១៩ ក្រោមសម្ពាធអន្តរជាតិ។ លោក សម រង្ស៊ី ប្រកាសបបួលលោក ហ៊ុន សែន ភ្នាល់ជាសាធារណៈថា បើមិនដោះលែងតាមកាលបរិច្ឆេទនោះទេ សម រង្ស៊ី សុខចិត្តចាញ់ហើយវិលមកឲ្យអាជ្ញាធរកម្ពុជាចាប់ដាក់គុក។ ប៉ុន្តែ បើសិនជាមានការដោះលែងដូចដែលគាត់លើកឡើងមែន គាត់ឲ្យលោក ហ៊ុន សែនចាញ់ហើយត្រូវចុះចេញពីតំណែង។ ភ្លាមៗនោះ លោក ហ៊ុន សែនក៏បានប្រកាសទទួលយកការភ្នាល់នេះ។

ឥឡូវនេះ ពេលវេលាថ្ងៃ ២៩ កុម្ភៈ ឬ៣ មីនាជិតចូលមកដល់ តែគ្មានអ្នកណាជឿថា សម រង្ស៊ី គោរពសន្យាទេ។ ដោយដឹងពីចរិតរបស់ សម រង្ស៊ី ច្បាស់ដូចបាតដៃ កាលពីថ្មីៗនេះ លោកហ៊ុន សែន បាននិពន្ធកំណាព្យមួយលើបណ្តាញសង្គមហ្វេសប៊ុកថា «ទទាយំឆ្លង ត្រយ៉ងបងអើយអត់ឆ្លើយ សង្សារបងអើយដល់ពេលហើយឬនៅ? ចិត្តអូនចិត្តដាច់ដោយសារចិត្តបងចិត្តខ្មៅ ស្ពានក៏បាក់ទឹកក៏ជ្រៅ ធ្វើម្តេចបានទៅតាមកិច្ចសន្យា»។ កំណាព្យនេះត្រូវបានគេយកទៅ ច្រៀងហើយបង្ហោះព្រោងព្រាតតាមបណ្តាញសង្គមហ្វេសប៊ុក យ៉ាងពេញនិយមដើម្បីឌឺនិងផាឲ្យសម រង្ស៊ី។

ដូចការទស្សទាយមែន ថ្ងៃនេះ ២១ កុម្ភៈ សម រង្ស៊ី បានប្រកាសតាមហ្វេសប៊ុកថា គាត់មិនមកតាមការសន្យាទេ។ ដោយសម រង្ស៊ី មានសារជាតិជាមនុស្សខូច ក្រឡិចក្រឡុច បាតដៃជាខ្នងដៃ គាត់បែរជាក្រឡាស់ដោយឥតអៀនខ្មាសថា មកពីលោក ហ៊ុន សែន កែប្រែលក្ខខ័ណ្ឌតាមអំពើចិត្ត?

ហាស ហា ! ពិតជាគួរឲ្យខ្មាសក្មេងមែន។ ហេតុអីបានជាស្រុកយើងមានអ្នកនយោបាយមហាកំសាក ឥតអៀនខ្មាស និងមហាក្រឡិចក្រឡុចបែបនេះ? អ្វីដែលគាត់លើកមកសម្អាងគឺជាល្បែងកូនក្មេងបៀមដៃសុទ្ធសាធ និងជាការប្រឌិតទាំងស្រុង។

ប៉ុន្តែ សម្រាប់អ្នកតាមដាននយោបាយតាមតុកាហ្វេដូចខ្ញុំ គឺខ្ញុំបានមើលឃើញយ៉ាងច្បាស់ក្រឡែតអំពីសេណារីយោរាក់កំផែលរបស់ សម រង្ស៊ី។
ការប្រកាសភ្នាល់នេះ សម រង្ស៊ី គិតឃើញត្រឹមតែថា ធ្វើម៉េចកុំឲ្យ កឹម សុខាមានសេរីភាពក្នុង អំឡុងពេលនេះពីព្រោះ សម រង្ស៊ី កំពុងរៀបចំផែនការធ្វើបក្សប្រហារដណ្តើមអំណាចពី កឹម សុខា មកវិញ។

ម្យ៉ាងទៀត សម រង្ស៊ី ដែលជាមនុស្ស «គិតមិន ដែលត្រូវ យល់មិនដែលច្បាស់ និងធ្វើមិនដែលកើត» បានជឿទាំងការភាន់ច្រឡំថា សហគមន៍អន្តរជាតិទំនងជាកំពុងដាក់សម្ពាធខ្លាំងលើរដ្ឋាភិបាលដឹកនាំដោយលោកហ៊ុន សែន ដែលធ្វើឲ្យរដ្ឋាភិបាលនេះត្រូវដោះលែងកឹម សុខា តាមកាលបរិច្ឆេទដូចដែលគាត់បានលើកឡើង។ ទំនងជាមានបរទេសណាខ្សឹបប្រាប់គាត់ថាអ៊ីចឹង ទើបម៉្លោះហើយគាត់ក៏លង់ជឿទៅ ហើយភ័យខ្លាច កឹម សុខា មានសេរីភាពក៏កើតគំនិតភ្នាល់តែម្តង ព្រោះខួរក្បាលសម រង្ស៊ី មិនដែលគិតឃើញរឿងល្អៗនោះឡើយ។

ដូចការគ្រោងទុក អំពើបក្សប្រហារក៏បានសម្រេចដូចបំណងកាលពីថ្ងៃទី ២ធ្នូ ឆ្នាំ ២០១៨ នៅអាត្លង់តា សហរដ្ឋអាមេរិក។ ប៉ុន្តែ វាមិនដូចការរំពឹងទុករបស់ សម រង្ស៊ី ឡើយ គ្មានបរទេសណាមកដាក់សម្ពាធលើ រដ្ឋាភិបាលដូចដែល សម រង្ស៊ី ស្រមៃនោះឡើយ។ ទីបំផុត សម រង្ស៊ី ក៏ធ្លាក់ខ្លួនក្នុងស្ថានភាព «ភូតច្រើនចាញ់អាត្មា» ម្តងទៀត។ តែម្តងនេះ ប្រហែលជាលើកចុងក្រោយ និងជាថ្ងៃអន្សាររបស់ សម រង្ស៊ី ហើយ។

កាលពីថ្មីៗនេះ សម រង្ស៊ី បាន ប្រកាសម្តងទៀតថា នឹងវិលចូលមកស្រុកវិញក្នុងឆ្នាំ ២០១៩ នេះ។ ការប្រកាសភ្នាល់លើកមុនគឺដោយសារសម រង្ស៊ី ភាន់ច្រឡំថា រដ្ឋាភិបាលកម្ពុជាកំពុងរងសម្ពាធអន្តរជាតិ។ ប៉ុន្តែការប្រកាសចុងក្រោយរបស់សម រង្ស៊ី អំពីផែនការវិលចូលស្រុកវិញក្នុងឆ្នាំ ២០១៩ នេះគឺដើម្បីប្រមូលលុយពីអ្នកគាំទ្រនៅក្រៅប្រទេសផង និងជាការផ្សងព្រេងដោយស្រមើស្រមៃពឹងលើសម្ពាធអន្តរជាតិម្តងទៀត។ ក្រោយមកដោយឃើញថា សម្ពាធអន្តរជាតិហាក់ដូចជាមិនសូវមានប្រសិទ្ធិភាពដូចដែលគាត់រំពឹងទុក រីឯសន្ទុះនៃការគាំទ្រពីសកម្មជនខ្លួននៅក្នុងប្រទេសក៏មិនសូវមាន សម រង្ស៊ី បានក្រឡាស់សម្តីថា គាត់មិនភ្លើចូលមកឲ្យអាជ្ញាធរចាប់ដាក់គុកឡើយ។ សម រង្ស៊ីថែមទាំងបាន ប្រមាថ កឹម សុខា និងបណ្ឌិតកែម ឡីថា ការស្លាប់និងជាប់គុកបែប នេះគ្មានប្រយោជន៍អ្វីឡើយ។

ដូច្នេះល្មមភ្លឺភ្នែកហើយ ក្រុមអ្នកធ្មេចភ្នែកគាំទ្រ សម រង្ស៊ីទាំងងងឹតងងុលព្រោះបើគេបោកចាប់ពី៣ឬ៤ដងបាន នោះអាចចាត់ ទុកថាអ្នកបោកនោះឆ្លាត។ ហើយបើបណ្តោយឲ្យគេបោកបានមួយជីវិតបែបនេះ គេហៅថាជាមនុស្សល្ងង់ហើយ។ ពិតជាគួរឲ្យអនិច្ចាមែនអ្នកលង់ជឿតាមសម រង្ស៊ី៕

ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ