(ភ្នំពេញ​)៖​ ​អគ្គិភ័យ​ឆាបឆេះ​សាកលវិទ្យាល័យ​ខេមរៈ ​បណ្ដាល​ឲ្យ​​ស្រី្ត​ជនជាតិ​ចិន​​បួន​នាក់ ​បង្ខំ​ចិត្ត​លោត​ពី​លើ​អគារ​ជាន់​ទី៣ ​បណ្ដាល​ឲ្យ​មានអ្នក​រង​របួស​ធ្ងន់​ស្រាល​។ ហេតុការណ៍​នេះកើតឡើងនៅម៉ោង​១៖១៥នាទី​​រំលង​អាធ្រាត្រ​ឈាន​ចូល​ ​ថ្ងៃ​ទី​២២​ ខែកុម្ភៈ​ ឆ្នាំ​២០១៩ ​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​១៩៨៦​ ចំណុច​ផ្លូវ​លំ​លេខ​៧២​ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញថ្មី​ ​ខណ្ឌ​សែនសុខ​ ​ក្រុង​ភ្នំពេញ​។

​បើតាម​ប្រភព​ព័ត៌មាន​ពី​អ្នក ​ដែល​បាន​ឃើញ​ហេតុការណ៍ ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ​រូប​គាត់​កំពុងតែ​ដេក ​ស្រាប់​តែ​​បានឮលឺ​សំឡេង​ផ្ទុះ​នៅ​ខាង​ក្រៅ​ផ្ទះ​ ភ្លាមៗ​នោះ​គាត់​បាន​រត់​ចេញ​មក​មើល​ស្រាប់​តែ​ឃើញ​អណ្ដាតភ្លើង ​កំពុង​តែ​ឆាប​ឆេះ​នៅ​ក្នុង​សាកល​វិទ្យាល័យ​ខេមរៈ ​យ៉ាង​សន្ធោសន្ធៅ​បាត់​ទៅ​ហើយ។

​ពេលឃើញដូច្នេះ​គាត់​បាន​​ស្រែក​ហៅ​ឆោឡោ ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្បែរៗ​នោះ ឲ្យ​​ជួយ​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យបាញ់​ទប់ស្កាត់ ​និង​ខ្លះ​ទៀតទូរស័ព្ទ​​​ទាក់ទង ​ទៅ​សមត្ថកិច្ចមូលដ្ឋាន ដើម្បីរកកិច្ចសហការជាមួយ សមត្ថកិច្ចជំនាញផ្នែកពន្លត់អគ្គិភ័យ ឲ្យចុះមកធ្វើការអន្តរាគមន៍ជាបន្ទាន់​​។

ខណៈរថយន្ត​ពន្លត់​អគ្គិភ័យ​កំពុង​ធ្វើ​ការ​បាញ់​ពន្លត់​ ស្រាប់​តែ​ប្រជាពលរដ្ឋ​ជា​ច្រើន ​បាន​ស្រែក​ឆោឡោ​​ហៅ​សមត្ថកិច្ច​ឲ្យ​ទៅ​ជួយ​នៅ​ខាង​មុខ​អគារ​​ ព្រោះ​មាន​ស្ត្រី​ជនជាតិ​ចិន​​ចំនួន​៤នាក់​ បាន​ជាប់​នៅ​ខាង​លើ​ជាន់​ទី​៣​ឯណោះ​។

ដោយ​សារ​តែ​មាន​ផ្សែង​ខ្មួលខ្មាញ់​ និង​សំឡេង​ផ្ទុះ​ផង ​បណ្ដាល​ឲ្យ​ស្ត្រី​ជនជាតិ​ចិន​ចំនួន​២នាក់ ​មាន​ការ​ភ័យ​ខ្លាច​​បាន​បង្ខំ​​ចិត្ត​លោត​ពី​លើ​អគារ​ជាន់​ទី​៣​ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​ស្រាល ​​ហើយ​ពីរ​នាក់​ទៀត​បាន​ឈរ​នៅ​បង្កាន់​ដៃ​បង្អួច​បំរុង​នឹង​លោត​ តែ​ត្រូវ​បាន​សមត្ថកិច្ច​ឡើង​ទៅ​ជួយ​ ស្រាប់​តែ​ជ្រុល​បណ្ដាល​ឲ្យ​ធ្លាក់ ​មករងរបួស​ធ្ងន់​ទាំង​ពីរ​នាក់​។

សូម​បញ្ជាក់​ផង​ដែរ​ថា ​ហេតុការណ៍​អគ្គិភ័យ​ខាង​លើ​​នេះ ​ត្រូវ​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង ​បានចេញមកជួយអន្តរាគមន៍ទើបអាច​ទប់ស្កាត់​ នៃ​ការ​ឆេះនេះ​​មិន​ឲ្យ​រាលដាល​ទៅ​កន្លែង​​ផ្សេង​ទៀត។​ ​ហេតុ​ការណ៍​នេះ បណ្តាល​ឲ្យ​​មាន​ស្ត្រី​ជនជាតិ​ចិន​ចំនួន​៤នាក់​បាន​រង​របួស​ធ្ងន់​​ស្រាល ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាមៗ​នៅ​ឯ​មន្ទីរពេទ្យ​ ចំណែក​ឯ​​សម្ភា​រ​មួយ​ចំនួន ​ដែលនៅ​ជាន់​ខាង​ក្រោម​នៃ​​សកល​វិទ្យាល័យ​ខេមរៈ ​ត្រូវ​បាន​ឆាបឆេះ​គ្មាន​សល់​អ្វី​ឡើយ​។

ចំពោះមូលហេតុនៃការឆេះ សមត្ថកិច្ចបញ្ជាក់ថា ដោយសារឆ្លងចរន្តអគ្គិសនី។

បើតាមរបាយការណ៍របស់នាយការិយាល័យបង្ការ និងពន្លត់អគ្គិភ័យរាជធានីភ្នំពេញ លោក ព្រហ្ម យ៉ត បានបញ្ជាក់ថា គ្រោះអគ្គិភ័យនេះត្រូវបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ១៥គ្រឿង ប្រើទឹកអស់៥រថយន្តស្មើនឹង២០ម៉ែត្រគូប និងមានជំនួយពីរថយន្តពន្លត់អគ្គិភ័យស្រាបៀកម្ពុជា១គ្រឿង (ពុំបានបាញ់ទឹកទេ) ហើយអគ្គិភ័យត្រូវបានពន្លត់នៅម៉ោង១៖៤៥នាទីរំលងអាធ្រាត្រថ្ងៃដដែល៕