(កណ្ដាល)៖ លោក លី សាម៉េត អគ្គនាយកក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៍ ត្រៀមរៀបចំប្រព័ន្ធបង្ហូរទឹកចែកជូនប្រជាជន​ សម្រាប់ស្រោចស្របដំណាំស្រូវ​ប្រាំង ដំណាក់កាលទី​២​ឡើងវិញ នៅឃុំកំពង់អុស​ ស្រុកពញាឮ ខេត្តកណ្ដាល។

ជាក់ស្ដែង​​នៅព្រឹកថ្ងៃទី២១​ ខែកុម្ភ:​ ឆ្នាំ២០១៩នេះ​ អគ្គនាយក​ក្រុមហ៊ុន អេង ឌី​ប៉ូ អភិវឌ្ឍន៍ បានចុះជួបប្រជាពលរដ្ឋជិត៣០០គ្រួសារ នៅឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល​ ដើម្បីសំណេះសំណាល​ និងផ្ដល់ទឹកដល់ប្រជាពលរដ្ឋដែលកំពុងតែខ្វះខាតទឹក នៅរដូវប្រាំងនេះជាច្រើនហិកតា។

លោក លី សាម៉េត បានឲ្យដឹងថា ដោយសារប្រទេសកម្ពុជា មានសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​កម្ពុជា ធ្វើឲ្យអ្នកវិនិយោគមានការជឿជាក់ ក្នុងការបណ្តាក់ទុនវិនិយោគគ្រប់វិស័យ​។ ដូច្នេះហើយក្រុមហ៊ុនវិនិយោគផ្នែកកសិកម្ម អេង ឌីប៉ូ អភិវឌ្ឍន៍ មានសមត្ថភាព រក្សាទឹកទុកធ្វើស្រែប្រាំងបានជាច្រើនពាន់ហិកតា នៅទូទាំងគម្រោង និងចែកចាយឲ្យប្រជាពលរដ្ឋនៅជុំវិញគម្រោងបានជាច្រើនហិកតាទៀត។

លោកបាន​បន្ថែមថា ក្រុមហ៊ុនលោក​វិនិយោគទៅលើកសិកម្មស្រូវដ៏ធំជាងគេ បើទោះបានផ្អាកដំណើការ​មួយរយៈ ដោយសារមានបញ្ហាដែលត្រូវដោះស្រាយ តែក្រុមហ៊ុនលោក បានស្តុកទឹកទុកជាច្រើនអាងដែលក្រុមហ៊ុនបានកសាងទុកផ្គត់ផ្គង់ ដើម្បីប្រើប្រាស់ក្នុងក្រុមហ៊ុន និងអាចជួយស្រែប្រាំងប្រជាពលរដ្ឋ នៅឃុំកំពង់អុស បានរាប់រយហិកតានៅក្នុងរដូវប្រាំង ដែលនិងកំពុងតែប្រឈមការខ្វះទឹក ស្របតាមប្រសាសន៍​សម្តេចតេជោ ហ៊ុន សែន ដែលបានអំពាវនាវ ឲ្យអាជ្ញាធរគ្រប់សមត្ថកិច្ច​​ត្រៀមទឹកសម្រាប់ជួយប្រជាពលរដ្ឋនូវរដូវប្រាំងនេះ។

ប្រជាពលរដ្ឋដែលជួបបញ្ហាខ្វះទឹកធ្វើស្រែប្រាំងជាច្រើនគ្រួសារ បានសម្តែងការសប្បាយរីករាយ ចំពោះក្រុមហ៊ុន​ដែលមានទឹកត្រៀមជួយ​ពួកគាត់ ដែលកំពុងជួបបញ្ហាខ្វះទឹកដាក់ស្រែជាច្រើនហិកតា នៅជុំវិញគម្រោងក្រុមហ៊ុន ដែលកំពុងតែធ្វើជួបបណ្តើរៗលែងបារម្ភទៀតហើយ។

ជាមួយគ្នានេះ​ លោក លី សាម៉េត បានចុះពិនិត្យ​ផ្លូវ ស្ពាន (ស្ពានសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ព្រែកដងគោម និងស្ពានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ព្រែកតាមែ) ប្រឡាយទឹក និងអាងស្តុកទឹក ដើម្បីមានវិធានការជួសជុលផ្លូវដែលខូចខាត ដោយសារទឹកតម្លើងក្នុងរដូវវស្សារ និងរៀបចំប្រព័ន្ធបង្ហូរទឹក ចែកជូនប្រជាជន​សម្រាប់ស្រោចស្របដំណាំស្រូវប្រាំងដំណាក់កាលទី​២​ឡើងវិញ៕