(សៀមរាប)៖ យោងលើស្ថានភាពជាក់ស្តែង ដែលក្រុមការងារនាយកដ្ឋានគ្រប់គ្រងទឹក នៃអាជ្ញាធរជាតិអប្សរា ធ្វើការអង្កេតជាប្រចាំឃើញថា បរិមាណទឹកក្នុងកសិន្ធុប្រាសាទអង្គរវត្ត ក្រុងអង្គរធំ បារាយណ៍ខាងជើង កំពុងប្រឈមនឹងការខ្វះខាតខ្លាំងនារដូវប្រាំងខាងមុខ។

លោក ភឿន សុឃីម អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក បានឱ្យដឹងពីមូលហេតុនៃការខ្វះខាតទឹកដើម្បីបញ្ជូលក្នុងកសិន្ធុប្រាសាទអង្គរវត្ត ក្រុងអង្គរធំ និងបារាយណ៍ខាងជើងនេះ គឺដោយសារនាយដ្ឋានទឹកបានបើកទ្វារទឹក ដើម្បីបញ្ជូលទឹកទៅស្ទឹងព្រះស្រុក សម្រាប់ស្រោចស្រពស្រែ ប្រជាពលរដ្ឋចំនួន៣០០ហិចតាចំនួនពីរលើក គឺលើកទី១ រយៈពេលពីរសប្តាហ៍ និងលើកទី២រយៈពេលមួយសប្តាហ៍ចេញពីប្រឡាយស្តុកទឹកបម្រុង សម្រាប់បញ្ជូលទៅក្នុងបារាយណ៍ខាងជើង កសិន្ធុក្រុងអង្គរធំ កសិន្ធុប្រាសាទអង្គរវត្ត។

ម្យ៉ាងវិញទៀត បច្ចុប្បន្នប្រឡាយស្តុកទឹកបម្រុងក៏ពុំមានទឹកទេ ដោយសារបរិមាណទឹកស្ទឹងសៀមរាបដែលហូរពីភ្នំគូលែនតិចតួចពេក ហើយ ក្រុមការងារក៏បានចែកទឹកមួយផ្នែកមកក្រុងសៀមរាបផងដែរ។

លោកបញ្ជាក់ថា បើធៀបនឹងឆ្នាំមុន កម្ពស់ទឹកបច្ចុប្បន្ននៅបារាយណ៍ខាងជើង មានកម្រិតទាបជាង០,៨ម៉ែត្រ (ប្រហែលជា២,៦លានម៉ែត្រគូប) កសិន្ធុក្រុងអង្គរធំទាបជាង០,៩៣ម៉ែត្រ (៦៥ម៉ឺនម៉ែត្រគូប) និងកសិន្ធុប្រាសាទអង្គរវត្តទាបជាង០.៤ម៉ែត្រ (៣៨ម៉ឺនម៉ែត្រគូប)។ ជាសរុបយើងបានបាត់បង់ទឹកប្រហែលជា៣.៦៣លានម៉ែត្រគូប ដែលនេះជាចំណុចក្រុមការងារកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការរក្សាទឹកក្នុងអាងស្តុកទឹកទាំងនេះ។ ទោះជាយ៉ាងណា ការគ្រប់គ្រងទឹកក្នុងរមណីយដ្ឋានអង្គរនឹងពុំមានបញ្ហាឡើយ។

ពេលនេះក្រុមការងារកំពុងមមាញឹក ក្នុងការស្តារប្រឡាយនិងបិទទ្វារទឹកពីស្ទឹងសៀមរាប ដើម្បីបញ្ជូលទឹកទៅក្នុងកសិន្ធុក្រុងអង្គរធំ ប្រាសាទអង្គរវត្ត ជៀសវាងរីងស្ងួតនាពេលខាងមុខនេ។ ក្នុងនោះដែរ អាជ្ញាធរជាតិអប្សរា ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលបានបិទទំនប់ កាត់ប្រឡាយស្ទាក់ទឹកសម្រាប់ទុកប្រើប្រាស់ សូមបើកឡើងវិញ ដើម្បីកុំឱ្យមានការលំបាកដល់ការបញ្ជូលទឹកទៅក្នុងកសិន្ធុប្រាសាទនៅក្នុងតំបន់អង្គរ៕