(ភ្នំពេញ​)៖​ តាមរយ:​បទបង្ហាញ​ និងការពិភាក្សា​ នៃអង្គសិក្ខាសាលាស្តីពីការព្យាបាល​ និងស្តារនីតិសម្បទា​អ្នកញៀនគ្រឿងញៀនដែលសមាជិក​ សមាជិកា​ មកពីក្រសួង​ ស្ថាប័ន​ អង្គភាព​ ថ្នាក់ជាតិ​ និងថ្នាក់ក្រោមជាតិ​ ចំនួន២៤០នាក់​ នាល្ងាចថ្ងៃ២១​ ខែកុម្ភៈ ឆ្នាំ២០១៩​នេះ​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ឧបនាយករដ្ឋមន្ត្រី​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ បានស្នើសុំឱ្យលោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធដែលជាសមាជិក អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិសេសគណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន យកចិត្តទុកដាក់ពង្រឹងការងារ៦ចំណុច។

ចំណុចទាំងនោះមានដូចជា៖

ទី១៖ គណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទា​អ្នកញៀនគ្រឿងញៀន គួររៀបចំផែនការសម្រាប់ការងារព្យាបាល និងស្តារនីតិសម្បទា ឱ្យបានច្បាស់លាស់ ពិសេសរៀបចំឯកសារគោលសំខាន់ៗ និងចាំបាច់នានា ដើម្បីធានាថា ការផ្តល់សេវាព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន មានលក្ខណៈពហុវិស័យ និងជាប្រព័ន្ធ ហើយគ្រប់ក្រសួង ស្ថាប័ន អង្គភាពជាសមាជិក និងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីខេត្ត ចូលរួម និងទទួលខុសត្រូវ អនុវត្តឱ្យបានស៊ីសង្វាក់គ្នា និងឱ្យបានជាប្រចាំ។ នៅក្នុងគណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀននេះ គឺមានគ្រប់សមាសភាពទាំងអស់ដែលពាក់ព័ន្ធនឹងការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដូច្នេះ សូមដឹកនាំ និងធ្វើការពិភាក្សាឱ្យបានជាប្រចាំតាមតួនាទី និងភារកិច្ចដែលបានកំណត់។ ឧទាហរណ៍ ដូចជាករណីពាក់ព័ន្ធនឹងច្បាប់ ឬការអនុវត្តច្បាប់ គឺយើងមានតំណាងក្រសួងយុត្តិធម៌ យើងមានមន្រ្តីអនុវត្តច្បាប់ទាំងនគរបាល និងកងរាជធាថុធហត្ថ ហើយយើងក៏មានអាជ្ញាធររាជធានីខេត្ត ។ល។ ពាក់ព័ន្ធនឹងការងារស្តារនីតិសម្បទា ការបណ្តុះបណ្តាលបំណិនជីវិត ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការធ្វើសមាហរណកម្ម ។ល។ គឺយើងមានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធផ្សេងៗទៀត។ ដូច្នេះ សូមគណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនបន្តពង្រឹងតួនាទី និងភារកិច្ចរបស់ខ្លួនជាបន្តទៀត ដើម្បីឱ្យការងារនេះ ដំណើរការទៅបានរលូន និងមានប្រសិទ្ធភាព។ ម្យ៉ាងវិញទៀត ដោយសារបទពិសោធន៍ជាសកលបង្ហាញថា ការលាប់ទៅប្រើប្រាស់គ្រឿងញៀនឡើងវិញមានអាត្រាខ្ពស់ ពិសេសក្នុងចំណោមអ្នកដែលទទួលបានការព្យាបាល និងស្តារនីតិសម្បទានៅតាមមណ្ឌល ខ្ញុំក៏ស្នើសុំឱ្យគណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន យកចិត្តទុកដាក់បន្ថែមផងដែរ លើការតាមដាន និងវាយតម្លៃ គឺស្វែងរកចំណុចខ្លាំង ចំណុចខ្សោយ និងតម្រូវការចាំបាច់នានា ដើម្បីដោះស្រាយឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ។

ទី២៖ ក្រសួង ស្ថាប័ន អង្គភាពជាសមាជិកគណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់ និងអនុវត្តទៅតាមតួនាទី និងការទទួលខុសត្រូវរបស់ខ្លួន ។ កន្លងទៅនេះ ខ្ញុំបានស្នើសុំឱ្យមានការកែសម្រួលព្រះរាជក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ហើយទទួលបានការឯកភាពពីរាជរដ្ឋាភិបាល អនុម័តពីរដ្ឋសភា និងឡាយព្រះហត្ថលេខាពីព្រះមហាក្សត្រ ដើម្បីឱ្យ ក្រសួង ស្ថាប័ន អង្គភាព ក៏ដូចជាគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីខេត្ត មានកញ្ចប់ថវិកាផ្ទាល់ខ្លួន សម្រាប់ចាត់ចែងអនុវត្តតួនាទី និងការទទួលខុសត្រូវនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ដូច្នេះ សូមយកចិត្តទុកដាក់ និងចាត់ចែងអនុវត្តឱ្យមានប្រសិទ្ធភាព។ កន្លងមក ក្រសួងសុខាភិបាលធ្វើបានល្អ និងច្រើនហើយ តាមរយៈការរៀបចំទីតាំង ការបំពាក់សម្ភារៈ ការបណ្តុះបណ្តាលគ្រូពេទ្យ និងមន្រ្តីពាក់ព័ន្ធ ការផ្សព្វផ្សាយ ការផ្តល់សេវា ។ល។ ប៉ុន្តែការងារនេះ ពិតជាអាចឱ្យមុខដោយរលូន និងមានប្រសិទ្ធឡើយ បើគ្មានការចូលរួម និងគាំទ្រពីក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធទេនោះ ។ ដូច្នេះ ខ្ញុំស្នើសុំឱ្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងទៀត ពង្រឹងការងាររបស់ខ្លួនជាបន្ថែមទៀត ដើម្បីផ្តល់ការគាំទ្រឱ្យបានពេញលេញ ពិសេសនៅក្នុងដំណាក់កាលនៃការស្តារនីតិសម្បទា បណ្តុះបណ្តាលបំណិនជីវិត បណ្តុះបណ្តាលវិជ្ជាជីវៈ និងការធ្វើសមាហរណកម្មទៅក្នុងគ្រួសារ និងសហគមន៍វិញ ។

ទី៣៖ ពាក់ព័ន្ធនឹងទិន្នន័យ សូមគណៈកម្មាធិការទទួលការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ចាត់ចែង ពិនិត្យ និងកែសម្រួលបន្តទៀត ពិសេសរៀបចំឱ្យមានប្រព័ន្ធ និងវិធីសាស្រ្តច្បាស់លាស់ ដែលមានការទទួលស្គាល់ជាអន្តរជាតិ (ក្នុងពេលថ្មីៗនេះ ក្រសួងសុខាភិបាល និងដៃគូ បានសាកល្បងប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យអ្នកញៀនគ្រឿងញៀនតាមបច្ចេកវិទ្យាទំនើប គឺតាមរយៈផ្តិតមេដៃលើអេក្រង់ទូរស័ព្ទ ដែលមានកត់ត្រាទិន្ន័យរបស់អ្នកជំងឺ ។ បើពិនិត្យទៅឃើញថា ល្អ ហើយយើងអាចមានលទ្ធភាព យើងគួរប្រើប្រាស់ប្រព័ន្ធនេះ) ។ ជាមួយនេះ គួរធ្វើកាបណ្តុះបណ្តាលឱ្យបានដល់គ្រប់អ្នកពាក់ព័ន្ធទាំងអស់ ដើម្បីឱ្យពួកគាត់បានយល់ដឹង និងចេះប្រមូល វិភាគ រក្សាទុក និងបញ្ជូនទិន្នន័យដែលមានលក្ខណៈត្រឹមត្រូវ អាចធ្វើជាមូលដ្ឋានសម្រាប់ការអនុវត្តការងាររបស់យើងឱ្យកាន់តែមានប្រសិទ្ធភាព។

ទី៤៖ អាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់បន្ថែមទៀត ព្រោះថា មានតែមូលដ្ឋាននេះហើយដែល ដឹងច្បាស់អំពីបញ្ហាដែលកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ។ សូមសហការគ្នាឱ្យបានល្អជាមួយមន្រ្តី អនុវត្តច្បាប់ ដើម្បីធ្វើការផ្សព្វផ្សាយឱ្យកាន់តែយល់ដឹងអំពីការផ្តល់សេវាព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ធ្វើសកម្មភាពបំផុសឱ្យមានការស្ម័គ្រចិត្ត តាមរយៈការលើកទឹកចិត្ត ការអប់រំណែនាំ ហើយក្នុងករណីចាំបាច់ អាចអនុវត្តច្បាប់ដើម្បីជម្រុញឱ្យទៅទទួលយកការព្យាបាល និងស្តារនីតិសម្បទា គឺ មិនត្រូវទុកឱ្យពួកគាត់នៅបន្តប្រើប្រាស់គ្រឿងញៀននៅក្នុងមូលដ្ឋានឡើយ ។ សូមចងចាំថា ការជួយបញ្ជូនអ្នកញៀនគ្រឿងញៀនឱ្យទៅទទួលយការព្យាបាល និងស្តារនីតិសម្បទា គឺជាការចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ។

ទី៥៖ ស្នេីសុំដល់ដៃគូពាក់ព័ន្ធ និងវិស័យឯកជន សូមបន្តចូលរួមជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីផ្តល់ការព្យាបាល និងស្តារនីតិសម្បទាដល់អ្នកញៀនគ្រឿងញៀន និងបន្តយកចិត្តទុកដាក់បន្ថែមទៀតលើការអនុវត្តឱ្យបានត្រឹមត្រូវទៅតាមគោលណែនាំនានាដែលបានដាក់ចេញដោយគណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដើម្បីធានាថា ការផ្តល់សេវារបស់យើងមានលក្ខណៈត្រឹមត្រូវទៅបទដ្ឋានបច្ចេក ទេសទាំងផ្នែកច្បាប់ និងផ្នែកវេជ្ជសាស្រ្ត ហើយគោរពបាននូវសិទ្ធិ និងផលប្រយោជន៍ផ្សេងៗរបស់អ្នកជំងឺ។

ទី៦៖ ស្នេីសុំដល់ភាគីមិត្តថៃ និងវៀតណាម ក៏ដូចជាសប្បុរសជន ភ្នាក់ងារអង្គការសហប្រជាជាតិ ដូចជា UNODC, WHO, UNAIDS​ Aids Care China ។ល។ ឱ្យពិនិត្យលទ្ធភាពក្នុងការជួយជាបន្តទៀត ទាំងលើការងារពង្រឹងសមត្ថភាពមន្រ្តីពាក់ព័ន្ធ ក៏ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធ សម្ភារ បច្ចេកទេស ដើម្បីឱ្យការផ្តល់សេវាព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀននៅកម្ពុជាកាន់តែមានប្រសិទ្ធភាពថែមទៀត៕