(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាទេសាភិបាលកម្ពុជាប្រចាំធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ បានទទួលជួបសវនការការងារ ជាមួយគណៈប្រតិភូក្រុមប្រឹក្សានាយកប្រតិបត្តិរបស់ ADB ដឹកនាំដោយលោក ស៊ីវ៉ាជី ក្សត្រាប៉ាទី (Mr. Shivaji Kshatrapati) នាយកប្រតិបត្តិរបស់ ADB ទទួលបន្ទុកប្រទេសអាហ្គានីស្ថាន, បង់ក្លាដេស, ប៊ូតាន់, ឥណ្ឌា, ឡាវ, តាជីគីស្ថាន, និងតួកមេនីស្ថាន ព្រមទាំងនាយកប្រតិបត្តិ និងនាយកប្រតិបត្តិជំនួស ដែលតំណាងអោយប្រទេសសមាជិកផ្សេងទៀត ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជាពីថ្ងៃទី១៦ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងគោលបំណងស្វែងយល់ពីស្ថានភាពនៃ ការគ្រប់គ្រងសេដ្ឋកិច្ច, ថវិកា និងបំណុល និងការអភិវឌ្ឍន៍ប្រទេសរបស់កម្ពុជា។

អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការអញ្ជីញមកបំពេញទស្សនកិច្ចនៅកម្ពុជា របស់គណៈប្រតិភូ ADB ហើយបានសម្តែងនូវអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររបស់ ADB ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចអភិវឌ្ឍន៍កម្ពុជា។

អគ្គបណ្ឌិតសភាចារ្យ ក៏បានជម្រាបជូនប្រតិភូអំពីស្ថានភាពសេដ្ឋកិច្ចនៃប្រទេសកម្ពុជា ដែលកំពុងសម្រេចបាននូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចយ៉ាងរឹងមាំ ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់ ទោះបីត្រូវជួបប្រទះនូវបញ្ហាប្រឈមនិងហានិភ័យ ពីខាងក្រៅមួយចំនួនក៏ដោយ ដែលប្រការនេះ គឺជាការសបញ្ជាក់ឱ្យឃើញថា កម្ពុជាកំពុងតែដើរនៅលើផ្លូវត្រូវ។

លោកឧបនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើនក្នុងរង្វង់៧% ក្នុងឆ្នាំ២០១៨ និង តាមការព្យាករណ៍កំណើនសេដ្ឋកិច្ចនេះ នឹងអាចនៅតែសម្រេចបានប្រមាណ៧% ក្នុងឆ្នាំ២០១៩ នេះផងដែរ។ ចាប់ពីពេលនេះតទៅ, ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងទ្រទ្រង់កំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរង្វង់៧% ក្នុងមួយឆ្នាំ នឹងជួយកម្ពុជាឱ្យឈានទៅសម្រេចបាន ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះ ADB ដែលបានផ្តល់ដល់កម្ពុជា ទាំងហិរញ្ញប្បទានសហប្រតិបត្តិការ, ចំណេះដឹង និងចំណេះធ្វើ ដល់វិស័យអាទិភាព ដូចជា ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ផ្លូវថ្នល់ ធារាសាស្ត្រ អគ្គិសនី ទឹកស្អាត អប់រំ និងសុខាភិបាល ។ល។ ហើយដែលបានរួមចំណែកក្នុងការជំរុញកំណើន សេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព និងការកាត់បន្ថយភាពក្រីក្រប្រកបដោយប្រសិទ្ធភាព។

លោក ក្សត្រាប៉ាទី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល និងអបអរសាទរចំពោះ ជោគជ័យដ៏ធំធេងរបស់កម្ពុជា ក្នុងការគ្រប់គ្រងសេដ្ឋកិច្ច ដោយរក្សាបាននូវចីរភាពនៃកំណើនក្នុងរង្វង់៧% ក្នុងរយៈពេល២ទសវត្សរ៍កន្លងមកនេះ, ការគ្រប់គ្រងអតិផរណាឲ្យនៅទាប, ការគ្រប់គ្រងថវិកាបានរឹងមាំល្អ និងការគ្រប់គ្រង បំណុលប្រកបដោយចីរភាព ព្រមទាំងសម្រេចបាននូវគោលដៅអភិវឌ្ឍសហសវត្សមុនកាលកំណត់។

លោកបានជម្រាបថា ក្រោមក្របខ័ណ្ឌយុទ្ធសាស្ត្រភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជាឆ្នាំ ២០១៩-២០២៣, ADB នឹងបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជាលើកិច្ចអភិវឌ្ឍស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ និងផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ជាពិសេស គឺផ្តោតលើការវិនិយោគលើការបង្កើនទិន្នផលកសិកម្ម, ការតភ្ជាប់ទីជនបទ ទៅកាន់ទីប្រជុំជន, ការផ្គត់ផ្គង់អគ្គិសនីដោយប្រើប្រាស់ថាមពលកកើតឡើងវិញ, ការរៀបចំផែនការអភិវឌ្ឍន៍ទីក្រុង, ការអភិវឌ្ឍន៍វិស័យអប់រំកម្រិតទុតិយភូមិ, ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការធ្វើវិមជ្ឈការសេវាសាធារណៈ។

លោកបញ្ជាក់ថា ADB គាំទ្រដល់ដំណើការអភិវឌ្ឍន៍វិស័យធនធានមនុស្សរបស់រាជរដ្ឋាភិបាល, ការអភិវឌ្ឍន៍វិស័យថាមពលដើម្បី កំណើនសេដ្ឋកិច្ចខ្ពស់, បង្កើនចំណេះដឹងផ្នែកអភិវឌ្ឍន៍វិស័យឧស្សាហកម្ម, ការរៀបចំហិរញ្ញវត្ថុសាធារណៈប្រកបដោយបរិយាប័ន្ន។

អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានណែនាំឲ្យការរៀបចំក្របខ័ណ្ឌយុទ្ធសាស្ត្រភាពជាដៃគូ សម្រាប់អភិវឌ្ឍន៍កម្ពុជាឆ្នាំ ២០១៩-២០២៣ ដោយមានភាគីកម្ពុជាជាម្ចាស់ ក្នុងការដឹកនាំរៀបចំឱ្យយុទ្ធសាស្ត្រ ឆ្លើយតប ទៅនឹងតម្រូវការអភិវឌ្ឍន៍ជាក់ស្តែងរបស់កម្ពុជា ដូចជា(១) វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, (២) គោលដៅអភិវឌ្ឍន៍ប្រកបនិរន្តភាពរបស់កម្ពុជា, (៣) ការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម, (៤) កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ, (៥) ការពង្រឹងអភិបាលកិច្ច, និង (៦) សេដ្ឋកិច្ចឌីជីថល ជាដើម។

អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ក៏បានស្វាគមន៍ចំពោះសុភវិនិច្ឆ័យរបស់ ADB ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានស្តែងឡើងតាមរយៈការបង្ហាញជំហរច្បាស់លាស់ក្នុងការបន្តគាំទ្រ និងពង្រីក កិច្ចសហប្រតិបត្តិការនៅកម្ពុជាហើយ ADB នៅតែបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងដំណើរការអភិវឌ្ឍប្រទេសកម្ពុជា ក្នុងភាពជាដៃគូល្អ និងស្មើភាពគ្នា ។

ឆ្លៀតក្នុងដំណើរទស្សនកិច្ចនេះ, គណៈប្រតិភូ ADB ក៏បានជួបពិភាក្សាការងារជាមួយតំណាងស្ថាប័នផ្សេងៗ របស់រាជរដ្ឋាភិបាល និងតំណាងវិស័យឯកជន ព្រមទាំងចុះពិនិត្យផ្ទាល់គម្រោងមួយចំនួន ដែលហិរញ្ញប្បទានដោយ ADB ដូចជា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្តតំបន់ខ្ពង់រាប និងការគ្រប់គ្រងវិស័យធនធានទឹក, គម្រោងពង្រឹង វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ៕