(កំពង់ធំ)៖ លោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកស្ទោង លើកឡើងថា បន្ទាប់ពីប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ការងារអប់រំជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍន៍ប្រទេស។

ការលើកឡើងរបស់លោក ជា ចាន់តូ ធ្វើឡើងក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សាថ្មី១ខ្នង៦បន្ទប់ និងពិធីបញ្ចុះបឋសិលាកសាង អគារសិក្សាថ្មី១ខ្នងកម្ពស់២ ជាន់ស្មើ១២បន្ទប់បន្ថែម ដល់វិទ្យាល័យ ហ៊ុន សែន ចំណារលើ ដែលស្ថិតក្នុងឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។

លោក ជា ចាន់តូ ឲ្យដឹងថា ដើម្បីឲ្យការអប់រំមានភាពរឹងមាំ និងសមត្ថភាពគ្រប់គ្រាន់ ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ប្រកបដោយថាមពល និងចំណេះដឹងពិតប្រាកដអ្នកទាំងអស់គ្នា ត្រូវរួមគ្នាកសាងអគារសិក្សា ឲ្យគ្រប់ច្រកល្ហក់នៅទូទាំងប្រទេស ដើម្បីផ្ដល់ឲ្យធនធានដែលជាអ្នក បន្តវេនពិសេសកូនចៅប្រជាពលរដ្ឋ បានចូលរៀនគ្រប់ៗគ្នា។

លោកបន្ថែមថា ជាក់ស្ដែងសមិទ្ធផលក្នុងវិស័យអប់រំ ដែលសម្រេចជាបន្តបន្ទាប់នេះ បានស្ដែងចេញពីការខិតខំ និងការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងគោលបំណង
បង្ខិតសាលារៀនឲ្យនៅកាន់តែជិតនឹងសិស្សានុសិស្ស ដើម្បីឲ្យពួកគេកាន់តែងាយស្រួល និងមានឱកាសរៀនសូត្រដូចសិស្សផ្សេងៗទៀត។

លោកបន្ដថា សូមសិស្សានុសិស្សទាំងអស់ខិតខំរៀនសូត្រ ដើម្បីឲ្យក្លាយជាធនធានមនុស្ស ប្រកបដោយសមត្ថភាពសម្រាប់បន្តវេន និងរួមការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ឲ្យកាន់រីកចម្រើនថែមទៀត។

លោក ជា ចាន់តូ ក៏បានស្នើឲ្យពលរដ្ឋរួមសាមគ្គីគ្នា ថែរក្សាការពារសមិទ្ធផល ដែលបានកសាងឲ្យបានគង់វង្សបន្ថែមទៀត។ ជាមួយនេះត្រូវបន្តគាំទ្រគោលនយោបាយរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន បន្តទៀតដើម្បីភាពរីកចម្រើនរបស់សង្គមជាតិ និងនាំប្រទេសជាតិស្ថិ។

សូមបញ្ជាក់ថា អគារសិក្សាថ្មី១ខ្នង៦បន្ទប់ និងអគារសិក្សាថ្មី១ខ្នងកម្ពស់២ជាន់ស្មើ១២បន្ទប់ ដែលបញ្ចុះបឋមសិលាកសាង ដល់វិទ្យាល័យ ហ៊ុន សែន ចំណារលើនេះ ជាអំណោយដ៏សប្បុរសធ៌មរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ជូនតាមរយៈលោក ជា ចាន់តូ និងលោកស្រី៕