(ភ្នំពេញ)៖ សហព័ន្ធទេសចរណ៍កម្ពុជា និងសមាគមមេចុងភៅកម្ពុជា នឹងរៀបចំកម្មវិធីតាំងពិព័រណ៍បដិសណ្ឋារកិច្ច ម្ហូបអាហារ និងភេសជ្ជៈអន្តរជាតិ ANGKORFOOD + HOTEL 2019 ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលសន្និបាតសណ្ឋាគារសុខា ខេត្តសៀមរាប។ ការតាំងពិព័រណ៍ បដិសណ្ឋារកិច្ចនេះធ្វើឡើង ស្របតាមទិសដៅការអភិវឌ្ឍន៍ និងភាពរីកចម្រើន នៃវិស័យទេសចរណ៍ និងឧស្សាហកម្មបដិសណ្ឋារកិច្ចម្ហូបអាហារ។

ពិព័រណ៍អន្តរជាតិ ANGKORFOOD + HOTEL 2019 ក៏មានកម្មវិធីប្រកួតប្រជែងធ្វើម្ហូបកម្ពុជា ដែលត្រូវបានរៀបចំឡើងដោយសមាគមចុងភៅកម្ពុជា ដែលអ្នកទទួលជ័យលាភី នឹងតំណាងឱ្យប្រទេសកម្ពុជាក្នុងការប្រកួតប្រជែងធ្វើម្ហូបអន្តរជាតិ។ ការប្រកួតប្រជែងដ៏មានកិត្យានុភាព ដែលត្រូវបានឆ្លងកាត់ការវិនិច្ឆ័យដោយសហគមន៍មេចុងភៅពិភពលោក នឹងផ្តល់ជូនឱ្យចុងភៅដែលមានទេពកោសល្យជំនាន់ក្រោយរបស់កម្ពុជានូវឱកាសប្រកួតប្រជែងក្នុងកម្រិតខ្ពស់ និងទទួលបាននូវបទពិសោធន៍ជាច្រើនពីការប្រកួតប្រជែងនេះ។

កញ្ញា ខឿន រីនាថ ដែលជាប្រធានគម្រោងរបស់ក្រុមហ៊ុន AMB Tarsus Events Group បានមានប្រសាសន៍ថា ពិព័រណ៍អន្តរជាតិ ANGKORFOOD + HOTEL 2019 ត្រូវបានរំពឹងថា នឹងទាក់ទាញអ្នកចូលរួមទស្សនាជាង ៤,០០០នាក់ និងអ្នកតំណាងមកពីសណ្ឋាគារ ភោជនីយដ្ឋាន អ្នកផ្គត់ផ្គង់ និងផ្ដល់សេវាកម្មម្ហូបអាហារ អ្នកតំណាងមកពីហាងកាហ្វេ ក្លឹបរាត្រី ហាងចែកចាយ និងលក់រាយម្ហូបអាហារផងដែរ។

«ការតាំងពិព័រណ៍នេះ នឹងក្លាយជាឱកាសដ៏ល្អមួយសម្រាប់ឧស្សាហកម្មបដិសណ្ឋារកិច្ច និងម្ហូបអាហារនៅខេត្តសៀមរាប និងតំបន់ជុំវិញនោះរួមមាន ខេត្តបាត់ដំបង និងប៉ោយប៉ែត ដើម្បីទទួលបានពត៌មានថ្មីៗអំពីផលិតផល និងសំភារៈទំនើបសម្រាប់ផ្គត់ផ្គង់អាជីវកម្ម និងទទួលបានការធ្វើបច្ចុប្បន្នភាពលើនិន្នាការសេវាម្ហូបអាហារចុងក្រោយបំផុត។ លើសពីនេះទៅទៀត វេទិកាពិព័រណ៍នេះនឹងជាឱកាសមួយសម្រាប់អ្នកជំនួញគ្រប់រូបជួបផ្ទាល់ និងកសាងទំនាក់ទំនងជាមួយអ្នកជំនាញផងដែរ។ ការតាំងពិព័រណ៍ ក៏មានការប្រកួតឆុងកាហ្វេកម្ពុជា ការប្រកួតរចនាកាហ្វេ ឡាតេអាដ៍ជាដើម»។ នេះជាការបញ្ជាក់របស់កញ្ញា ខឿន រិនាថ។

កញ្ញា ខឿន រីនាថ បានបញ្ជាក់ថា ការតាំងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនេះ ក៏បានទាក់ទាញក្រុមហ៊ុនធំៗ ក្នុងឧស្សាហកម្មបដិសណ្ឋារកិច្ច និងម្ហូបអាហាររួមមាន៖ ក្រុមហ៊ុន LSH ក្រុមហ៊ុន GBS ក្រុមហ៊ុន Kofi ក្រុមហ៊ុន Indoguna ក្រុមហ៊ុន So Wat Coffee ក្រុមហ៊ុន Caffa Phnom Penh ក្រុមហ៊ុន KSLM Investment ក្រុមហ៊ុន Cambodian Chempro។

លើសពីនេះទៅទៀត ក៏មានក្រុមហ៊ុនមកពីបណ្ដាប្រទេសតំបន់អាស៊ីជាច្រើនដូចជា ប្រទេសចិន សិង្ហបុរី កូរ៉េ ជប៉ុន ថៃ តៃវ៉ាន់ អ៊ីតាលី និងម៉ាឡេស៊ី ដែលនឹងចូលរួម ហើយធ្វើអោយពិព័រណ៍ ANGKORFOOD + HOTEL 2019 ក្លាយជាព្រឹត្តិការណ៍អន្តរជាតិយ៉ាងពិតប្រាកដ។ កញ្ញា រីនាថ បានបន្ថែមថា «ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនេះ នឹងជាវេទិកាសម្រាប់ អ្នកនៅក្នុងវិស័យបដិសណ្ឋារកិច្ច និងអ្នកផ្គត់ផ្គង់ផលិតផលម្ហូបអាហារ ជួបជាមួយអ្នកទិញផ្ទាល់ និងអ្នកជំនួញធំៗនៅក្នុងវិស័យ ដែលកំពុងរីកចម្រើននៅក្នុងខេត្តសៀមរាបផងដែរ»។

ស្របគ្នាជាមួយនឹងពិព័រណ៍ ANGKORFOOD + HOTEL 2019 នេះ ក៏មានការរៀបចំឡើងនូវពិព័រណ៍ ANGKORCAFE 2019 ដែលនឹងមានការបង្ហាញម៉ាស៊ីនឆុងកាហ្វេទំនើបចុងក្រោយបង្អស់ និងផលិតផលផ្គត់ផ្គង់ទៅកាន់ហាងកាហ្វេ ដើម្បីឆ្លើយតបទៅនឹងទីផ្សារកាហ្វេ ដែលរីកលូតលាស់យ៉ាងឆាប់រហ័ស និងបំពេញតម្រូវការទីផ្សារប្រទេសកម្ពុជា។ លើសពីនេះ នឹងមានពិព័រណ៍មួយផ្សេងទៀតពិព័រណ៍ FOODTECANGKOR 2019 ដែលផ្ដោតសំខាន់ទៅលើឧបករណ៍សម្រាប់ការកែច្នៃ និងការវេចខ្ចប់ម្ហូបអាហារ រួមបញ្ចូលទាំង ឧបករណ៍ដុតនំ ឧបករណ៍កែច្នៃ និងវេចខ្ចប់ផ្លែឈើ និងភេសជ្ជៈ រួមទាំងគ្រឿងផ្គត់ផ្គង់ផ្សេងៗទៀត។

ពិព័រណ៍ ANGKORFOOD + HOTEL 2019 និងការតាំងពិព័រណ៍ផ្សេងទៀតនៅថ្ងៃតែមួយនេះ ត្រូវបានរៀបចំឡើងដោយ ក្រុមហ៊ុន AMB Tarsus Events Group ដែលជាអ្នករៀបចំពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិធំបំផុតមួយនៅក្នុងតំបន់រួមមាន ពិព័រណ៍ CamFood / CamHotel, ពិព័រណ៍ LaoFood, MyanFood / Hotel និង ពិព័រណ៍ DanangFood។

​ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ ANGKORFOOD + HOTEL 2019 ត្រូវបានគាំទ្រដោយសមាគមសំខាន់ៗ រួមមាន៖ សមាគមសណ្ឋាគារកម្ពុជា សមាគមភោជនីយដ្ឋានកម្ពុជា និងសមាគមចុងភៅកម្ពុជា។ ព្រឹត្តិការណ៍ពិព័រណ៍នេះ នឹងជាវេទិកាផ្តល់ឱកាស សម្រាប់អ្នកជំនួញក្នុងឧស្សាហកម្ម HORECA នៅក្នុងខេត្តសៀមរាប និងតំបន់ជុំវិញនោះ ដើម្បីទាញយកអត្ថប្រយោជន៍ចំណេះដឹងជាច្រើនពីការចូលរួម៕