(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី ហ៉ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតី ក្នុងពិធីកាត់វិញ្ញាសារប្រឡងវិញ្ញាបត្រពុទ្ធិសិក្សាទុតិយភូមិ នៅមណ្ឌលភ្នំពេញ និងមានការនិមន្តចូលរួម ពីសម្តេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេស បណ្ឌិត នន្ទ ង៉ែត សម្តេចព្រះអគ្គាធិការ សម្តេចព្រះរាជាគណៈ, ព្រះតេជគុណ ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា និងបេក្ខសមណនិងបេក្ខជនជាច្រើនអង្គ/នាក់ផងដែរ។

ការប្រឡងពុទ្ធិកមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបសាលាបាលី ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១-២៣ ខែកុម្ភៈ ឆ្នាំ២០១៩ ហើយការប្រឡងនៅឆ្នាំនេះ មានបេក្ខសមណៈ បេក្ខជន បេក្ខនារី សរុប៤១៥ អង្គ/នាក់ ស្មើនឹង១៧បន្ទប់ ដោយប្រព្រឹត្តទៅក្នុងមណ្ឌលតែ១ គឺនៅពុទ្ធិកវិទ្យាល័យ ព្រះសុរាម្រឹត ដែលស្ថិតនៅរាជធានីភ្នំពេញ។

ចំណែកវិញ្ញាសាវិញ មានដូចគ្នាទាំងអស់ ទៅនឹងការប្រឡង របស់សាលាចំណេះដឹងទូទៅ របស់គ្រហស្ថ ប៉ុន្តែបន្ថែមដោយមុខវិជ្ជា ផ្នែកសាសនា ដូចជាភាសាបាលី ភាសាសំស្ក្រឹត ព្រះវិន័យ និងព្រះ អភិធម្មជាដើម៕