(ភ្នំពេញ)៖ ផ្ទះចំនួន ១៤០ខ្នងដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងប្រគល់ជូនអតីតយុទ្ធជនកម្ពុជានៅក្នុងខេត្តបន្ទាយមានជ័យនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។

ផ្ទះទាំង១៤០ខ្នងនេះស្ថិតនៅក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ លោកទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានអញ្ជើញចុះទៅពិនិត្យដោយផ្ទាល់នូវផ្ទះទាំងអស់នោះ។

លោក គន់ គីម បានឲ្យដឹងថា ផ្ទះទាំងអស់នេះ គឺជាអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនដល់អតីតយុទ្ធជន ដែលកំពុងមានជីវភាពខ្វះខាត។ បើតាមលោក គន់ គីម ក្រៅពីការផ្តល់ផ្ទះសម្រាប់ការស្នាក់នៅហើយនោះ រាជរដ្ឋាភិបាលក៏ផ្តល់ដីជារបបគោលនយោបាយសម្រាប់ពួកគេបង្កបង្កើនផលផងដែរ។

លោកអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ជួសមុខឲ្យអតីតយុទ្ធជនកម្ពុជា បានគោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគម និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់អតីតយុទ្ធជន និងបានសាងសង់ផ្ទះជាបន្តបន្ទាប់ជូនដល់អតីតយុទ្ធជនកម្ពុជា៕