(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រកាសថា បន្ដគាំទ្រ និងការការពារជានិច្ច ហើយនូវតែបន្ដធ្វើជាដៃគូរដ៏ល្អ ចំពោះវិស័យឯកជនផ្នែកឧស្សាហកម្ម សំណង់ ដើម្បីអភិវឌ្ឍន៍សង្គមជាតិឲ្យមានការរីកចម្រើនទៅថ្ងៃអនាគត ខណៈសេដ្ឋកិច្ចកម្ពុជា កំពុងងើបឡើងយ៉ាងគំហុកនៅ ឆ្នាំ២០១៩នេះ។

លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះ កាលពីរសៀលថ្ងៃថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ ខណៈលោកអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរខួប៥ឆ្នាំ នៃការដាក់ឲ្យដំណើរ ការរោងចក្រ phnom penh precast plants ផ្នែកសំណង់ ផលិតបង្គោលភ្លើង លូ គ្រឹះបេតុង និងគ្រឿងសំណង់ជាច្រើនមុខទៀត ដែលមានទីតាំងស្ថិតនៅ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានថ្លែងការគាំទ្រ និងអបអរសាទរចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ phnom penh precast plants ក្នុងការបណ្ដាក់ ទុនវិនិយោគក្នុងទំហំទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ក្នុងវិស័យឧស្សាហកម្មសំណង់ និងការអភិវឌ្ឍន៍ផ្នែកសាធារណៈក៏ដូចជា ឯកជននៅរាជធានីភ្នំពេញ នៃព្រះណាចក្រកម្ពុជា ដែលជាផ្នែកមួយដ៏សំខាន់ សម្រាប់ការរួមចំណែកក្នុងភាពជាដៃគូរ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជនអស់រយៈពេល៥ឆ្នាំកន្លងមកនេះ។

លោកបន្តថា ការជួបជុំគ្នាពេលនេះ មិនត្រឹមតែជាសក្ខីភាពបញ្ជាក់ឲ្យឃើញនូវការចូលរួមអបអរសាទរខួប៥ឆ្នាំ នៃការដាក់ដំណើរការរោងចក្រ phnom penh precast plants និងគាំទ្រ ចំពោះការវិនិយោគរបស់ក្រុមហ៊ុនក្នុងស្រុក នៅរាជធានីភ្នំពេញ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានឆ្លុះបញ្ចាំងឱ្យឃើញនូវភាពជោគជ័យ នៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំទាំងការវិនិយោគទាំងក្នុង និងក្រៅប្រទេស ពិសេសគឺការខិតខំបង្កើននូវទំនុកចិត្តនិងជំនឿជឿជាក់ជូនដល់វិនិយោគិន ធុរជន ក្នុងវិស័យឧស្សាហកម្មសំណង់ ដែលកំពុងបោះជំហានទៅមុខយ៉ាងលឿន សមស្របទៅនឹងការកើនឡើង នូវចំណូលប្រចាំខែរបស់ប្រជាពលរដ្ឋម្នាក់ ម្នាក់សំដៅរួមចំណែកជំរុញឲ្យមានកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍រាជធានីភ្នំពេញឲ្យកាន់តែស៊ីវិល័យបន្ថែមទៀត។

លោក ឃួង ស្រេង បានបន្ដថា នាពេលបច្ចុប្បន្នប្រជាពលរដ្ឋខ្មែរទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានាទូទាំងប្រទេសកម្ពុជា បាននឹងកំពុងរីករាយទទួលនូវ មនុញ្ញផលនៃការអនុវត្តន៍ គោលនយោបាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ឈរលើមូលដ្ឋានសសរស្តម្ភទាំងបួននៃកំណើន រួមមាន វិស័យកសិកម្មឧស្សាហកម្មសំណង់និងទេសចរណ៍ ដែលជារបៀបវារៈ នៃការអភិវឌ្ឍនិងជំរុញឲ្យមានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំក្នុងរង្វង់ ៧% ព្រមទាំងសម្រេចបាននូវបង្គោលគោចរ ការក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបជាផ្លូវការនៅឆ្នាំ ២០១៥ នឹងត្រូវបានប្រសិទ្ធនាមថា ជាខ្លាសេដ្ឋកិច្ចនៅអាស៊ីនៅឆ្នាំ២០១៦ ព្រមទាំងកំពុងស្ថិតក្នុងគន្លងប្រែក្លាយទៅជាប្រទេសកំពុងអភិវឌ្ឍន៍មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ខាងមុខនេះ។

លោកបានបន្ដថា ជាការពិតណាស់សេដ្ឋកិច្ចកម្ពុជា នៅមានសក្កដានុពលរីកលូតលាស់ និងមានកាលានុវត្តភាពក្នុងការធ្វើពិពិធកម្មលើវិស័យជាច្រើន ដែលនេះអាចបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសកម្ពុជា ពេលបច្ចុប្បន្នមានសុខសន្តិភាពពេញបរិបូរណ៍ ដែលជាមូលដ្ឋានគ្រឹះក្នុងការជម្រុញឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យ និងមានលំនឹងម៉ាក្រូសេដ្ឋកិច្ចជាពិសេសមានកំណើនសេដ្ឋកិច្ចខ្ពស់ និងអតិផរណាទាប។

ជាក់ស្តែងនាពេលកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចទប់ស្កាត់ និងបញ្ជៀសបានយ៉ាងជោគជ័យនូវការប៉ុនប៉ង ធ្វើបដិវត្តពណ៌នៅកម្ពុជាដែលអាចបង្កឲ្យគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ និងបង្កើតសោកនាដកម្មដ៏ខ្មៅងងឹតមកលើប្រជាជាតិខ្មែរ ដូចពីអតីតកាលបញ្ចប់របបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានធ្វើឲ្យកម្ពុជា ជាមួយរក្សាការពារបាននូវស្ថិរភាពនយោបាយ ស្ថិរភាពសង្គមឯករាជ្យ អធិបតេយ្យភាពជាតិ និរន្តរភាព នៃស្ថាប័នជាតិ ការអនុវត្តច្បាប់ និងការការពារបានរដ្ឋធម្មនុញ្ញរបស់ខ្លួន ដោយឱកាសដល់ការអភិវឌ្ឍសេដ្ឋកិច្ច អាចធ្វើដំណើរទៅមុខជាធម្មតា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចក្នុងបរិការណ៍អតិផរណាទាប និងអត្រាប្ដូរប្រាក់មានស្ថិរភាព បានធ្វើឱ្យប្រជាជនកម្ពុជាគ្រប់ស្រទាប់នៅទូទាំងប្រទេស ទាំងមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងកម្មករនិយោជិត ក្នុងវិស័យឯកជនកាន់តែមានឱកាស ក្នុងការស្វែងរកការងារធ្វើព្រមទាំងបានបង្កើនប្រាក់ចំណូលបានកាន់តែប្រសើរ។

ក្នុងឱកាសនោះដែរលោក ឃួង ស្រេង និងប្រធាន phnom penh precast plants ក៏បានប្រគល់រង្វាន់លើកទឹកចិត្តដល់បុគ្គលិក ដែលបំរើក្នុងក្រុមហ៊ុននេះចំនួន៣០នាក់ផងដែរ ខណៈដែលពួកគាត់ បានបំពេញការងាររយៈពេល៥ឆ្នាំ ពោលគឺបំរើការងារចាប់តាំងពីកកើតក្រុមហ៊ុនតែម្តង៕