(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានចេញសេចក្តីណែនាំ ស្តីពីវិធានការការពារ ទប់ស្កាត់ភ្លើងឆេះព្រៃលិចទឹក និងព្រៃកោងកាង និងកិច្ចអន្តរាគមន៍សង្គ្រោះត្រី ក្នុងរដូវប្រាំងឆ្នាំ២០១៩។

សេចក្តីណែនាំរបស់ក្រសួងកសិកម្ម បានឲ្យដឹងថា យោងតាមសារាចរណែនាំ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ របស់រាជរដ្ឋាភិបាល ស្តីពីការចាត់វិធានការថែរក្សាទឹកទុក បានបង្ហាញថា នៅដើមឆ្នាំ២០១៩នេះ កម្ពុជានឹងទទួលរងនូវបាតុភូតអែលនីណូ (El Nino) ដែលនឹងបង្កឱ្យអាកាសធាតុនារដូវប្រាំងនេះ មានសភាពក្តៅហួតហែង សីតុណ្ហភាពអតិបរមា នៅពេលខ្លះអាចហក់ឡើងដល់ ៤០-៤២ °C។ ស្ថានភាពបែបនេះនឹងងាយបង្កឱ្យមានភ្លើងឆេះព្រៃលិចទឹក និងព្រៃកោងកាង ហើយតាមបណ្តាបឹងព្រែក អាចប្រឈមនឹងការគោក រឹងរាក់ ឡើងកំដៅ និងកង្វះអុកស៊ីសែនក្នុងទឹក សម្រាប់ត្រីដកដង្ហើម ជាហេតុបណ្តាលឱ្យត្រីពុលងាប់។

ដើម្បីបញ្ចៀសបាននូវបញ្ហា ដែលអាចកើតមានឡើងជាយថាហេតុ ក្នុងពេលដែលកម្ពុជា ទទួលរងនូវបាតុភូតដែលនីណូនោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមណែនាំដល់រដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ចាត់វិធានការការពារ ទប់ស្កាត់ភ្លើងឆេះព្រៃចក និងព្រៃកោងកាង និងជួយអន្តរាគមន៍សង្គ្រោះត្រី នៅកន្លែងអភិរក្យជាបន្ទាន់ដូចខាងក្រោម៖

១៖ ទប់ស្កាត់ និងបង្ការការកាប់ឆ្ការដុតរានព្រៃលិចទឹក ដើម្បីអភិវឌ្ឍន៍ដំណាំកសិកម្ម ការធ្វើកសិកម្មពនេចរ និងការតាំងទីលំនៅថ្មី ដោយវាទយកដីធ្វើជាកម្មសិទ្ធិមិនស្របច្បាប់។

២៖ ទប់ស្កាត់ការដុតព្រៃលិចទឹកដើម្បីចាប់សត្វ។

៣៖ ត្រូវរៀបចំជម្រកត្រីដោយប្រើកំផ្លោកចងព័ទ្ធ ដាក់នៅក្នុងអន្លង់ជ្រៅៗ ឬពងាយឱ្យបានច្រើនកន្លែងក្នុងកន្លែង អភិរក្សជលផល។

៤៖ ត្រៀមម៉ាស៊ីនបូមទឹកដើម្បីបូមទឹក ទៅលើបរិយាកាសឱ្យធ្លាក់នៅលើបន្ទះក្តារ ដើម្បីបង្កើនអុកស៊ីសែនក្នុងទឹក សម្រាប់ត្រីដកដង្ហើម នៅកន្លែងអភិរក្សជលផល។

៥៖ ត្រូវការពារឱ្យបានម៉ឺងម៉ាត់ នូវសកម្មភាពរបស់ប្រជាពលរដ្ឋ ចូលធ្វើនេសាទក្នុងកន្លែងអភិរក្សជលផល៕