(កំពង់ឆ្នាំង)៖ សមាគមអតីតសិស្ស-និសិ្សត នៅកម្ពុជា នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ បានចុះចែកសម្ភារសិក្សា ដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាសេដ្ឋី ស្ថិតនៅក្នុងឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ក្នុងឱកាសនោះ លោក មែ ស៊ីថុន ប្រធានសមាគម ក៏បានសន្យាផ្តល់កងចំនួន១២គ្រឿង ជូនដល់សិស្សក្រីក្រ សម្រាប់ធ្វើដំណើរទៅរៀនសូត្រផងដែរ។

លោក មែ ស៊ីថុន បានឲ្យដឹងថា ពាក់ព័ន្ធនឹងវិស័យអប់រំ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ គ្រប់បែបយ៉ាង ក្នុងគោលដៅលើកកម្ពស់ការយល់ដឹង ជាប្រទេសមានធនធានប្រកបដោយសក្តានុពល ព្រោះការសិក្សារៀនសូត្រ ជាកត្តាយ៉ាងសំខាន់សម្រាប់មនុស្ស ដើម្បីអភិវឌ្ឍន៍ខ្លួនក្លាយ ជាមនុស្សមានចំណេះដឹង និងចំណេះធ្វើ និងដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍន៍ជាតិ ការវិនិយោគលើខ្លួនឯង និងសង្គមគ្រួសាររបស់យើងផងដែរ។

ប្រធានសមាគមអតីតសិស្ស-និសិ្សត នៅកម្ពុជា បានបន្តថា ចំពោះការចុះចែកសម្ភារសិក្សានាពេលនេះ មានដូចជា៖ សៀវភៅ ប៊ិច ខ្មៅដៃ បន្ទាត់ ដែកខួង និងចាហួយ ព្រមទាំងជូនកាដូដល់លោកគ្រូ-អ្នកគ្រូ គឺជាការរួមគ្នាចែករំលែក សេចក្តីស្រលាញ់ដល់សង្គម និងជាការចែករំលែកនូវវប្បធម៌មួយដ៏ល្អបំផុត ដែលមនុស្សគ្រប់រូបគួរតែចូលរួមចែករំលែក និងធ្វើជាគំរូល្អ ដល់មនុស្សជំនាន់ក្រោយៗទៀត។

លោក មែ ស៊ីថុន បានបន្ថែមទៀតថា ក្រៅពីនេះ សមាគម ក៏បានសន្យាផ្តល់កង់ចំនួន១២គ្រឿង ជូនដល់សិស្សានុសិស្ស សម្រាប់ធ្វើដំណើរទៅរៀនសូត្រ ខណៈដែលគ្រួសារសិស្សទាំងនោះ មានជីវភាពក្រីក្រ និងពុំមានលទ្ធភាព ក្នុងការបន្តឲ្យកូនចៅទៅរៀនសូត្រ។

លោក ចាន់ ថា នាយកសាលាបឋមសិក្សាសេដ្ឋី បានលើកឡើងថា កុមារប្រៀបដូចជាក្រដាស់ស ដែលត្រូវការដុះខាត់ បង្ហាត់បង្រៀន ហាត់ពត់លត់ដុំ គឺចាប់តាំងពីពេលពួកគេចូលរៀនជាលើកដំបូង ជាក់ស្តែងសាលាបានយកចិត្តទុកយ៉ាងខ្លាំង ធ្វើយ៉ាងណាជំរុញឲ្យសិស្សានុសិស្សទាំងនោះ ទទួលបាននូវសីលធម៌ដែលជាជំហានដ៏សំខាន់។

លោកថា មុននឹងពួកគេទទួលបានចំណេះដឹង ជាក់ស្តែងសាលាតែងតែគិតគូរយកចិត្តទុកដាក់ ដល់សិស្សដែលពុំមានលទ្ធភាពមករៀនសូត្រ ដូច្នេះការផ្តល់ជាអំណោយរបស់សមាគម នឹងការសន្យាផ្តល់កង់ ជូនដល់សិស្ស ក្រីក្រនៅពេលនេះ គឺជាការចូលរួមចំណែកដ៏ធំធេង ក្នុងការជំរុញឲ្យសិស្សទាំងនោះ បានបន្តការរៀនសូត្រ ដូចសិស្សានុសិស្សដ៏ទៃទៀតផងដែរ។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៨ កន្លងមកនេះ រាជរដ្ឋាភិបាលបានចាត់ទុកវិស័យសង្គមកិច្ច គឺត្រូវបានចាត់ទុក ជាវិស័យអាទិភាពទី១៖ ដោយទទួលបានឥណទានថវិកាប្រមាណជាង ៧% នៃ ផ.ស.ស. មានកំណើន ប្រមាណ ២២% បើធៀបនឹងឆ្នាំ២០១៧។

ក្នុងនោះ ចំពោះវិស័យអប់រំ បើធៀបនឹងឆ្នាំ២០១៣ គឺបានចំណាយសរុប ទៅលើក្រសួងអប់រំ យុវជន និងកីឡា និងត្រូវបានបង្កើនជាងបីដង ក្នុងគោលដៅជំរុញឲ្យធនធានមនុស្សនៅកម្ពុជា ប្រកបទៅដោយសក្តានុពល៕