(ភ្នំពេញ)៖ រយៈពេលពីរបីថ្ងៃនេះ មានព័ត៌មានបែកធ្លាយមួយបានបង្ហាញនូវរូបភាព Poster មួយសន្លឹកថាជាកម្មសិទ្ធិរបស់ក្រុមហ៊ុន OPPO ដែលត្រូវបានលេចធ្លាយ តាមប្រព័ន្ធអ៊ីធើណែត ដោយក្នុងរូបភាពនោះ គឺបានបង្ហាញរូបរាងស្មាតហ្វូនជំនាន់ថ្មីមួយម៉ូឌែលទៀត ដែលមានឈ្មោះថា F11 Pro ដ៏ទាក់ទាញជាមួយអេក្រង់លាតសន្ធឹង គ្មានចន្លោះឆក ហើយមានភាពស្រដៀងគ្នាបន្តិចទៅនឹងម៉ូឌែល OPPO Find X អញ្ចឹងដែរ។

ចំណែកការរចនាកាមេរ៉ា នៅខ្នងខាងក្រោយវិញ គឺស្ថិតនៅចំជួរកណ្តាលតែម្តង ក្នុងរាងបញ្ឈរចុះក្រោម ជាមួយនឹងកាណុងកាមេរ៉ាភ្លោះ អមដោយ Flash LED នៅខាងលើថែមទៀតផង វាមើលទៅហាក់មានទ្រនាប់សេនស័រ ស្កេនម្រាមដៃ នៅខាងក្រោមកាមេរ៉ាដូច្នោះដែរ។ ជាពិសេស គឺថានៅក្នុងរូបភាព Poster នោះបានសរសេរបញ្ជាក់បន្ថែមទៀតថាទំហំកាមេរ៉ាខាងក្រោយខ្នងវានោះមានទំហំ 48 MP និងមានពាក្យស្លោកជា ភាសារអង់គ្លេសថា Brilliant portrait in low light ដែលមានន័យថា កាមេរ៉ាខាងក្រោយ នៃស្មាតហ្វូននេះ នឹងមានមួយគ្រាប់ទំហំ៤៨ មេហ្គាភិចសែល ដែលវាអាចនឹងប្រើប្រាស់សេនស័រ Samsung ISOCELL GM1 ឬ Sony IMX586 ជាដើម។

ស្របពេលជាមួយគ្នានោះដែរ ស្រាប់តែមានរូបភាពវីដេអូមួយបានលេចធ្លាយមកថ្មីថែមទៀតជាមួយការបង្ហាញតួខ្លូនបង្ហាញផ្នែកខ្នងខាងក្រោយ របស់ស្មាតហ្វូន OPPO ម៉ូឌែល F11 Pro ថ្មីហ្នឹងតែម្តងដែលមានពីរពណ៌ ដ៏ទាក់ភ្នែកអ្នកដែលបានមើលវីដេអូនេះ។ ដោយមានរូបភាព Poster និងវីដេអូសំអះសំអាង ដូចគ្នាបែបនេះ ទើបអ្នកប្រើប្រាស់ស្មាតហ្វូនមួយចំនួនធំបានសន្មត់ថាវាជា F11 Pro តែម្តង។

តាមរយៈរូបភាពដែលបានថតនេះ គឺបានបង្ហាញពីជម្រើសពណ៌លើ OPPO F11 Pro ចំនួន២ពណ៌ ជាប្រភេទ Gradient Color រួមមានពណ៌ខៀវ និងពណ៌ស្វាយលាយពណ៌ទឹកប៊ិច បន្តិចៗដែលមើលទៅស្រលះភ្នែកតែម្តង។ ដើម្បីឱ្យដឹងច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ​ ទាំងអស់គ្នា៖ (ដាក់រូបភាពវីដេអូ https://www.youtube.com/watch?v=vy17010v-pk)។

និយាយរួមទាំងអស់នេះ គ្រាន់តែជារូបភាពព័ត៌មានបែកលេចធ្លាយ ដែលបានបង្ហាញពីរចនាបថ និងរូបរាងពិត ព្រមទាំងជម្រើសពណ៌ លើទូរសព្ទ OPPO ម៉ូឌែល F11 Pro ថ្មីប៉ុណ្ណោះ ប៉ុន្តែយើងក៏មិនទាន់ហ៊ានសន្និដ្ឋាន និងកំណត់បានពិតប្រាកដបានទេ ថាវានឹងមានត្រឹមតែ២ពណ៌បែបនេះ ឬមានច្រើនលើសពីនេះទៀត និងមានរូបរាងបែបនេះពិតប្រាកដឬអត់ ព្រោះវាជាព័ត៌មានបែកធ្លាយដែលចែកចាយបន្តគ្នាប៉ុណ្ណោះ ដើម្បីអោយកាន់តែដឹងច្បាស់ មានតែរង់ចាំតាមដាន ការបង្ហាញខ្លួនជាផ្លូវការពីក្រុមហ៊ុន OPPO ប៉ុណ្ណោះ ទើបអាចជឿជាក់បាន៕