(ភ្នំពេញ)៖ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ក្នុងសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលការងាររបស់ កងកម្លាំងនគរបាលជាតិ ឆ្នាំ២០១៨ និងផ្សព្វ​ផ្សាយទិសរបស់ក្រសួងមហាផ្ទៃ ​នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានបង្ហាញនូវស្នាដៃធំនៃការងារ និងធានាសុវត្ថិភាពបានទាំងស្រុងរបស់កម្លាំងនគរបាល នៅឆ្នាំ២០១៨កន្លងទៅ។

នាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ និងវេទិកាជាតិ អន្តរជាតិ ដែលបានបំពេញក្នុងឆ្នាំ២០១៨ និងក្នុង​រយៈ​ពេលចុងក្រោយ ដែលមានសរុប​៨,២៣០លើក ជាពិសេស​ការបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៤ និងការ​បោះ​ឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦។

បន្ថែមពីនេះ រួមមាន កម្មវិធីអង្គរសង្ក្រាន្ត, ព្រះរាជពិធីបុណ្យអុំទូក សំពះ ព្រះខែអកអំបុក, ពិធីបុណ្យឯករាជ្យជាតិ ខួប៤០ឆ្នាំ ថ្ងៃកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍ មាតុភូមិកម្ពុជា០២ធ្នូ, ពិធីសម្ពោធ វិមាន​ឈ្នះឈ្នះ ខួប៤០ឆ្នាំថ្ងៃ០៧មករា, កម្មវិធីបុណ្យសមុទ្រ, ការរៀបចំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (​APPF), កិច្ចប្រជុំ​ក្រុម​ប្រឹក្សាវប្បធម៌អាស៊ី (ACC) និងគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ ដើម្បីអភិរក្ស និងអភិវឌ្ឍន៍តំបន់ប្រវត្តិ​សាស្រ្តអង្គរ (ICC-Angkor) ជាដើម ដែល​សុទ្ធតែបានរៀបចំ​ និងប្រព្រឹត្តទៅប្រកបដោយសន្តិសុខ សុវត្ថិភាព និង​ទទួល​ជោគជ័យទាំងស្រុង។

អគ្គស្នងការនគរបាលជាតិរូបនេះ បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលកន្លងមកនេះផងដែរ ​ស្នាដៃលេចធ្លោ ប្រកបដោយមោទនភាពនោះ គឺការទប់ស្កាត់ និងបង្ក្រាបទាន់ពេលវេលា នូវក្រុមប្រដាប់អាវុធខុសច្បាប់ដែលប៉ុន ប៉ងធ្វើសកម្មភាពផ្តួល រំលំ​រា​ជរដ្ឋាភិបាលស្របច្បាប់ ដោយធ្វើការចាប់ខ្លួនជនសង្ស័យ​១៣នាក់ និងរឹបអូសអាវុធ ចំនួន​៣០ដើម។​​

នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានកត់សម្គាល់ និងកោតសរសើរនូវកិច្ចប្រឹងប្រែងរឹត​បន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយបានធ្វើឲ្យ​គ្រោះថ្នាក់ចរាចរណ៍ បានធ្លាក់ចុះផងថែមទៀត។ គ្រោះថ្នាក់ចរាចរមានការថយចុះ ២៦៤លើក ស្មើ​៧% ក្នុងនោះជនរងគ្រោះស្លាប់ថយចុះ​១៩នាក់ ស្មើ​១% និងរបួសថយចុះ ៧៦៩នាក់ ស្មើ​១៤% ស្របពេលដែលកំណើនមនុស្សប្រមាណពី​៣០-៤០ម៉ឺននាក់ រីឯ​យានយន្តកើនឡើង​៣០,៨៧%។

ក្នុងពិធីបើកសន្និបាតនាព្រឹកមិញនេះ​ នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានលើកឡើងនូវទិសដៅ​សំខាន់មួយចំនួនទៀត ដែលជាទិសដៅរបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ឆ្នាំ២០១៩​។ ក្នុងចំណោមទិសដៅសំខាន់ៗ ដែលបានលើកឡើងនោះ រួមមាន ការផ្សព្វផ្សាយផែនការស្តីពីការបង្ការ ទប់ ស្កាត់ និងប្រឆាំងភេរវកម្ម, ​ការចង្អុលដឹកនាំដល់ផែនការសន្តិសុខ និងយុត្តិធម៌ ស្តីពីការរៀបចំនូវប្រព័ន្ធទិន្ន​ន័យបច្ចេកវិទ្យាផងដែរ៕