(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការជំរឿនទូទៅប្រជាជននៅខេត្តកំពត នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានដឹកនាំកិច្ចប្រជុំគណៈកម្មការ ជំរឿនទូទៅប្រជាជនខេត្តកំពត ឆ្នាំ២០១៩ ដែលរៀបចំធ្វើឡើងនៅសាលប្រជុំ សាលាខេត្តកំពត។ កិច្ចប្រជុំនេះ មានសមាជិកចូលរួមពីមន្ត្រីជំរឿនទូទៅប្រជាជនថ្នាក់ជាតិ លោក-លោកស្រី នៃបណ្ដាមន្ទីរអង្គភាពពាក់ព័ន្ធ និងអភិបាលក្រុង ស្រុក ក្នុងខេត្ត។

លោក មឿង គង្គា ប្រធានមន្ទីរផែនការខេត្ត និងជាសមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជំរឿនទូទៅប្រជាជននៅខេត្តកំពត បានឲ្យដឹងអំពីរបាយការណ៍វឌ្ឍនភាព ជំរឿនទូទៅប្រជាជនកម្ពុជា ឆ្នាំ២០១៩ នៅខេត្តកំពត ដោយត្រូវអនុវត្តទៅលើទាំង ៨ក្រុង ស្រុក ស្មើ៩៣ឃុំសង្កាត់ មាន៤៨៨ភូមិ មាន១,៤៨៩មណ្ឌលជំរឿន មន្ត្រីសម្ភាសន៍សរុប១,៤៨៩នាក់ មន្រ្ដីត្រួតពិនិត្យសរុប ៣៧២នាក់ និងមន្រ្តីបំរុងសរុប៣០នាក់។

លោកបន្ដថា ការជំរឿននេះ នឹងបើកយុទ្ធនាការធ្វើបច្ចុប្បន្នភាពផែនទី មណ្ឌលជំរឿន និងចុះបញ្ជីផ្ទះ ដោយចាប់អនុវត្តពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩ និងចាប់រាប់សម្ភាសន៍ ជំរឿនតាមគ្រួសារ ជាក់ស្ដែង នៅថ្ងៃទី០៣ ដល់ថ្ងៃទី១៣ ខែមីនា ប្រមូលបញ្ជីសំណួរថ្នាក់ឃុំ ស្រុកខេត្តធ្វើនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ នឹងត្រូវបញ្ជូនឯកសារបញ្ជីសំណួរ ទៅដល់វិទ្យាស្ថានជាតិស្ថិតិ នៅថ្ងៃទី១៦ ដល់ថ្ងៃ២០ ខែមីនា ឆ្នាំ២០១៩។

ក្នុងកិច្ចប្រជុំនេះ លោក ជាវ តាយ បានបញ្ជាក់ថា ការធ្វើជំរឿនទូទៅប្រជាជននៅកម្ពុជា គឺជាការងារដ៏ធំមួយ និងពិតជាមានសារៈប្រយោជន៍ របស់ប្រទេសជាតិ ដែលអាចឲ្យយើងដឹងបាន ពីទិន្នន័យប្រជាសាស្ត្រពិតប្រាកដ របស់ប្រទេស និងជួយឲ្យរដ្ឋាភិបាលអាចរៀបចំ តាក់តែងគោលនយោបាយបានត្រឹមត្រូវ និងអនុវត្តកម្មវិធីផ្សេងៗ ឲ្យទទួលបានតុល្យភាព នៃការអភិវឌ្ឍសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស។

ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានជំរុញដល់អាជ្ញាធរមូលដ្ឋាន និងមន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវចូលរួមយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ច សហការគ្នាដើម្បីឲ្យដំណើរការជំរឿនទូទៅប្រជាជននៅកម្ពុជា ឆ្នាំ២០១៩ ដោយឡែកសម្រាប់ក្នុងខេត្តកំពតប្រព្រឹត្តទៅបានរលូន និងទទួលបានជោគជ័យតាមសារអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អំពីការធ្វើជំរឿនទូទៅប្រជាជនកម្ពុជា ឆ្នាំ២០១៩នេះ៕