(ភ្នំពេញ)៖ លោក សុខ សុគន្ធ ហៅជេមសុខ អ្នកអត្ថាធិប្បាយបញ្ហាសង្គម និងនយោបាយរបស់កម្ពុជាដ៏ល្បាញល្បីមួយរូប បានលើកឡើងថា ប្រទេសជាសមាជិកអាស៊ានទាំងអស់ គ្មានប្រទេសណាមួយពឹងផ្អែកលើគុណតម្លៃប្រជាធិបតេយ្យទៅកសាងប្រទេសរបស់ពួកគេឲ្យរីកចម្រើននោះឡើយ។ ក្នុងន័យនេះអ្នកអធិប្បាយកំពុងរស់នៅលើដីអាមេរិករូបនេះ បានប្រាប់ដល់អ្នកនយោបាយក្រៅរដ្ឋាភិបាលទាំងអស់មិនត្រូវលើកយកតែបញ្ហាប្រជាធិបតេយ្យនេះទៅពង្វក់ប្រជាពលរដ្ឋខ្មែរនោះឡើយ។

លោក សុខ សុគន្ធ បានស្នើឲ្យក្រុមអ្នកនយោបាយប្រឆាំងចេះលើកបង្ហាញនូវហេតុផលផ្សេងៗក្នុងការជំរុញសេដ្ឋកិច្ចជាតិឲ្យបានល្អប្រសើរ កុំចេះតែនិយាយញុះញង់ប្រជាពលរដ្ឋឲ្យគិតតែបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យជាដើមនោះ។

លោក សុគន្ធ បានលើកឡើងថា បញ្ហាប្រជាធិបតេយ្យនេះបើគ្រប់គ្រងវាមិនបានល្អទេ វានឹងក្លាយទៅជាបញ្ហាអាណាធិបតេយ្យ។

ក្នុងវីដេអូអត្ថាធិប្បាយដែលផ្សាយផ្ទាល់តាមទំព័រ Facebook អ្នកអត្ថាធិប្បាយបញ្ហាសង្គម និងនយោបាយនៅនាយសមុទ្ររូបនេះ ក៏បានរិះគន់ផងដែរទៅក្រុមអ្នកនយោបាយប្រឆាំងដែលជាថ្នាក់ដឹកនាំ និងអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិថា ប្រជាធិបតេយ្យគឺមានតែលើបបូរមាត់ប៉ុណ្ណោះ ប៉ុន្តែចិត្តគំនិតរបស់ពួកគេមិនមានប្រជាធិបតេយ្យនោះឡើយ។ មូលហេតុដែលនាំឲ្យលោកឡើងបែបនេះ ក៏ព្រោះតែក្រុមបក្សប្រឆាំងនោះមិនដែលទទួលយកគំនិតរិះគន់នោះឡើយ ហើយតែងតែជេរប្រមាថគេថែមទៀតផង។

សូមស្តាប់ការលើកឡើងពីបញ្ហាប្រជាធិបតេយ្យ និងការកសាងប្រទេសរបស់លោក សុខ សុគន្ធ៖