(ភ្នំពេញ)៖ គណៈកម្មាធិការនារីអន្ដរជាតិដើម្បីសន្ដិភាព ហៅកាត់ថា IWPG បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាហើយ នៅយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ដើម្បីបំពេញទស្សនកិច្ចលើកទី៣០របស់ ស្វែងយល់ពីកត្ដាសន្ដិភាពនៅកម្ពុជា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃ​​ទី២១-២២ ខែកុម្ភៈ ឆ្នាំ២០១៩​។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន មុនពេលគណៈប្រតិភូដែលដឹកនាំដោយ លោក Man Hee Lee មកដល់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ លោកស្រី ហូយ សុជីវណ្ណី តំណាង IWPG នៅកម្ពុជា បានឲ្យដឹងថា មុនឈានដល់ទស្សនកិច្ច​ គណៈកម្មាធិការអន្ដរជាតិដើម្បីសន្ដិភាព ក៏នឹងរៀបចំកិច្ចប្រជុំកំពូល ស្ដីពីសន្ដិភាព នៃគណៈកម្មាធិការនារីអន្ដរជាតិ ដើម្បីសន្ដិភាព ក្រោមប្រធានបទ «សុខុដុមរមនីយ ការទំនាក់ទំនង និងសន្ដិភាព របស់ស្ដ្រីចំនួន៣កោដ្ឋ៧លាននាក់ នៅទូទាំងពិភពលោក»

កិច្ចប្រជុំកំពូលនេះ មានការចូលរួមពីស្ដ្រីដែលជាថ្នាក់ដឹកនាំ តាមស្ថាប័នរដ្ឋាភិបាល ពីស្ថាប័នឯកជន សង្គមស៊ីវិល ស្ដ្រីដឹកនាំពីសហគមន៍ សាស្ដ្រាចារ្យស្ដ្រី និងអ្នកគ្រូ សិស្សស្រី ពីសាកលវិទ្យាល័យ សរុបប្រមាណ១,០០០នាក់ផងដែរ។

តំណាង IWPG នៅកម្ពុជា បានបន្ថែមថា តាមរយៈនៃទស្សកិច្ចពីសន្តិភាពមកកម្ពុជា ពីសំណាក់គណ:កម្មាធិការនារីអន្តរជាតិដើម្បីសន្តិភាព នឹង​រៀបចំបណ្តាញស្ត្រី និងពង្រឹងការសហការរបស់ស្ត្រី និងបង្ហាញពីស្ដ្រី និងការអប់រំសន្តិភាព និងបានពិភាក្សាពីតួនាទីរបស់ស្ត្រី ក្នុង​ការទទួលការយល់ដឹងពីសន្តិភាពពិភពលោក និងស្វែងរកមធ្យោបាយទាំងឡាយណា ដើម្បីអនុវត្តកិច្ចការនេះជាមួយការផ្តល់នូវវេទិការួមគ្នា ពីគ្រប់ស្ត្រីនៅទូទាំងកម្ពុជា។

លោកស្រីបានអះអាងថា គណៈកម្មាធិការនារីអន្តរជាតិ ដើម្បីសន្តិភាព (IWPG) បានបង្កើតឡើងនៅឆ្នាំ២០១៣ ជាអង្គការមិនមែនរដ្ឋាភិបាល អង្គការមិនរក​កម្រៃ និងបានចុះឈ្មោះផ្លូវការនៅអង្គការសហប្រជាតិ UNDP និងជាមួយ UNECOSOC ក៏ដូចការចុះឈ្មោះជាមួយក្រសួង សមភាពយេនឌ័រ និងគ្រួសារនៃប្រទេសកូរ៉េ។ ​ស្នាក់ការកណ្តាលរបស់ IWPG នៅទីក្រុងសេអ៊ូល សាធារណៈរដ្ឋកូរ៉េ។

គណៈកម្មាធិការនារីអន្តរជាតិដើម្បីសន្តិភាព ​ជាអង្គការបង្កើតឡើងដោយគណៈកម្មាការស្ត្រី ដែលធ្វើការដោយស្ម័គ្រចិត្ត​ ជួយដល់ការពង្រឹងអំណាចរបស់ស្ត្រី លើផ្នែកសមភាពយេនឌ័រ សិទ្ធិរបស់ស្រ្តី និងដើម្បីសន្តិភាពពិភពលោក រួមទាំងការ​បញ្ឈប់សង្គ្រាម។ ស្ត្រីមួយចំនួនកំពុងធ្វើការ ដោយ​ពុះពារយ៉ាងខ្លាំង ជាមួយជាតិសាសន៍ ជាតិពន្ធ សញ្ជាតិ វប្បធ៌ម និង​សាសនា ដែលទាំងអស់គ្នារួមគ្នាតែមួយ ជាមួយ​ IWPG ដើម្បីសន្តិភាព។

រហូតមកដល់ពេលនេះ គណៈ​កម្មាធិការនារីអន្តរជាតិដើម្បីសន្តិភាព (IWPG) កំពុងធ្វើការជាមួយសាខា និងអង្គការសមាជិក នៅជុំវិញពិភពលោក តាមរយៈសមាជិកភាពជាបណ្តាញ និងសាខាចំនួន១០០ មានសមាជិកអង្គការពីស្ថាប័នជាតិ ឯកជនជាសមាជិក ចំនួន២៤៥​នៅទូទាំង​ពិភពលោក ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ៕