(កំពង់ចាម)៖ ​ក្រោយពីទទួលបានព័ត៌មាន​ពីប្រជាពលរដ្ឋ អំពីបទល្មើសនេសាទខុសច្បាប់ កម្លាំងនគរបាលខេត្ដកំពង់ចាម បានចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់​ (ឧបករណ៍ឆក់)​ មួយករណី នៅចំណុចក៏ស្តួច ស្ថិតក្នុងភូមិឥន្ទេល​ ឃុំកៀនជ្រៃ​ ស្រុកកំពង់សៀម នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩។​

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា ក្រោយទទួលបានព័ត៌មាន លោក​បានបញ្ជាអធិការនគរបាលស្រុកកំពង់សៀម សហការជាមួយ​ ប៉ុស្តិ៍នគរបាលរដ្ឋបាលកៀនជ្រៃ ដឹកនាំដោយ​អធិការ​នគរបាលស្រុកកំពង់សៀម​ ដោយមានការចង្អុលបង្ហាញពីលោក​ ប៊ិន​ ឡាដា​ អភិបាល​ស្រុក​ បានចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់​ (ឧបករណ៍ឆក់)​ នៅចំណុចក៏ស្តួច ស្ថិតក្នុងភូមិឥន្ទេល​ ឃុំកៀនជ្រៃ​ ស្រុកកំពង់សៀម។

បើតាមលោកស្នងការ ជាលទ្ធផល​នៃប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបាន ទូក​ចំនួន​​​០១​គ្រឿង, ម៉ាស៊ីន​ ចំនួន​​០១​​គ្រឿង, អាគុយ​ ចំនួន​​០៣​, អួន​ឆក់ត្រី​ ចំនួន​​០១​​វង់ និងកូនត្រីចម្រុះ​ ចំនួន​​៣០​គីឡូក្រាម។ ប៉ុន្ដែក្នុងនោះ ជនសង្ស័យចំនួន​​០៥នាក់​ទៀត​ បានរត់គេចខ្លួនបាត់ ដោយទី១៖ ឈ្មោះ​ ឃឿង​ រី​ ​អាយុ​​៤៦ឆ្នាំ​ មានទីលំនៅភូមិឥន្ទេល​ ឃុំកៀនជ្រៃ​ ស្រុកកំពង់សៀម, ទី២៖​ឈ្មោះ​ បុល​ ​អាយុ​​៤៣ឆ្នាំ​ មានទីលំនៅភូមិព្រែកយួន​ ឃុំកៀនជ្រៃ​ ស្រុកកំពង់សៀម ចំណែកឯជនសង្ស័យ​​០៣នាក់ទៀត​ មិនស្គាល់អត្តសញ្ញាណ​។

ចំពោះសម្ភារវត្ថុតាង​ដោយមានការឯកភាពពី លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម សមត្ថកិច្ច​បានយកមករក្សាទុកនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលកៀនជ្រៃ បណ្តោះអាសន្ន​​ដើម្បីធ្វើការស្រាវជ្រាវ​ កសាងឯកសារ​ និងសំណុំរឿងតាមនីតិវិធី៕