(កំពង់ចាម)៖ ទោះបីបាត់បង់នូវសម្បត្តិវប្បធម៌អស់មួយចំនួនក៏ពិតមែន ប៉ុន្តែភ្នំប្រុសភ្នំស្រីក៏នៅតែជារមណីយដ្ឋានទេសចរណ៍វប្បធម៌ពីរនៅទន្ទឹមគ្នា ដែលបន្សល់ទុកនូវសម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រជាច្រើនទៀត សម្រាប់ឱ្យភ្ញៀវទេសចរជាតិ-អន្តរជាតិចូលទៅទស្សនា និងរីករាយកម្សាន្តជាមួយសម្រស់ទេសភាពធម្មជាតិនៅជុំវិញភ្នំទាំងពីរ អមដោយខ្យល់អាកាសបរិសុទ្ធ ក្រោមម្លប់ឈើត្រឈៃ។

រមណីយដ្ឋានទេសចរណ៍វប្បធម៌ភ្នំប្រុសភ្នំស្រី មានទីតាំងស្ថិតនៅភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលមានប្រវត្តិទាក់ទងនឹងទំនៀមទម្លាប់ «ស្រីចូលដណ្ដឹងប្រុស» និងប្ដូរមក «ប្រុសចូលដណ្ដឹងស្រី» វិញ។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម លោក ស៊ាន សុគន្ធ បានឱ្យដឹងថា រមណីយដ្ឋានភ្នំប្រុសភ្នំស្រីនេះ ក៏ជារមណីយដ្ឋានទាក់ទាញខ្លាំងក្លាមួយដែរ ក្នុងចំណោមរមណីយដ្ឋានដទៃទៀតនៅក្នុងខេត្តកំពង់ចាម។ ក្រៅពីវត្តអារាម សំណង់ប្រាសាទ ចេតិយដ៏ខ្ពស់ស្កឹមស្កៃ ព្រះពុទ្ធបដិមា ទីកន្លែងសក្ការបូជាផ្សេងៗ និងកន្លែងស្លាកស្នាមប្រល័យពូជសាសន៍ កាលពីសម័យខ្មែរក្រហម នៅទីនេះក៏មានសត្វស្វាជាច្រើនក្បាលផងដែរ ដែលអាចឱ្យភ្ញៀវទេសចរទស្សនា ឬឱ្យចំណីបាន។

អាជីវករដែលលក់ដូរនៅភ្នំប្រុស បានឱ្យដឹងថា ក្រៅពីលក់នំចំណី ភេសជ្ជៈសម្រាប់ភ្ញៀវទេសចរ គាត់ក៏មានលក់សណ្ដែកដី ចេក អំពៅជាដើម ដែលភ្ញៀវទេសចរអាចទិញឱ្យចំណីស្វាផងដែរ ហើយបើតាមអាជីវដដែលនេះ ស្វានៅភ្នំប្រុសមានរហូតដល់ជិត ១០០ក្បាល ឯណោះ។

លោកតា លី ដែលជាចាស់ទុំម្នាក់នៅក្នុងគណៈកម្មការវត្តសុវណ្ណគិរីរតនៈភ្នំប្រុស បានរៀបរាប់ឱ្យដឹងថា នៅលើភ្នំប្រុសនេះមានប្រាសាទមួយ និងនៅលើភ្នំស្រីក៏មានប្រាសាទមួយទៀតដែរ ដែលកសាងឡើងក្នុងពេលដំណាលគ្នា តាំងពីសម័យអាណានិគមបារាំង ហើយនៅលើភ្នំប្រុសនេះទៀតសោត មានចេតិយដ៏ខ្ពស់ស្កឹមស្កៃមួយ ដែលពីដើមឡើយមានកំពូលព្រហ្មមុខបួនធ្វើអំពីស្ពាន់ និងមានដាំត្បូងភ្លឹបភ្លែតយ៉ាងភ្លឺចញ្ចែងទៀតផង ប៉ុន្តែដោយសារនៅសម័យខ្មែរក្រហម ចេតិយនេះត្រូវបានគេបំផ្ទុះគ្រាប់បែកផ្តួលរំលំខ្ទេចខ្ទី ដើម្បីយកកំណប់ដែលបានតម្កល់ទុកតាំងពីជំនាន់បារាំងនោះ។ លុះដល់សម័យមានសន្តិភាពក្រោយមក ទើបចេតិយថ្មីនេះត្រូវបានកសាងសាជាថ្មីឡើងវិញ។

មានចម្ងាយពីភ្នំប្រុសប្រមាណ ៣០០ម៉ែត្រ ភ្នំស្រីក៏បានទាក់ទាញភ្ញៀវទេសចរឱ្យឡើងទៅទស្សនារៀងរាល់ថ្ងៃផងដែរ ជណ្ដើរឡើងភ្នំស្រីមានចំនួន ២១៧កាំ បើគិតជាកម្ពស់ភ្នំមានចំនួន ១១៤ម៉ែត្រ ប៉ុន្តែថ្វីដ្បិតប្រឹងឡើងរាងតឹងជើងបន្តិចក៏ពិតមែន ទេសភាពធម្មជាតិ ម្លប់ដើមឈើ និងខ្យល់អាកាសស្រស់ស្រាយនៅទីនោះ ក៏នៅតែលើកទឹកចិត្តភ្ញៀវទេសចរឱ្យជម្នះ ប្រឹងឡើងទាល់តែដល់កំពូលភ្នំ ហើយបន្តរីករាយជាមួយទេសភាពនៅជុំវិញនោះថែមទៀត។

បើតាមការបញ្ជាក់របស់លោក ស៊ាន សុគន្ធ នៅក្នុងឆ្នាំ២០១៩នេះ មន្ទីរទេសចរណ៍ខេត្តកំពង់ចាម នឹងរៀបចំរមណីយដ្ឋានទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រភ្នំប្រុសភ្នំស្រី ឱ្យកាន់តែមានភាពទាក់ទាញបន្ថែមទៀត ដើម្បីត្រៀមចូលរួមប្រឡងប្រណាំងក្នុង «ចលនាទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ» នៅកម្រិតថ្នាក់ជាតិ៕