(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានប្រាប់ដោយផ្ទាល់មាត់ទៅ លោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល​ឲ្យ ព្រមានទៅស្នងការរងខេត្តកណ្ដាលលោក ​អ៊ុល ប៊ុនណា ដែលបានយករថយន្ដពន្លត់អគ្គិភ័យ ទៅប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួន ដោយ​ដឹកទឹកទៅលាយស៊ីម៉ង់ត៍ជូនសាច់ញាតិ នៅមូលដ្ឋានស្រុកស្អាង ខេត្តកណ្តាល។

លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា អគ្គស្នងការនគរបាលជាតិ បានដាក់បញ្ជាមកលោកនៅក្នុងកិច្ចប្រជុំ ដោយឲ្យព្រមានផ្ទាល់មាត់ទៅស្នងការរងទទួលផែនបង្ការ និងពន្លត់អគ្គិភ័យ លោក​ អ៊ុល ប៊ុនណា ជុំវិញការយករថយន្ដរបស់អង្គភាពទៅប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួន ហើយប្រសិនបើ មានលើកក្រោយ នឹងត្រូវដាក់ពិន័យរបស់កងកម្លាំង។

លោកឧត្តមសេនីយ៍ អ៊ាវ ចំរើន បានបញ្ជាក់យ៉ាងដូច្នេះថា «ឯកឧត្តម អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាខ្ញុំ ដោយឲ្យព្រមានដោយផ្ទាល់មាត់​ទៅស្នងការរងម្នាក់​នៅក្នុងកិច្ចប្រជុំ ពាក់ព័ន្ធករណីរថយន្ដពន្លត់អគ្គិភ័យទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាត និងជាប្រយោជន៍ផ្ទាល់ខ្លួន ហើយបើសិនមានលើកក្រោយទៀត នឹងអនុវត្តវិន័យរបស់កងកម្លាំងនគរបាលជាតិ»

សូមជម្រាបថា ពាក់ព័ន្ធករណីនេះ នាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានបញ្ជាឲ្យការិយាល័យជំនាញ តាមបណ្ដាស្នងការដ្ឋានរាជធានី-ខេត្តទាំងអស់ ត្រូវបិទស្ទីកគ័រឈ្មោះខេត្ត (ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត...) នៅលើរថយន្ដរបស់អង្គភាពរៀងៗខ្លួន ចៀសវាងមានការភ័ន្តច្រឡំពីសាធារណជន ក្រោយស្នងការរងខេត្តកណ្ដាលម្នាក់ បានយករថយន្ដពន្លត់អគ្គិភ័យទៅប្រើប្រាស់ផ្ទាល់ខ្លួន ដែលនាំឲ្យផ្ទុះការរិះគន់ពីមហាជន។

លោកឧត្តមសេនីយ៍ទោ នេត វន្ថា ប្រធាននាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យ ​នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានបញ្ជាក់យ៉ាងដូច្នេះថា «​លោកស្នងការរងទទួលផែន និងលោកនាយការិយាល័យ គ្រប់រាជធានី ខេត្ត ក្រុង ដែលមានរថយន្តពន្លត់អគ្គិភ័យ​កំពុងគ្រប់គ្រងដោយអង្គភាពខ្លួន ត្រូវកាត់បិតស្ទីកគ័រ (ស្នងការដ្ឋាននគរបាលខេត្ត...) បន្ថែមចំណុចសមស្របណាមួយលើ រថយន្តរបស់អង្គភាពខ្លួន។ ជៀសវាងសាធារណៈយល់ថា ជារបស់នាយកដ្ឋាន នៃក្រសួងមហាផ្ទៃ។ នាយកដ្ឋានគាំទ្រដល់ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ក្រុង មួយចំនួនបានរៀបចំល្អហើយ»​។

មន្រ្តីនគរបាលខេត្តកណ្តាល បានបញ្ជាក់ថា ក្រោយពីសួរនាំមន្ត្រីទើបដឹងថា ឡានទឹកទាំងពីរគ្រឿងនោះ មានគេពឹងពាក់លោក អ៊ុល ប៊ុនណា ជាស្នងការរងទទួលបន្ទុកផ្នែករថយន្ត​ពន្លត់អគ្គីភ័យ ពេលនោះលោកស្នងការរង បានបញ្ជាទៅលោក តោ សឿន ជាប្រធានការិយាល័យបង្ការ និងពន្លត់អគ្គិភ័យតែម្តង។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ មានការរិះគន់ចំពោះសកម្មភាពរបស់មន្រ្តីនគរបាល ដែលបានយករថយន្តពន្លត់ អគ្គីភ័យពីរគ្រឿងដឹកទឹកទៅលាយស៊ីម៉ង់ត៍ ដើម្បីធ្វើសំណង់ ខណៈក្រោយមកនោះ ក៏មានគ្រោះអគ្គិភ័យមួយបានកើតឡើង នៅក្នុងឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋមួយខ្នង ឆេះនៅសល់តែផេះផង់មិនអាចជួយបាន៕