(ភ្នំពេញ​)៖ នៅថ្ងៃ​ទី២១​ ខែកុម្ភៈ​ ឆ្នាំ​២០១៩ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ឧបនាយករដ្ឋមន្ត្រី​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ បានដឹកនាំអង្គសិក្ខាសាលាស្តីពីការព្យាបាល​ និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន​ ដែលមានសមាសភាពចូលរួម មកពីគណៈកម្មាធិការ​ លេខាធិការដ្ឋាន​ នៃទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន​ ក្រុមការងារដឹកនាំត្រួតពិនិត្យ​ ដើម្បីចុះពង្រឹងការងារពិនិត្យ និងព្យាបាលអ្នកញៀនគ្រឿងញៀន ក្រសួងសុខាភិបាល​​​​​​​​ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍​​​​​​ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា​ អគ្គលេខាធិការដ្ឋាននៃ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត​ទាំង២៥​ UNAIDS, WHO, UNODC​ អង្គការ​ដៃគូ​​ តំណាងភាគីថៃ​​​​ វៀតណាម​ និងអង្គភាពជំនាញ​ពាក់ព័ន្ធ​ចំនួនសរុប២៤០នាក់​ នៅទីស្តីការក្រសួងសុខាភិបាល​ជាន់ទី៦​។

លោក ម៉ម​ ប៊ុនហេង​ រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​ បានថ្លែងថា​ ជារៀងរាល់ឆ្នាំចំនួនអ្នកញៀនគ្រឿងញៀនដែលទទួលការព្យាបាលមានចំនួនកើនឡើងជានិច្ច។ ជាពិសេសក្នុងឆ្នាំ២០១៨ មានការកើនឡើងនៃអ្នកញៀនគ្រឿងញៀន ដែលមកទទួលការព្យាបាលនៅតាមសេវាសុខាភិបាលសាធារណៈ មានការកើនឡើងប្រមាណ៧០% បើប្រៀបធៀបនឹងឆ្នាំ២០១៧ រីឯចំនួនអ្នកញៀនគ្រឿងញៀនដែលបានទទួលការព្យាបាល និងស្តារនីតិសម្បទាក្នុងមណ្ឌលបណ្តោះអាសន្ន ក៏មានការកើនឡើងផងដែរ។ សមិទ្ធផលនៃការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដែលនឹងត្រួវបានបង្ហាញនាពេលបន្តិចទៀតនេះ មិនមែនទទួលបានដោយចៃដន្យទេ គឺអាស្រ័យដោយការខិតខំប្រឹងប្រែងរួមគ្នា រវាងស្ថាប័ន អង្គភាពពាក់ព័ន្ធ និងមានការចូលរួមចំណែកគាំទ្រពីសំណាក់ដៃគូ និងប្រទេសជាមិត្តផងដែរ។

ក្នុងឱកាសនោះ​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ដែលសម្ដេចទាំងទ្វេរតែងតែបានដឹកនាំចង្អុលបង្ហាញគាំទ្រ និងធ្វើសកម្មភាពដោយផ្ទាល់ ក្នុងការដោះស្រាយបញ្ហាគ្រឿងញៀន​ជួយកាត់ បន្ថយការលំបាករបស់ ជនរងគ្រោះដោយសារគ្រឿងញៀន ទាំងនៅតាម មណ្ឌលបណ្ដោះអាសន្ន និងសហគមន៍​មូលដ្ឋាន​ និងសម្ដេចព្រះសង្ឃរាជទាំងពីរគណៈ និងសម្ដេចព្រះសង្ឃ​គ្រប់ព្រះអង្គតាមឋានានុក្រម មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត សិល្បៈករ កីឡាករ សប្បុរសជន ប្រជាពលរដ្ឋ និងអង្គការដែលជាដៃគូជាតិ និងអន្តរជាតិ ដែលបានធ្វើសកម្មភាពគាំទ្រដល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ទាំងការងារទប់ស្កាត់ បង្រ្កាប អប់រំ ព្យាបាលស្ដារនីតិសម្បទា និងសមាហរណកម្មអ្នកញៀនគ្រឿងញៀន។

ក្នុងឱកាសនេះ​ដែរ​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានថ្លែងកោតសរសើ និងវាយតម្លៃខ្ពស់​ ព្រមទាំង​ថ្លែង​អំណរគុណ ចំពោះការខិតខំប្រឹងប្រែងប្រកបដោយការទទួលខុសត្រូវ​ របស់អាជ្ញា​ធរគ្រប់លំដាប់ថ្នាក់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ពិសេសការខិតខំប្រឹងប្រែងដឹកនាំរបស់គណៈកម្មាធិការជាតិ​ទទួលបន្ទុក​ការងារព្យាបាល និងស្ដារនីតិសម្បទា ដែលមាន​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាលជាប្រធាន​​ និងតំណាងក្រសួង ស្ថាប័ន និងរាជធានី-ខេត្ត​ទាំង​២៥​ ជាសមាជិក សមាជិកា ធ្វើឱ្យការងារព្យាបាល និង​ស្ដារនីតិ​សម្បទា​អ្នកញៀនគ្រឿងញៀន ទទួលបានលទ្ធផលគួរឱ្យ​កត់​សម្គាល់ ក្នុងរយៈ​ជាង១ឆ្នាំ ចុងក្រោយនេះ។

ជាមួយគ្នានេះ​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានឲ្យអង្គសិក្ខាសាលាទាំងមូលទាញការចាប់អារម្មណ៍ និងពិភាក្សាទៅលើចំណុចសំខាន់ៗ​មួយចំនួន​រូមមាន៖

*ទី១៖ ត្រូវធ្វើបច្ចុប្បន្នភាពចំពោះផលប៉ះពាល់គ្រឿងញៀនឲ្យបានច្បាស់លាស់ ដើម្បីឲ្យមានទិន្នន័យមួយអាចទទួលស្គាល់បាន
*ទី២៖ ពង្រឹង​គុណភាពប្រសិទ្ធភាពនៃសេវាព្យាបាលទាំងមណ្ឌលបណ្តោះអាសន្នរដ្ឋ​-ឯកជន​ និងផ្តល់សេវាព្យាបាលដោយស្ម័គ្រចិត្តតាមមូលដ្ឋានសុខាភិបាលតាមមន្ទីរជាតិ​ មន្ទីរពេទ្យបង្អែក​ មណ្ឌលសុខភាព​
*ទី៣៖ រៀបចំយន្តការច្បាស់លាស់ក្នុងការបណ្តុះបណ្តាលវិជ្ជាជីវ:​ និងបំណិនជិវិត ដើម្បីឲ្យអ្នកព្យាបាលរួចមានលទ្ធភាព ដើម្បីប្រកបរបរចិញ្ចឹមជិវិត​ និងចាកផុតពីបញ្ហាគ្រឿងញៀន
*ទី៤៖ កសាងបានយន្តកានិងបែបបទទាំងឡាយក្នុងការធ្វើសមាហរណកម្ម អ្នកបានព្យាបាលក្នុងមណ្ឌលបណ្តោះអាសន្នរួចហើយចូលទៅរស់នៅក្នុងគ្រួសារ និងសហគមន៍វិញ​ និងបែបបទទាំងឡាយចំពោះអ្នកព្យាបាលនៅតាមមណ្ឌលសង្ខេបនៃឃុំ​-សង្កាត់​ និងមន្ទីរពេទ្យពេទ្យបង្អែកនានា​ ដោយធានាថា អ្នកប៉ះពាល់គ្រឿងញៀនបានជាសះស្បើយ
*ទី៥៖ ពង្រឹងយន្តការ ដើម្បីនាំអ្នកញៀនទៅព្យាបាលទាំងក្នុងមណ្ឌល និងសហគមន៍ ទាំងវិធានការអប់រំ វិធានការរដ្ឋបាល វិធានការច្បាប់ ដើម្បីធានាថាគ្មានអ្នកញៀនណាមួយ មិនបានទៅព្យាបាលនៅតាមមណ្ឌលសុខភាពឡើយ
*ទី៦៖ ពង្រឹងយន្តការពីថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ដើម្បី ដំណើរការឱ្យមានប្រសិទ្ធភាព។ ពិសេសការបង្កើតគណៈកម្មាធិការទ្រទ្រង់ចំពោះការព្យាបាលដោយសហគមន៍នេះ ដែលមានមណ្ឌលសុខភាពជាស្នូល។ កន្លងមកនេះស្ទើតែគ្រប់ខេត្តបានស្នើបង្កើតមណ្ឌលបណ្តោះអាសន្ន ដើម្បីគ្រប់គ្រងព្យាបាល តែឆន្ទៈនេះមិនបានអនុវត្តឱ្យបានគ្រប់គ្រាន់ឡើយ លើកឡើងតែពេលប្រជុំសន្និបាត តែការពិតបានអនុវត្តតិចតួចណាស់។ ហើយមិនសូវមានប្រសិទ្ធភាពទៀតផង។
*ទី៧៖ ពិចារណាផងដែរ ដើម្បីបង្កើតទៅជាខ្លឹមសារនៃយន្តការ សមាហរណកម្ម ដ៏ជាក់លាក់មួយដែលបានចែងក្នុងអនុក្រឹត្យស្តីពីការបង្កើតគណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន តែយើងមិនទាន់មានបទដ្ឋានច្បាស់លាស់នៅឡើយ៕