(ភ្នំពេញ)៖ នាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានបញ្ជាឲ្យការិយាល័យជំនាញ តាមបណ្ដាស្នងការដ្ឋានរាជធានី-ខេត្តទាំងអស់ ត្រូវបិទស្ទីកគ័រឈ្មោះខេត្ត (ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត...) នៅលើរថយន្ដរបស់អង្គភាពរៀងៗខ្លួន ចៀសវាងមានការភ័ន្តច្រឡំពីសាធារណជន ក្រោយស្នងការរងខេត្តកណ្ដាលម្នាក់ បានយករថយន្ដពន្លត់អគ្គិភ័យទៅប្រើប្រាស់ផ្ទាល់ខ្លួន ដែលនាំឲ្យផ្ទុះការរិះគន់ពីមហាជន។

ចំពោះករណីនេះ មុនដំបូងគេចោទថា ជារថយន្តពន្លត់អគ្គិភ័យរបស់ក្រសួងមហាផ្ទៃ ត្រូវបានសមត្ថកិច្ចយកទៅប្រើប្រាស់ឯកជន ប៉ុន្តែក្រោយការសួរនាំទើបដឹងថា ​ជារថយន្តរបស់ស្នងការដ្ឋាន នគរបាលខេត្តកណ្តាល នោះគឺស្នងការរងនគរបាលម្នាក់ ទទួលផែនពន្លត់អគ្គិភ័យលោក អ៊ុល ប៊ុនណា បានបញ្ជាឲ្យយករថយន្តចំនួន២គ្រឿង ដឹកទឹកទៅលាយស៊ីម៉ង់ត៍ជូនសាច់ញាតិរបស់ខ្លួន នៅមូលដ្ឋានស្រុកស្អាង ខេត្តកណ្តាល។

លោកឧត្តមសេនីយ៍ទោ នេត វន្ថា ប្រធាននាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យ ​នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានបញ្ជាក់យ៉ាងដូច្នេះថា «​លោកស្នងការរងទទួលផែននិងលោកនាយការិយាល័យ គ្រប់រាជធានី ខេត្ត ក្រុង ដែលមានរថយន្តពន្លត់អគ្គិភ័យ​កំពុងគ្រប់គ្រងដោយអង្គភាពខ្លួន ត្រូវកាត់បិតស្ទីកគ័រ (ស្នងការដ្ឋាននគរបាលខេត្ត...) បន្ថែមចំណុចសមស្របណាមួយលើ រថយន្តរបស់អង្គភាពខ្លួន។ ជៀសវាងសាធារណៈយល់ថា ជារបស់នាយកដ្ឋាន នៃក្រសួងមហាផ្ទៃ។ នាយកដ្ឋានគាំទ្រដល់ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ក្រុង មួយចំនួនបានរៀបចំល្អហើយ»​។

ការដាក់បទបញ្ជារបស់លោកឧត្តមសេនីយ៍ ប្រធាននាយកដ្ឋានរូបនេះ បន្ទាប់ពីស្នងការរងខេត្តកណ្ដាលម្នាក់ បានយករថយន្ដពន្លត់អគ្គិភ័យ២គ្រឿង ទៅប្រើប្រាសជាលក្ខណៈឯកជន ដោយយកទឹកទៅផ្តល់ឲ្យការ​ដ្ឋានសំណង់ដោយគ្មានឆ្លងយោបល់លោកស្នងការខេត្ត ដែលសបញ្ជាក់ថា ជាទង្វើមួយមិនគោរពមេកើយ។

ភ្លាមៗបន្ទាប់ពីឃើញការរិះគន់បែបនេះ លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល បានលើកឡើងថា ក្រោយ​លោកមកពីបំពេញភារកិច្ចនៅ​ស្រុកអង្គស្នួល ដោយលោកហត់នឿងពេកក៏សម្រាកបន្តិចលុះពេលភ្ញាក់ឡើង ស្រាប់តែឃើញបណ្តាញសង្គម និងព័ត៌មានបានផ្សាយឡានទឹក២គ្រឿង​របស់អង្គភាព ទៅផ្តល់ទឹកឲ្យការ​រដ្ឋានសំណង់ជាលក្ខណៈ ឯកជន ដោយលោកមិនបានទទួលដំណឹងម៉ាបន្តិចណាសោះ។

មន្រ្តីនគរបាលខេត្តកណ្តាល បានបញ្ជាក់ថា ក្រោយពីសួរនាំមន្ត្រីទើបដឹងថា ឡានទឹកទាំងពីរគ្រឿងនោះ មានគេពឹងពាក់លោក អ៊ុល ប៊ុនណា ជាស្នងការរងទទួលបន្ទុកផ្នែករថយន្ត​ពន្លត់អគ្គីភ័យ ពេលនោះលោកស្នងការរង បានបញ្ជាទៅលោក តោ សឿន ជាប្រធានការិយាល័យបង្ការ និងពន្លត់អគ្គិភ័យតែម្តង។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ មានការរិះគន់ចំពោះសកម្មភាពរបស់មន្រ្តីនគរបាល ដែលបានយករថយន្តពន្លត់ អគ្គីភ័យពីរគ្រឿងដឹកទឹកទៅលាយស៊ីម៉ង់ត៍ ដើម្បីធ្វើសំណង់ ខណៈក្រោយមកនោះ ក៏មានគ្រោះអគ្គិភ័យមួយបានកើតឡើង នៅក្នុងឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋមួយខ្នង ឆេះនៅសល់តែផេះផង់មិនអាចជួយបាន៕

លោក អ៊ុល ប៊ុនណា ស្នងការរងខេត្តកណ្ដាល ទទួលផែនបង្ការ និងពន្លត់អគ្គិភ័យ