(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ​ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ រៀបចំសន្និបាតបូកសរុបវាយតម្លៃ សភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការឆ្នាំ២០១៨ និងផ្សព្វផ្សាយទិសដៅក្រសួងមហាផ្ទៃ ឆ្នាំ២០១៩។

សន្និបាតនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការចូលរួមពី អគ្គស្នងការរងនគរបាលជាតិ ប្រធាននាយកដ្ឋាន ស្នងការរាជធានី-ខេត្ត​ ព្រមទាំងថ្នាក់ដឹកនាំនគរបាលពាក់ព័ន្ធផងដែរ។ ពិធីនេះប្រព្រឹត្តិទៅ នៅទីស្ដីការក្រសួងមហាផ្ទៃ។

របាយការណ៍ប្រចាំឆ្នាំ ដែលបង្ហាញក្នុងសន្និបាតនេះ បានឲ្យដឹងថា ឆ្នាំ២០១៨ បើទោះបីជាបទល្មើសជារួម មានកំណើន ៥% ដែលក្នុងនោះបទឧក្រិដ្ឋកើន​១% ប៉ុន្តែ​បទល្មើសលួចមានស្ថានទម្ងន់ និងអំពើឃាតកម្ម ដែលជាប្រភេទបទល្មើសមានចរឹត​គំរាមកំហែង ដល់អារម្មណ៍របស់ប្រជាពលរដ្ឋ​នៅតែបន្តថយចុះ ស្របពេលដែលគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ​៧%។

​ការប្រែប្រួល​មុខមាត់ថ្មី សម្រាប់កងកម្លាំងនគរបាលជាតិនោះ គឺ​ការជំរុញឲ្យដំណើរការនូវរបត់ការងារថ្មី តាមគម្រោង​ «ការងារ​នគរបាល និងសហគមន៍» ដែលតាមរយៈនេះ​ បានធ្វើឲ្យនគរបាលនៅតាមឃុំ-សង្កាត់​ជាបណ្តើរៗ​ក្លាយជាដៃ​គូ ជាមួយសហគមន៍ និងទទួលបានការគាំទ្រ ការជឿទុកចិត្ត និងចូលរួមសហការពី​មជ្ឈដ្ឋានប្រជាពលរដ្ឋ។

ទន្ទឹមគ្នានេះដែរ ក៏នៅមានចំណុចខ្សោយ និងភាពអសកម្មមួយចំនួនបានកើតឡើងខ្លះៗ បណ្តាល​មកពីទង្វើរបស់បុគ្គល ឬការខ្វះខាតអំពីលទ្ធភាព និងសមត្ថភាព ដែលមានលក្ខណៈជាអត្តនោម័តផង និង​សត្យានុម័តផង។ ប៉ុន្តែទោះជាយ៉ាងណាក៏ បញ្ហាទាំងនោះត្រូវបានកែលម្អ​ ដោះស្រាយជាបន្តបន្ទាប់ តាមរយៈ​ការពង្រឹងវិធានការគ្រប់គ្រងកម្លាំង ការពង្រឹងវិន័យ សីលធម៌ រួមទាំងការគាំទ្រ មធ្យោយ សម្ភារ និងការបណ្តុះ​បណ្ដាល។

យ៉ាងណាក៏ដោយ រយៈពេល​០១ឆ្នាំកន្លងទៅ កងកម្លាំង​នគរបាលជាតិនៅគ្រប់ផ្នែក គ្រប់ថ្នាក់នៅទូទាំងប្រទេស បានលះបង់គ្រប់បែបយ៉ាង​ធ្វើការតស៊ូជម្នះ គ្រប់ឧបសគ្គ​បានបំពេញភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបាននូវស្នាដៃធំៗជាច្រើន ដោយបានធ្វើឲ្យបរិយាកាសសង្គមទាំងមូល មានភាពល្អប្រសើរ រក្សាបាននូវស្ថិរភាពសន្តិសុខ សណ្តាប់ធ្នាប់សង្គម ជាពិសេស​ការធានាបានទាំងស្រុង ​នូវសុវត្ថិភាពក្នុងដំណើរការបោះឆ្នោត ជ្រើសតាំងព្រឹទ្ធសភា​​អាណត្តិទី៤ និងបោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ក៏ដូចជាព្រឹត្តិការណ៍ជាតិ-អន្តរជាតិ ជាច្រើនទៀតផងដែរ៕