(ភ្នំពេញ)៖ លោក Shivaji Kshatrapati ប្រធានគណៈប្រតិភូក្រុមប្រឹក្សានាយកប្រតិបត្តិធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានស្ងើចសរសើរ និងសាទរចំពោះល្បឿននៃការអភិវឌ្ឍន៍ដែលកម្ពុជា សម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

ការស្ងើចសរសើរ និងសាទរនេះ ធ្វើឡើងក្នុងឱកាសដែលលោកចូលជួប រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ដើម្បីពិភាក្សាការងារ ពាក់ព័ន្ធនឹងយុទ្ធសាស្ត្រភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជា និងកិច្ចសហប្រតិបត្តិការសម្រាប់គម្រោង និងកម្មវិធីអភិវឌ្ឍន៍ហិរញ្ញប្បទាន ពីធនាគារអភិវឌ្ឍន៍អាស៊ី។

ក្នុងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះធនាគាអភិវឌ្ឍន៍អាស៊ី ដែលបានចូលរួមយ៉ាងមានប្រសិទ្ធភាព ក្នុងការជួយអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្មនៅកម្ពុជា។

លោករដ្ឋមន្ត្រីក៏បានវាយតម្លៃខ្ពស់ ចំពោះសកម្មភាព ក៏ដូចជាកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ រវាងធនាគារអភិវឌ្ឍន៍អាស៊ី និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានឈានឆ្ពោះទៅសម្រេច បាននូវសមិទ្ធផលជាផ្លែផ្កាជូនប្រជាកសិករ ដូចជាហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បច្ចេកវិទ្យាថ្មីទំនើប បច្ចេកទេសនៃដាំដុះ ការងារបណ្តុះបណ្តាល។ល។ ដែលសមិទ្ធផលទាំងនេះ បានជួយបង្កើតការងារ បង្កើនប្រាក់ចំណូលគ្រួសារ កាត់បន្ថយភាពក្រីក្រ និងជម្រុញផលិតកម្មកសិកម្មក្នុងស្រុក។

លោក Shivaji Kshatrapati និងសហការីបានសម្តែងនូវការស្ងើចសរសើរ និងសារទរ ចំពោះល្បឿននៃការអភិវឌ្ឍន៍ដែលកម្ពុជា សម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ហើយលោកក៏សូមថ្លែងអំណរគុណផងដែរ ចំពោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ ជាមួយធនាគារអភិវឌ្ឍនអាស៊ី។

ចំពោះជំនួបនាថ្ងៃនេះ លោក Kshatrapati បានជម្រាបថា ធនាគារអភិវឌ្ឍន៍អាស៊ីបានចាត់ទុកវិស័យកសិកម្មនៅកម្ពុជា គឺជាវិស័យដ៏មានសារៈសំខាន់ និងមានសក្តានុពលដែលទាមទារ ឱ្យមាននិរន្តរភាពនៃការអភិវឌ្ឍន៍ និងការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធទាំងរដ្ឋ ឯកជន សហគមន៍ និងដៃគូអភិវឌ្ឍន៍។ ដូច្នេះ គណៈប្រតិភូរបស់លោកនាថ្ងៃនេះ គឺដើម្បីសិក្សា ស្វែងយល់ និងសុំអនុសាសន៍ពីលោករដ្ឋមន្ត្រីអំពីចំណុចខ្លាំង និងចំណុចខ្សោយនៃការអនុវត្តគម្រោង របស់ធនាគារអភិវឌ្ឍអាស៊ីកន្លងមក និងតម្រូវការកែសម្រួលនិងការគាំទ្របន្ថែម ធ្វើយ៉ាងណាឱ្យកិច្ចសហប្រតិបត្តិការភាពជាដៃគូ រវាងភាគីទាំងពីរប្រកបដោយប្រសិទ្ធភាព និងចីរភាពដើម្បីអភិវឌ្ឍន៍វិស័យនេះ ឱ្យកាន់តែរីកចម្រើនថែមមួយកម្រិតទៀត។

ទាក់ទងទៅនឹងប្រធានបទដែលបានលើកឡើង លោករដ្ឋមន្ត្រីបានណែនាំដល់ គណៈប្រតិភូនៃធនាគារអភិវឌ្ឍន៍អាស៊ី ពិនិត្យលទ្ធភាពគាំទ្រដល់ការអភិវឌ្ឍន៍ខ្សែច្រវាក់ តម្លៃទាំងមូលនៃដំណាំដែលមានសក្តានុពល ឱ្យមានភាពប្រទាក់ក្រឡា ដើម្បីផ្គត់ផ្គង់ទាំងទីផ្សារក្នុងស្រុក ក្នុងតំបន់ និងទីផ្សារអន្តរជាតិ។ ទន្ទឹមនឹងនេះ ត្រូវកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលផ្តោតជាសំខាន់លើការគាំទ្រដល់វិស័យនេះ ដូចជាការកសាងប្រព័ន្ធស្រោចស្រព ឃ្លាំងស្តុក ឡសម្ងួត ការកែឆ្នៃ វេចខ្ចប់ ឃ្លាំងត្រជាក់ និងហេដ្ឋារចនាសម្ព័ន្ធផ្សារកសិកម្ម ធ្វើយ៉ាងណាឱ្យចំគោលដៅ និងមានភាពទូលំទូលាយដើម្បីបង្កើនប្រាក់ចំណូល ដល់ប្រជាកសិករស្របតាមទស្សនៈវិស័យរបស់ប្រមុខរាជរដ្ឋាភិបាល។ ត្រូវរួមគ្នាជម្រុញការលើកកម្ពស់ស្តង់ដារអនាម័យ និងភូតគាមអនាម័យ ឱ្យស្របតាមតម្រូវការពីការបញ្ជារទិញ ពីទីផ្សារ។ បន្តសកម្មភាពកសាងធនធានមនុស្ស ក្នុងវិស័យកសិកម្មដោយស្របតាមគោលនយោបាយ នៃការធ្វើទំនើបកម្មកសិកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម ប្រកបដោយមានការប្រកួតប្រជែងខ្ពស់។

ជាការឆ្លើយតប លោក Kshatrapati បានឯកភាពលើការលើកឡើងរបស់លោកមរដ្ឋមន្ត្រី ហើយលោកក៏បានសន្យាថារូបលោក និងគណៈប្រតិភូនឹងយកអនុសាសន៍ទាំងអស់ទៅសិក្សា និងពិនិត្យលទ្ធភាពក្នុងការផ្ដល់ការគាំទ្រ៕