(ភ្នំពេញ​)៖ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានចិន្រ្តៃយ៍ នៃអនុគណៈកម្មការទី២ (គ.ស.ច.គ) តំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធាន​នៃអនុគណៈកម្មការទី២ (គ.ស.ច.គ) បានជំរុញ​គ្រប់ស្នងការរាជធានី-ខេត្តទាំងអស់ ត្រូវបន្តចុះអប់រំប្រជាពលរដ្ឋបន្ថែមទៀត ទាក់ទងនឹងច្បាប់ចរាចរណ៍ខណៈបញ្ហាចរាចរណ៍នេះ នៅតែជាការព្រួយបារម្ភខ្លាំង ចំពោះរាជរដ្ឋាភិបាលដោយសារតែអត្រាគ្រោះថ្នាក់ស្លាប់បាត់បង់ជីវិតភាគច្រើន គឺមិនគោរពច្បាប់បើកបរ។

ការជំរុញរបស់​​នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន គឺបានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក របស់អនុគណៈកម្មការទី២ (គ.ស.ច.គ) ប្រចាំខែមករា ឆ្នាំ២០១៩នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយពីកិច្ចប្រជុំនោះ ​អគ្គស្នងការរងនគរបាលជាតិរូបនេះ បានលើកឡើងថា សព្វថ្ងៃនេះបញ្ហាចរាចរណ៍នៅតែជាករណីមួយ ដែលធ្វើឲ្យរាជរដ្ឋាភិបាលព្រួយបារម្ភខ្លាំងដោយសារតែអត្រាគ្រោះថ្នាក់វាស្ថិតនៅខ្ពស់ដដែល ដោយសារតែការបើកបរមិនបានគោរពច្បាប់ និងមិនអនុគ្រោះគ្នាជាដើម។

យោងតាមរបាយការណ៍ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានឲ្យដឹងថា នៅឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍កើតឡើង ៣,២៦៧ករណី លើ​៣,៥៣១លើក ថយចុះ​២៦៤លើក ស្មើនឹង​៧ភាគរយ បើធៀបនឹងឆ្នាំ២០១៧។ ចំណែកអ្នកស្លាប់មានចំនួន​១,៧៦១នាក់ លើ​១,៧៨០នាក់ ថយចុះ​១៩នាក់ ស្មើនឹង​១ភាគរយ ខណៈចំនួនអ្នករងរបួសមានចំនួន​៤,៧៧០នាក់ លើ​៥,៥៣៩នាក់ ថយចុះ​៧៦៩នាក់ ស្មើនឹង​១៤ភាគរយ​។ តាមរយៈតួលេខនេះ ជាមធ្យមក្នុង១ថ្ងៃ មនុស្សប្រហែល៥នាក់ បានស្លាប់ និង១៣នាក់ បានរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍។

បើតាមរបាយការណ៍បានបន្ថែមថា មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់ គឺមកពីបើកបរល្មើសល្បឿនកំណត់​៣៧ភាគរយ, ការមិនគោរពសិទ្ធិ១៩ភាគរយ, ការមិនប្រកាន់ស្តាំ​១៣ភាគរយ, ការវ៉ាជែង​១១ភាគរយ, ការបត់​១០ភាគរយ, ស្រវឹង​៥ភាគរយ, កត្តាយានយន្ត​៣,៥ភាគរយ និងងងុយដេក ២ភាគរយ។

យ៉ាងណាក៏ដោយ ​នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន នៅតែបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូ​វតែគោរពនូវច្បាប់ចរាចរណ៍នេះបន្ថែមទៀត ដើម្បីអាយុជីវិតខ្លួន និងក្រុមគ្រួសារផង និងអាយុជីវិតរបស់អ្នកដទៃផង៕​