(សៀមរាប)៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានអំពាវនាវដល់អ្នកប្រកបអាជីវកម្មទាំងអស់ ចូលរួមបំពេញកាតព្វកិច្ចសារពើពន្ធ និងបង់ពន្ធឲ្យបានខ្ជាប់ខ្ជួន។

លោក គង់ វិបុល បានថ្លែងបែបនេះ ក្នុងឱកាសដែលលោក និងលោក ទៀ សីហា អភិបាលខេត្តសៀមរាប អញ្ជើញបើកសិក្ខាសាលា ស្តីពីកាតព្វកិច្ចពន្ធលើប្រាក់ចំណូល និងប្រព័ន្ធគ្រប់គ្រងការបង្វិលសងអាករ លើតម្លៃបន្ថែម តាមអនឡាញ ដែលរៀបចំនៅសណ្ឋាគារសុខា ខេត្តសៀមរាប នាព្រឹកថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០១៩នេះ។

លោក គង់ វិបុល បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវដល់បងប្អូនដែលប្រកបអាជីវកម្ម សូមចូលរួមក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ និងបង់ពន្ធទាំងអស់គ្នា ឲ្យបានខ្ជាប់ខ្ជួន ខណៈដែលរាជរដ្ឋាភិបាល បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា ក្នុងកិច្ចការអភិវឌ្ឍប្រទេសជាតិ។ យើងទាំងអស់គ្នាត្រូវចូលរួមគាំទ្រ និងលើកស្ទួយតាមរយៈការបង់ពន្ធនេះ»

លោកអគ្គនាយកបានថ្លែងទៀតថា «ខ្ញុំចង់ឃើញអាជីវករទាំងអស់ មានស្នាមញញឹមហើយចំណេញ និងបង់ពន្ធដោយសារសេចក្តីថ្លៃថ្នូរ»

លោក គង់ វិបុល ក៏បានលើកឡើងនូវគន្លឹះល្អៗមួយចំនួន ដោយគូសបញ្ជាក់ថា ប្រជាពលរដ្ឋមានការសប្បាយចិត្ត ក្នុងការរួមចំណែកបង់ពន្ធ ហើយចំណូលពន្ធដារ គឺជាចំណូលមួយ ដូចជាឈាមនៅក្នុងសរីរាង្គមនុស្ស ដូច្នេះថវិកាជាតិដែលមានសព្វថ្ងៃនេះ ភាគច្រើនបានមកពីការបង់ពន្ធរបស់ប្រជាពលរដ្ឋ ជូនថវិកាជាតិ។

លោកបានបន្តទៀតថា ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ លើការងារកំណែទម្រង់ និងការអនុវត្តរបស់រាជរដ្ឋាភិបាលអាណត្តិទី៥ នៃរដ្ឋសភា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានយកចិត្តទុកដាក់ ទៅលើយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្រស្នូល គឺការពង្រឹងនូវអភិបាលកិច្ចល្អ។ ដើមី្បឈានឲ្យអ្នកជាប់ពន្ធ បង់ពន្ធដោយមានជំនឿទុកចិត្តមកលើអគ្គនាយកដ្ឋានពន្ធដារ ក៏ដូចជារាជរដ្ឋាភិបាល ដោយបានយកយុទ្ធសាស្ត្រស្នូល មកធ្វើការកំណែទម្រង់នៅអង្គភាពពន្ធដារ។

ផ្អែកលើយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល អាណត្តិទី៥ នៃរដ្ឋសភា ក្រសួងសេដ្ឋកិច្ចបានរៀបចំនូវកម្មវិធីកំណែទម្រង់ ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ។ ដោយផ្តោតទៅលើប្រព័ន្ធហិរញ្ញវត្ថុសាធារណៈនេះ អគ្គនាយកដ្ឋានពន្ធដារ សុំទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរាជរដ្ឋាភិបាល ពិនិត្យសម្រេច ទៅលើយុទ្ធសាស្ត្រក្នុងការគៀងគរចំណូល ព្រមទាំងរៀបចំនូវគោលនយោបាយ និងរដ្ឋបាលសារពើពន្ធ របស់អគ្គនាយកដ្ឋានពន្ធដារ និងយុទ្ធសាស្ត្រផែនការមួយចំនួន ដើមី្បឲ្យបានសមស្រប ទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយយោងតាមយុទ្ធសាស្ត្រកៀងគរចំណូល និងកម្មវិធីកំណែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ។

លោកអគ្គនាយក ក៏បានលើកនូវគន្លឹះសំខាន់ៗជាគោលមួយចំនួន នៃយុទ្ធសាស្ត្រកៀរគរចំណូល ចំនួន៥ចំណុច នៃការកំណែទម្រង់របស់ពន្ធដារ ដែលជាផែនការយុទ្ធសាស្ត្រ និងផែនការប្រតិបត្តិរបស់ពន្ធដារ រួមមាន៖ មុខងារស្នូលចំនួន៥ លើការពង្រឹង និងកែលម្អក្នុងការចុះបញ្ជីអ្នកជាប់ពន្ធឲ្យបានល្អ, ការពង្រឹងផ្តល់សេវាអ្នកជាប់ពន្ធឲ្យបានល្អ, ការរៀបចំកែលម្អរនៃការចាត់ចែងសេចក្តីប្រកាសបង់ពន្ធ ឲ្យអ្នកជាប់ពន្ធឲ្យបានល្អប្រសើរ, រៀបចំកែលម្អរការធ្វើវិសោទនកម្មឲ្យបានល្អ ព្រមទាំងពង្រឹងការអនុវត្តច្បាប់ និងពង្រឹងវប្បធម៌នៃការបង់ពន្ធ។ ម៉្យាងទៀតស្នូលមួយទៀត លើការប្រមូលបំណុល និងបណ្តឹងតវ៉ា ព្រមទាំងផែនការយុទ្ធសាស្ត្រមុខងារគាំទ្រ ការពង្រឹង ការគ្រប់គ្រងរចនាសម្ព័ន្ធ និងបណ្តុះបណ្តាលធនធានមនុស្ស នឹងត្រូវកែលម្អររចនាសម្ព័ន្ធពន្ធដាររបស់ខ្លួន ដែលជាកត្តាសំខាន់ នៃកំណែទម្រង់នោះ គឺការដាក់ឲ្យប្រើប្រាស់ និងអនុវត្តន៍នូវប្រព័ន្ធព័ត៌មានវិទ្យា ដែលជាជំនួយដ៏ល្អលើការងារពន្ធដារ។

លោក ចៅ ម៉ៅមុន្នី ប្រធានសាខាពន្ធដារខេត្តសៀមរាប បានគូសបញ្ជាក់ថា អង្គសិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងវាស់ស្ទង់ ពីការយល់ដឹងរបស់ក្រុមហ៊ុន ដើមី្បធានាការបំពេញកាតព្វកិច្ចសារពើពន្ធ ឲ្យបានត្រឹមត្រូវតាមច្បាប់ និងបទប្បញ្ញត្តិ ស្តីពីពន្ធដារ ដើមី្បជាមូលដ្ឋានឲ្យអគ្គនាយកដ្ឋានពន្ធដារ ផ្តល់ជាវគ្គបណ្តុះបណ្តាលជាក្រុមឲ្យចំគោលដៅ។

លោក ទៀ សីហា បានលើកឡើងថា សិក្ខាសាលាដ៏មានសារៈសំខាន់នេះ នឹងផ្សព្វផ្សាយអំពីកាតព្វកិច្ចសារពើពន្ធ ក៏ដូចជាយន្តការថ្មីៗ ដែលដាក់ចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជូនសិក្ខាកាមទាំងអស់ឲ្យបានជ្រាប និងចូលរួមអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវ ចំពោះធុរជនប្រកបអាជីវកម្ម នៅក្នុងខេត្តសៀមរាបផងដែរ៕