(ភ្នំពេញ)៖ នៅក្នុងឱកាសទិវាជាតិទីក្រុងស្អាតលើកទី៧ ឆ្នាំ២០១៩ ខាងមុខនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បន្តខិតខំការងារអាទិភាព ៦ចំណុច ដើម្បីកែច្នៃទីក្រុងស្អាតកម្ពុជា ទាក់ទាញភ្ញៀវទេសចរ។ នេះបើតាមសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩។

ក្នុងសារលិខិតនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភ្ញៀវទេសចរក៏រីករាយទស្សនា និងចង់បានទីក្រុង ដែលជាផ្នែកមួយនៃគោលដៅទេសចរណ៍របស់គេ ជាទីក្រុងដ៏ល្អស្អាត មានការយកចិត្តទុកដាក់ អំពីភាពស្អាត និងបៃតង អនាម័យល្អ មានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់តាមគ្រប់មធ្យោបាយ មានការធានា
សន្តិសុខសុវត្ថិភាពពេញលេញ សណ្តាប់ធ្នាប់ល្អ មានការផ្តល់នូវបដិសណ្ឋារកិច្ចល្អ មានសម្បទាផលិតផល
និងសេវាទេសចរណ៍ប្រកបដោយគុណភាព។

សម្តេចក៏បានបន្តទៀតថា ទីក្រុងដែលគួរឱ្យចង់រស់នៅ និងគួរឱ្យចង់មកទស្សនាកម្សាន្តត្រូវតែជាទីក្រុងវៃឆ្លាត និងទីក្រុងបៃតង/ទីក្រុងស្អាត ជាទីក្រុងដែលមានបរិស្ថាន អនាម័យ សណ្តាប់ធ្នាប់ល្អ គួបផ្សំនឹងហេដ្ឋារចនាសម្ព័ន្ធ ទ្រទ្រង់គ្រប់គ្រាន់ដែលផ្តល់នូវភាពកក់ក្តៅ និងមជ្ឈដ្ឋានរស់នៅល្អប្រសើរ ដល់ប្រជាជនក្នុងទីក្រុង និងទេសចរ។

ក្នុងស្មារតីនេះ ឆ្លើយតបនឹងប្រធានបទ នៃទិវាជាតិទីក្រុងស្អាត សម្តេចបានជំរុញឱ្យស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិបន្តខិតខំការងារអាទិភាពចំនួន៦ចំណុច ដូចខាងក្រោម៖

ទី១៖ ខិតខំចាប់យកនូវកាលានុវត្តភាព នៃការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ដោយត្រូវរួមគ្នាឆ្ពោះទៅអភិវឌ្ឍ
ទីក្រុងប្រកបដោយភាពវៃឆ្លាត (Smart City) និងទេសចរណ៍ឆ្លាតវៃ (Smart Tourism)។

ទី២៖ រៀបចំឱ្យមានសកម្មជនទីក្រុងស្អាត នៅតាមកន្លែងធ្វើការ ស្ថាប័ន សាលារៀន គ្រឹះស្ថានសិក្សា វត្តអារាម ផ្សាររោងចក្រ សហគ្រាស បុរី ជាដើម សំដៅធ្វើឱ្យកន្លែងទាំងនោះ ប្រកបដោយ ភាពស្អាត និងបៃតង គ្រប់រដូវកាល គ្រប់ពេលវេលា បំផុសឱ្យបានជាប្រចាំយុទ្ធនាការ «កម្ពុជាស្អាតនៅគ្រប់ទីកន្លែង»។ ទន្ទឹមនឹងនេះ បន្តជំរុញលើកទឹកចិត្តយុទ្ធនាការ «ទេសចរម្នាក់ដើមឈើមួយដើម » និង «យុវជនម្នាក់ ដើមឈើមួយដើម » និង «គូស្រករមួយគូដើមឈើពីរដើម» ជាដើម និងស្នើឱ្យគ្រប់ខេត្តត្រូវមានសួនទេសចរណ៍យ៉ាងហោចមួយ។

ទី៣៖ ស្របពេលដែលរាជរដ្ឋាភិបាល បានដាក់ចេញនូវមូលនិធិអនាម័យបរិស្ថាន ត្រូវយកចិត្តទុកដាក់លើការងារអនាម័យ និងត្រូវរៀបចំឱ្យមានសង្កាត់គំរូនៅតាមទីក្រុង ទីប្រជុំជននីមួយៗ និងជំរុញលើកទឹកចិត្តឱ្យមានការរៀបចំបង្គន់អនាម័យសាធារណៈ ស្របតាមស្តង់ដាឱ្យបាននៅតាមទីសាធារណៈ និងរមណីយដ្ឋានទេសចរណ៍គ្រប់រាជធានី-ខេត្ត។

ទី៤៖ ស្របតាមស្តង់ដាទីក្រុងស្អាត ខ្ញុំស្នើឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ត្រូវខិតខំរៀបចំឱ្យមានសួនកម្សាន្តកុមារ និងទីតាំងសំរាប់លេងកីឡាឱ្យបានគ្រប់គ្រាន់។

ទី៥៖ ស្នើឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ផ្នែកឯកជន និងភាគីពាក់ព័ន្ធ ត្រូវខិតខំបង្កើតជាវិថីម្ហូបអាហារ (Food Street) និងខិតខំពង្រឹងគុណភាពសេវាកម្មតូបលក់ម្ហូបអាហារតាមដងផ្លូវ (Street Food) ស្របតាមស្តង់ដានៅតាមទីក្រុង និងទីប្រជុំជននានា ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ និងភ្ញៀវទេសចរ និងត្រូវរៀបចំឱ្យមានខ្សែក្រវ៉ាត់បៃតងនៅតាមទីក្រុងទេសចរណ៍សំខាន់ៗ ដើម្បីគាំទ្រដល់យុទ្ធនាការ ទេសចរណ៍គឺជាការនាំចេញនៅនឹងកន្លែង។

ទី៦៖ ស្នើឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តខិតខំថែរក្សាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមឱ្យស្របតាមទស្សនទាន «ទីក្រុងស្អាត៖ ទីក្រុងប្រកបដោយសុខសុវត្ថិភាពល្អ» និង «ទីក្រុងស្អាត៖ ទីក្រុងមានសណ្តាប់ធ្នាប់សាធារណៈល្អ»

ជាចុងក្រោយនៃសារលិខិតនេះ សម្តេចបានអំពាវនាវដល់គ្រប់ក្រសួងស្ថាប័ន រាជធានី-ខេត្ត អាជ្ញាធរគ្រប់
លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ វិស័យឯកជន អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ និងជនរួមជាតិទាំងអស់ បន្តផ្តល់ការគាំទ្រ និងចូលរួមអនុវត្តឱ្យបានផុលផុសប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់នូវចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អបដិសណ្ឋារកិច្ចល្អ» ឱ្យបានផុសផុល ដើម្បីឱ្យកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព ចីរភាពនិងទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិសក្តិសមនឹងកិត្តិនាម «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈផ្តល់ភាពកក់ក្តៅ»

សម្តេចមានជំនឿយ៉ាងមុតមាំថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់នឹងបន្តសហការចូលរួម គាំទ្រឧបត្ថម្ភ និងអនុវត្តរាល់យុទ្ធនាការនានាដែលត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់ ចលនាប្រឡងប្រណាំងទីក្រុងស្អាត និងសូមជូនពរឱ្យទិវាជាតិទីក្រុងស្អាត និងចលនាប្រឡងប្រណាំងទីក្រុងស្អាតប្រព្រឹត្តិទៅប្រកបដោយជោគជ័យជានិច្ចនិរន្តរ៍៕