(ភ្នំពេញ)៖ បន្ទាប់ពីប្រកាសបង្កើតក្រុមមេធាវីដើម្បីជួយការពារក្តីដល់ស្រ្តីក្រីក្រទូទាំងប្រទេសកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានប្រកាសផ្តល់សេវាមេធាវីនេះ ជូនដល់កម្មករ កម្មការិនីណា ដែលមានក្តីក្តាំនៅតុលាការផងដែរ។ សម្តេចបានអំពាវនាវដល់ កម្មករ កម្មការិនីទាំងអស់ពេលមានក្តីក្តាំ សូមទាក់ទងរកសេវាមេធាវីសម្តេចតេជោ ដោយមិនគិតថ្លៃ។

ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ប្រមាណ១ម៉ឺនាក់ នៅរោងចក្រ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ក្មួយៗជាកម្មករ កម្មការិនី ពេលដែលមានរឿងក្តីកើតឡើង កុំភ្លេចរកមេធាវីរបស់ពូ ដើម្បីការពារក្តីដោយមិនយកប្រាក់ ពូមានគោលដៅដាក់ចេញការពារឱ្យតែស្រ្តីទេ ហើយស្រ្តីនោះគឺស្រ្តីក្រីក្រ ហើយក្នុងនោះគ្របដណ្តប់ទាំងក្មួយៗជាកម្មការិនីផងដែរ។ បើមានរឿងក្តី ពូចេញមេធាវី និងសេវាផ្លូវច្បាប់ ដើម្បីជួយដល់ក្មួយៗ ជួយដល់ពលរដ្ឋរបស់យើងជាស្រ្តី ហើយដែលមានបញ្ហាប្រឈមការលំបាក រឿងក្តីឈ្នះចាញ់ គឺស្ថិតនៅលើចៅក្រមកាត់ក្តី ក៏ប៉ុន្តែតម្លៃជួលមេធាវី មិនត្រូវបានបង់ថ្លៃតេ គឺហ៊ុន សែន បង់ជំនួសទាំងអស់»

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៩ របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់អំពីបំណងរបស់សម្តេច ក្នុងការបង្កើត «ក្រុមមេធាវីការពារក្តី» ដែលស្ថិតក្រោមការគ្រប់គ្រងដោយផ្ទាល់របស់សម្តេច ដើម្បីជួយដល់ ជនរងគ្រោះជាស្ត្រីក្រីក្រ។ បន្ទាប់ពីប្រកាសនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានចាត់តាំង លោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាលកម្ពុជា ឱ្យរៀបចំបង្កើតក្រុមមេធាវីនេះ ដើម្បីការពារក្តីជូនស្រ្តីក្រីក្រទូទាំងប្រទេស។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រហូតមកដល់ពេលនេះ សម្តេចមានកញ្ចប់ថវិកាប្រមាណ៥០ម៉ឺនដុល្លារ នៅក្នុងដៃ ដើម្បីត្រៀមសម្រាប់ការរៀបចំក្រុមមេធាវីសម្តេចតេជោនេះ។ សម្តេចបញ្ជាក់ថា ថវិកានេះ មិនមែនជាថវិការាជរដ្ឋាភិបាលនោះទេ តែជាថវិកាផ្ទាល់របស់សម្តេច​ និងអ្នកគាំទ្រ។

សម្តេចបានបញ្ជាក់អំពីសមាសភាពនៃក្រុមមេធាវីយ៉ាងដូច្នេះថា៖ «ខ្ញុំគិតថា ដំបូងខ្ញុំឱ្យតែ៣០នាក់ទេ ប៉ុន្តែឥឡូវមិនអាចទេ មួយខេត្តយ៉ាងតិចត្រូវមាន២នាក់ អញ្ចឹងត្រូវមាន៥០នាក់​ បូកទាំងក្បាលម៉ាស៊ីន យើងអាចដាក់ប្រធាន១ និងអនុប្រធាន៤ ដោយសារតែយើងមានសាលាឧទ្ធរណ៍៤ភូមិភាគ អញ្ចឹងអនុប្រធានទាំង៤ គឺកាន់ការងារនៅតាមភូមិភាគ ដើម្បីការពារឱ្យស្រ្តី ដែលឥឡូវនេះ អ្នកខ្លះកំពុងនៅជាប់ឃុំឃាំង កាត់ក្តីអត់កើត ដែលនេះជាបញ្ហារបស់ស្រ្តី ខ្ញុំនឹងធ្វើរឿងនេះ ក្នុងពេលដ៏ខ្លីខាងមុខ ហើយចាប់ផ្តើមចេញដំណើរ»