(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ បានដឹកនាំសហការី ខេត្ត-ស្រុក-ឃុំ នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ រួមជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ អញ្ជើញទៅប្រគល់ផ្ទះ ខ្នងទី១១៣ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ជូនដល់អតីតយុទ្ធជនពិការដោយសារសង្គ្រាម ឈ្មោះ ស៊ន វិន ដែលមានផ្ទះរស់នៅមិនសមរម្យ។

លោកពលបាលទោ ស៊ន វិន​ ចូលបម្រើកងទ័ពនៅថ្ងៃទី១ ខែមេសា ឆ្នាំ១៩៨៧ មានតួនាទីជាប្រធានក្រុម នៃអង្គភាពយោធាស្រុកបារាយណ៍ បានត្រូវរបួសនៅឆ្នាំ១៩៨៩ ដោយសារការពារ ស្ពានកំពង់ថ្ម បណ្តាលឲ្យត្រូវមីនដាច់ជើងខាងឆ្វេង និងពិការភ្នែកខាងស្ដាំ។

បច្ចុប្បន្នលោក ស៊ន វិន រស់នៅភូមិប្រមាគ ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានភរិយាឈ្មោះ ហ៊ាម រៀម អាយុ៤៨ឆ្នាំ មានកូនចំនួន៤នាក់​នៅ​ក្នុង​បន្ទុក ហើយ​ក្រុម​គ្រួសារ​នេះ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​រួច​ហើយ​ចំនួន​៥នាក់​។ ​

ផ្ទះ​ថ្មី​ដែល​បាន​ប្រគល់​ជូន​គាត់​នៅពេលនេះ​មាន​ទំហំ​ ៤មx៦ម សាងសង់​ពីឈើ​ខ្ពស់​ផុត​ពី​ដី​ ជញ្ជាំង​ និង​រនាប​ក្តារ​ ដំបូល​ប្រក់​ស័ង្កសី​ ដែល​បាន​ចំណាយ​ថវិកា​ក្នុង​ការ​សាងសង់​អស់​ទឹក​ប្រាក់​ចំនួន​ ៦,៩៨៥,០០០រៀល។

លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ដែលជានិច្ចកាលសម្តេចតែងតែគិតគូរ ដល់បងប្អូនអតីតយុទ្ធជនយើងគ្រប់ៗគ្នានៅទូទាំងប្រទេស។

ជាក់ស្តែងពេលនេះសម្តេចបានប្រគល់ផ្ទះថ្មី១ខ្នង ជូនដល់អតីតយុទ្ធជនយើង ដែលជាអ្នកមានគុណបូជាសាច់ស្រស់ ឈាមស្រស់ រហូតដល់ពិការ ក្នុងការរួមចំណែក បង្រួបបង្រួមជាតិ ដើម្បីឲ្យមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍន៍ប្រទេសឲ្យរីកចម្រើនដូចសព្វថ្ងៃនេះ។

លោកបានបន្តទៀតថា គ្រប់អតីតយុទ្ធជន គឺទទួលបានអត្ថប្រយោជន៍ពីសមាគមអតីតយុទ្ធជនយើងជាច្រើនទៀតផងដែរ។ ក្នុងឱកាសនោះដែរលោក សោម ស៊ុន និងក្រុមការងារសមាគម អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ពាំនាពាំនាំនូវអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន​ តាម​រយៈឧត្ដមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត​ អគ្គ​លេខាធិការ​រង​សមាគមអតីតយុទ្ធជនកម្ពុជា ផ្តល់ជូនគាត់បន្ថែមទៀតរួមមាន៖ អង្ករចំនួន៥០គីឡូក្រាម, មីយើងចំនួន​២កេស, ទឹក​ត្រី​ ទឹក​ស៊ីអ៉ីវ ចំនួន២យួរ, មុង​ជ្រលក់​ថ្នាំ​ចំនួន​២ និង​ថវិកា​ចំនួន​៥០០,០០០ រៀលផងដែរ៕