(ពោធិ៍សាត់)៖ សាលាភត្ត ពុទ្ធាភិសេកផ្ទាំងគំនូរ បង្គោលភ្លើង និងដងទង់ មានតម្លៃជាង៤១៤លានរៀល ក្នុងវត្តសិរីគន្ធា ស្ថិតក្នុងភូមិសិរីគន្ធា ឃុំតាលោ ស្រុកតាលោសែនជ័យ ដែលទើបតែកសាងរួចរាល់ ត្រូវបានលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ អញ្ជើញកាត់ខ្សែបូសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ ស្របពេលនៃពិធីបុណ្យមាឃបូជា។

លោក ផាយ ឡេង អភិបាល នៃគណៈអភិបាលស្រុកបាកាន បានឲ្យដឹងថា វត្តសិរីគន្ធា ជាវត្តមួយដែលបានកសាងឡើងតាំងពីឆ្នាំ១៩៦៧ មានអាយុកាល៥២ឆ្នាំ មានផ្ទៃដីជាង៣២ពាន់ម៉ែត្រការេ គិតមកដល់ពេលនេះ មានព្រះចៅអធិការ១២អង្គ ដែលព្រះចៅអធិការដំបូងព្រះនាម ឡុង លក និងព្រះចៅអធិការបច្ចុប្បន្ន ព្រះនាម ជ័យ ហឿន។ ឆ្លងតាមរយៈនៃការខិតខំប្រឹងប្រែង ពីសំណាក់ព្រះសង្ឃ អាចារ្យ គណៈកម្មការ និងមានការចូលរួមពីសម្បុរសជន ទាំងក្នុង និងក្រៅខេត្ត ជាពិសេសពុទ្ធបរិស័ទចំណុះជើងវត្ត បានកសាងសមិទ្ធផល និងបានធ្វើបុណ្យឆ្លងនាពេលនេះ រួមមានសាលាភត្ត ពុទ្ធាភិសេកផ្ទាំងគំនូរ បង្គោលភ្លើង និងដងទង់ ដោយចំណាយថវិកាអស់ជាង៤១៤លានរៀល។

លោក ម៉ៅ ធនិន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋនៅក្នុងតំបន់នេះ ដោយបានបញ្ជាក់ច្បាស់ថា សម្តេចតេជោ ហ៊ុន សែន តែងតែគិតគូជានិច្ច ចំពោះសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ក៏ដូចទូទាំងខេត្តពោធិ៍សាត់ មិនថាអ្នករស់នៅក្នុងទីក្រុង ឬក៏ទីជនបទនោះឡើយ គឺឱ្យតែមានការលំបាកសម្តេចតែងតែគិតគូជានិច្ច។

ចំពោះវត្តសិរីគន្ធា ថ្វីត្បិតតែនៅឆ្ងាយពីទីប្រជុំជនក៏ពិតមែន ប៉ុន្តែមិនចាញ់វត្តនៅក្នុងទីប្រជុំជននោះដែរ។ នេះបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ អំពីទឹកចិត្តជ្រះថ្លាចំពោះអ្នកកាន់ និងគោរពព្រះពុទ្ធសាសនា ពីសំណាក់ពុទ្ធបរិស័ទ និងសប្បុរសជន ទាំងក្នុងនិងក្រៅប្រទេស តែងតែបានខិតខំប្រឹងប្រែង រួបរួមសាមគ្គីគ្នា កសាងសមិទ្ធផលបានជាច្រើន និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ។

លោកបានថ្លែងទៀតថា នៅរាល់សមិទ្ធផលដែលកើតមានទាំងវិស័យ អាណាចក្រ និងពុទ្ធចក្រនៅទូទាំងប្រទេស និយាយរួមដោយឡែកនៅក្នុងខេត្ត គឺបន្ទាប់ពីប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន។

លោកបានថ្លែងថា យើងពិតជាសប្បាយរីករាយណាស់ ចំពោះសមិទ្ធផលទាំងឡាយ នៅក្នុងវត្តសិរីគន្ធា ព្រោះជាមនុញ្ញផលបានមកពីទឹកចិត្តបរិសុទ្ធជ្រះថ្លា ដែលជាកុសល និងការជឿជាក់ ចំពោះសាសនា។ លោកអភិបាលខេត្តក៏បានអំពាវនាវ ទៅដល់ប្រជាពលរដ្ឋ សូមចូលរួមថែរក្សាទុក ជាគុណប្រយោជន៍ និងសម្បត្តិរួម របស់យើងទាំងអស់គ្នា ត្រូវចេះថែរក្សា ការពារ មរកតរបស់ជាតិ និងកសាងសមិទ្ធផលអ្វីមួយ ឲ្យស្របទៅតាមរចនាបថរបស់ខ្មែរពិត មិនចម្លងពីបរទេស ពីព្រោះវត្តអារាមជាឃ្លាំង ជាគម្ពីវប្បធម៌ អក្សរសាសន៍របស់ជាតិ។

លោកក៏បានជម្រាបជូនឲ្យដឹងផងដែរថា នៅពេលខាងមុខ យើងនឹងមានស្រុកថ្មីមួយមានឈ្មោះថា «ស្រុកតាលោសែនជ័យ» ហើយស្រុកថ្មីនេះ គឺជាស្រុកគំរូដែលលេចធ្លោទូទាំងខេត្ត មានរចនាសម្ព័ន្ធរូបវ័ន្ត ដែលសាងសង់ឡើងឲ្យមើលពីលើឃើញថា ក្នុងសម័យតេជោសែន ដោយមានអគាររដ្ឋបាល មានការិយាល័យនានាជុំវិញស្រុក មានពហុកីឡាដ្ឋាន មានកន្លែងច្រតព្រះនង្គ័ល មានកន្លែងប្រណាំងគោក្របី មានប្រព័ន្ធធារាស្ត្រ មានកន្លែងអុំទូកថ្នាក់ខេត្ត ហើយអ្វីៗគ្រប់យ៉ាងទាំងអស់នេះ គឺយើងធ្វើឡើងដើម្បីជាសុខទុក្ខពុកម៉ែប្រជាពលរដ្ឋរបស់យើង ដូច្នេះត្រូវដឹងគុណសម្តេចតេជោ ហ៊ុន សែន ដែលនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។

ក្នុងឱកាសនោះ លោក ម៉ៅ ធនិន ក៏បានជួយឧបត្ថម្ភវត្តសិរីគន្ធា ថវិកា១៥លាន និងថវិកា២៤លានរៀលទៀតចូលរួមកសាងសសរ ព្រះវិហាវត្តសំសាន្ត ចំនួន២៤ដើម តាមការបិណ្ឌបាត របស់ព្រះសង្ឃ, ជូនលោកតាលោកយាយ៨០នាក់ ក្នុងម្នាក់ៗ ក្រណាត់ស១ដុំ ថវិកា៥០០០រៀល, លោកគ្រូអ្នកគ្រូ១០០នាក់ ក្នុងម្នាក់ៗ សារុង១, សិស្សានុសិស្ស១៨៦នាក់ ក្នុងម្នាក់ សៀវភៅ១ក្បាល និងប៊ិច២ដើម៕