(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃពុធ ១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ១១,២២៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន៣៤។ ជំនួបសំណេះសំណាលលើកទី១០ នៅក្នុងខេត្តកណ្តាល បានធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Chengdu Bayi (Cambodia) ស្ថិតនៅភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាសប្បាយរីករាយចំពោះស្ថានភាពក្នុងវិស័យការងារនាពេលបច្ចុប្បន្ន ដែលបានវិវឌ្ឍន៍តាំងពីប្រាក់ឈ្នួលត្រឹមជាង៤០ដុល្លារ កាលពីអំឡុងឆ្នាំ១៩៩៧ មកដល់ប្រមាណ ១៨២ដុល្លារនៅឆ្នាំ២០១៩នេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលមិនត្រឹមតែគិតគូរពីការដំឡើងប្រាក់ឈ្នួលជូនកម្មករ កម្មការិនី និងដំឡើងប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនោះទេ រាជរដ្ឋាភិបាលក៏គិតគូរពីម៉ាក្រូសេដ្ឋកិច្ច ជាពិសេសទប់ស្កាត់ការឡើងថ្លៃទំនិញផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើកប្រាក់ឈ្នួល ប្រាក់បៀវត្សរ៍ឡើង តែតម្លៃទំនិញឡើងថ្លៃដែរនោះ ការដំឡើងប្រាក់ឈ្នួលនិងប្រាក់បៀវត្សរ៍ នឹងមិនមានន័យនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញការពេញចិត្តផងដែរ ចំពោះស្ថេរភាពនៃតម្លៃប្រាក់រៀល។ សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យធនាគារជាតិយកចិត្តទុកដាក់ទៅលើបម្រែបម្រួលនៃអត្រាប្តូរប្រាក់នេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកថា ដើម្បីឲ្យតម្លៃសាំងស្ថិតនៅ ៣,៣៥០រៀលក្នុងមួយលីត្រ រដ្ឋត្រូវជួយចេញ២សេន និងឯកជនជួយចេញ២សេន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វត្តមានរោងចក្រ សហគ្រាសនៅក្នុងខេត្តកណ្តាល និងបណ្តាខេត្តផ្សេងៗទៀត ជាជោគជ័យនៃគោលនយោបាយពង្រាយរោងចក្រ ដែលមកដល់ពេលបច្ចុប្បន្នមានអាយុកាល ២០ឆ្នាំហើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងសម័យសង្គមរាស្ត្រនិយមព្រះបរមតនកោដ្ឋ នរោត្តម សីហនុ បានប្រឹងប្រែងខ្លាំងណាស់ ក្នុងការបង្កើតសាលារៀនតែឆ្លើយតបមិនគ្រប់គ្រាន់ទេ ជាហេតុធ្វើឲ្យសម្តេចធ្វើចំណាក់ស្រុកទាំងវ័យក្មេង ដើម្បីស្វែងរកវិជ្ជានៅរាជធានីភ្នំពេញ។ តែបច្ចុប្បន្នសាលាជាច្រើនត្រូវបានសាងសង់ឡើងទៅកាន់តែច្រើន និងកៀកផ្ទះរបស់ប្រជាពលរដ្ឋ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញចក្ខុវិស័យអភិវឌ្ឍន៍ប្រទេសជាជំហានៗ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានចូល ជ្រៅជាមួយកសិករអស់រយៈពេលប្រមាណ៣០ឆ្នាំ តែរយៈពេលប្រមាណ ៣ឆ្នាំមកនេះ បានចូលជ្រៅជាមួយកម្មករ កម្មការិនី។

* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា នៅពេលសម្តេចចាប់ផ្តើមធ្វើជានាយករដ្ឋមន្ត្រីនៅឆ្នាំ១៩៨៥ គឺសម្តេចចាប់ផ្តើមធ្វើការជាប់ជាមួយកសិករ ហើយមន្ត្រីមិនថាមន្ត្រីនៅក្នុងប្រទេសទេ សូម្បីមន្ត្រីត្រូវធ្វើការនៅក្រៅប្រទេស ក៏ត្រូវតែចុះមូលដ្ឋានផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅឆ្នាំនេះកម្ពុជាសល់ស្រូវរហូតដល់ ៦លានតោន។ តែគោលដៅនាំចេញអង្ករឲ្យបាន ១លានតោនក្នុងមួយឆ្នាំមិនទាន់សម្រេចនៅឡើយទេ ព្រោះតែមានដៃគូដ៏ខ្លាំងក្លាមានដូចជាវៀតណាម និងថៃជាដើម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងប្រឹងប្រែងដាក់ចេញគោលនយោបាយផ្សេងៗដើម្បីកាត់បន្ថយការដាំដុះរបស់កសិករ និងការផលិតអង្ករឲ្យនៅកម្រិតទៀប។ ក្នុងនោះរាជរដ្ឋាភិបាល ក៏បាននឹងខិតខំតភ្ជាប់អគ្គិសនីទៅកាន់តំបន់មានប្រភពទឹក ដើម្បីជួយឲ្យកសិករប្រើភ្លើងនោះសម្រាប់បូមទឹក ជំនួសឲ្យការប្រើម៉ាស៊ីន។

* សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញឲ្យផលិតជីនៅក្នុងស្រុកផងដែរ ដើម្បីធ្វើឲ្យជីមានតម្លៃថោកជួយសម្រួលដល់ការដាំដុះមានតម្លៃកាន់តែទាប។ សម្តេចតេជោ បានថ្លែងថា មានតែការធ្វើឲ្យតម្លៃដើមផលិតមានកម្រិតទាប ទើបកម្ពុជាមានលទ្ធភាពប្រកួតប្រជែងតម្លៃជាមួយប្រទេសនាំចេញអង្ករដទៃទៀត។

* សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញដល់មន្ត្រីពាក់ព័ន្ធប្រឹងប្រែងរក្សាទីផ្សារដែលមានចាស់ និងរកទីផ្សារថ្មី សម្រាប់អង្កររបស់កម្ពុជា ខណៈអង្ករមានកេរ្តិ៍ឈ្មោះជាអង្ករល្អ។

* សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញពីការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការទាក់ទាញអ្នកវិនិយោគមកវិនិយោគទាំងក្នុងវិស័យកសិកម្ម និងឧស្សាហកម្មជាដើម ដើម្បីបង្កើតផលិតផលឲ្យកាន់តែច្រើនសម្រាប់នាំចេញ និងបង្កើតការងារជូនប្រជាពលរដ្ឋ។

* សម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅក្រសួងកសិកកម្មឲ្យណែនាំដល់ប្រជាពលរដ្ឋកុំឲ្យធ្វើសកម្មភាពដំដុះឈូឆរទៅតាមតម្លៃនៅលើទីផ្សារ។ ឧទាហរណ៍ពេលឃើញកៅស៊ូថ្លៃដាំកៅស៊ូ ពេលឃើញសាយចន្ទីឡើងថ្លៃ កាប់កៅស៊ូចោល នាំគ្នាដាំស្វាយចន្ទី ពេលឃើញដំណាំស្វាយឡើងថ្លៃ ក៏កាប់ដើមស្វាយចន្ទីចោល...។ សម្តេចតេជោថា ធ្វើបែបនេះជាគ្រោះថ្នាក់មួយដែលទាមទារឲ្យមានការពិចារណា។

* សម្តេចតេជោ ហ៊ុន សែន បានបង្ហាញគម្រោងទៅភ្លក្សកាហ្វេនៅហាងណាមួយ ដើម្បីបានដឹងពីរសជាតិកាហ្វេដែលពលរដ្ឋខ្មែរកំពុងពេញនិយម តែសម្តេចហាមមិនឲ្យសមត្ថកិច្ចហាមឃាត់ប្រជាពលរដ្ឋដទៃនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាស្វាគមន៍គ្រប់អ្នកវិនិយោគមកពីគ្រប់ប្រទេសទាំងអស់ មករកស៊ីក្រោមដំបូលសន្តិភាព និងការប្រកាន់របបនយោបាយលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។

​* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ និងកម្មករ កម្មការិនីទាំងអស់ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក៏ដូចជាគាំទ្រសម្តេចធ្វើជានាយករដ្ឋមន្ត្រី។

* សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានលើកឡើងថា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតការពារសុខសន្តិភាព និងគាំទ្រលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជនកម្ពុជា ជារបស់ប្រជាជន បម្រើប្រជាជន នៅរួមរស់ជាមួយប្រជាជន មិនដែលរត់ចោលប្រជាជនម្តងណានោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានឲ្យប្រជាពលរដ្ឋកត់ចំណាំទុកថា សម្តេចអត់មានសញ្ជាតិបរទេស អត់មានផ្ទះនៅបរទេសនោះទេ ដូច្នេះសម្តេចគ្មានថ្ងៃរត់ចោលបរទេសនោះឡើយ គឺនៅខាំស្មៅរួមរស់ជាមួយប្រជាពលរដ្ឋ។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ពិតណាស់សម្តេចធ្លាប់បានរត់ចោលស្រុកកាលពីឆ្នាំ១៩៧៧ តែការរត់ពេលនោះ គឺដើម្បីកសាងកម្លាំងរំដោះប្រទេសជាតិ មិនមែនរត់ទៅសម្ងំសុខម្នាក់ឯងនោះឡើយ។ សម្តេចតេជោ បានលើកឡើងថា ពេលនោះសម្តេចមានលទ្ធភាពរត់ទៅប្រទេសទី៣ ដើម្បីសម្ងំសុខតែម្នាក់ឯង តែសម្តេចមិនរត់ចោលប្រជាជនកម្ពុជា និងភរិយានោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅកម្មករ កម្មការិនីថា ដរាបណានៅទទួលបានប្រាក់ឈ្នួល និងមានការងារធ្វើកុំឲ្យខ្វល់ពីនរណានិយាយអ្វីទាំងអស់។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នមានមនុស្សធ្វើសេចក្តីថ្លែងការណ៍ជាសង្គ្រាមចិត្តសាស្ត្រយ៉ាងច្រើន តែសម្តេចសប្បាយរីករាយ ដែលកម្មករ កម្មការិនី ប្រជាពលរដ្ឋមិនមាននរណាតក់ស្លុតតាមរយៈការបំផុសបំផុលទាំងអស់នោះ។

* ក្នុងជំនួបសំណេះសំណាលនាព្រឹកនេះសម្តេចតេជោ ហ៊ុន សែន ក៏បន្តក្រើនរំលឹកឲ្យយកចិត្តទុកដាក់លើសុខទុក្ខរបស់កម្មករ កម្មការិនីនៅតាមរោងចក្រ ដោយសាងសង់កន្លែងហូបអាហារឲ្យបានត្រឹមត្រូវ និងគិលានដ្ឋានជាដើម។ ជាមួយគ្នានោះថៅកែ និងកម្មករ កម្មការិនីត្រូវចេះពិភាក្សាដោះស្រាយគ្នាលើបញ្ហាមួយចំនួន។ សម្តេចតេជោ បានរំលឹកថៅកែរោងចក្រថា វិធានការបញ្ឈប់កម្មករ កម្មការិនីពីការងារមិនមែនជាដំណោះស្រាយគួរធ្វើនោះឡើយ។

* សម្តេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកថា គ្មានសុខសន្តិភាព មិនអាចមានវត្តមានរោងចក្រ សហគ្រាសនៅកម្ពុជាបាននោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន ជាថ្មីម្តងទៀត បានអំពាវនាវដល់ឪពុកម្តាយ និងសាធារណជនកុំរើសអើងចំពោះមនុស្សភេទទី៣។

* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់មនុស្សស្រឡាញ់ភេទដូចគ្នា សុំជួយទប់ស្កាត់កុំឲ្យមានការចម្លងជំងឺផ្សេងៗ ជាពិសេសជំងឺអេដស៍ទៅកាន់អ្នកដទៃ។ ការអំពាវនាវបែបនេះ បន្ទាប់ពីរបាយការណ៍បានបង្ហាញថា អត្រាឆ្លងជំងឺអេដស៍របស់មនុស្សស្រឡាញ់ភេទដូចគ្នាមានការកើនឡើង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជានឹងមិនស្លាប់នោះទេ ហើយនៅតែបន្តឈានទៅមុខដោយភាពថ្លៃថ្នូរ។

* សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់អាជ្ញាធរទាំងអស់ដោះស្រាយបញ្ហាកង្វះទឹកជូនប្រជាពលរដ្ឋ ដែលខ្វះខាតទឹក។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅក្នុងកិច្ចប្រជុំប្រចាំឆមាសជាមួយសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបាលនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ខាងមុខនេះ នឹងមានការតភ្ជាប់វីដេអូ Conference ទៅកាន់តាមបណ្តាខេត្ត និងកងទ័ពផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបង្កើតឧត្តមក្រុមប្រឹក្សា និងពិគ្រោះយោបល់ដែលមានសមាសភាពមកពីគណបក្សនយោបាយមិនមានអាសនៈនៅក្នុងរដ្ឋសភានេះ ក្នុងគោលបំណងរកធាតុចូលនានា ដើម្បីដោះស្រាយបញ្ហាសង្គមជាតិ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងពេលពិភពលោកជួបវិបត្តិសេដ្ឋកិច្ចនៅឆ្នាំ២០០៨-២០០៩ មានរោងចក្រ សហគ្រាសមួយចំនួននៅកម្ពុជាត្រូវបានបិទទ្វារ តែរាជរដ្ឋាភិបាលបានដោះស្រាយភ្លាមៗ ដើម្បីរក្សាការងារជូនប្រជាពលរដ្ឋ។

* សម្តេចនាយករដ្ឋមន្ត្រីបានអះអាងថា នឹងមិនអនុញ្ញាតឲ្យរោងចក្រ សហគ្រាសនៅកម្ពុជាណាមួយត្រូវបិទទ្វារនោះទេ។ នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៩ខាងមុខនេះ នឹងមានកិច្ចពិភាក្សាក្នុងវេទិការវាងរដ្ឋ និងវិស័យឯកជន ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់អ្នកវិនិយោគ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាបានចំណូលពីទិដ្ឋាការប្រមាណ ១៨០លានដុល្លារ ដែលជាចំណូលមិនមែនសារពើពន្ធពីសំណាក់អ្នកទេសចរបរទេស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មកដល់ពេលនេះរកថវិកាបានប្រមាណ ៥០ម៉ឺនដុល្លារហើយ សម្រាប់បង្កើតក្រុមមេធាវីមួយសម្រាប់ការពារក្តីឲ្យស្ត្រីក្រីក្រ។ សម្តេចតេជោ បានបញ្ជាក់ថា ថវិកានេះមិនមែនជាថវិកាជាតិនោះទេ គឺជាថវិការបស់សម្តេចផ្ទាល់តែម្តង។ សម្តេចតេជោ បានបញ្ជាក់ថា ក្រុមមេធាវីការពារក្តីឲ្យស្រ្តីក្រីក្រនេះ មានសមាជិកប្រមាណ ៥០នាក់ រួមជាមួយក្បាលម៉ាស៊ីន ប្រធាន១នាក់ និងអនុប្រធាន៤នាក់។

* សម្តេចតេជោ បានអំពាវនាវដល់កម្មការិនីទាំងអស់ពេលមានក្តីក្តាំ សូមយកក្រុមមេធាវីរបស់សម្តេច ដើម្បីការពារក្តីដោយមិនគិតប្រាក់។

* សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅអ្នកនយោបាយដែលរង់ចាំសម្តេចស្លាប់នោះ គឺមានតែចាំជាតិក្រោយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងផ្តាំទៅក្រុមប្រឆាំងថា ក្រុមគ្រួសាររបស់សម្តេចមិនមានអ្នកណាមានជំងឺផ្នែកខួរក្បាលនោះទេ មានអាយុវែងៗណាស់ មិនងាយស្លាប់នោះទេ

* សម្តេចនាយករដ្ឋមន្រ្តី បានលើកឡើងថា យុទ្ធសាស្រ្តដឹកនាំប្រទេសរបស់សម្តេចមិនងាយអ្នកណាដឹងនោះទេ ងាកឆ្វេង ឬងាកស្តាំ គឺគ្មានអ្នកណាដឹងនោះឡើយ នេះហើយគឺជាការលំបាកដែលក្រុមប្រឆាំងមិនដឹងចិត្តរបស់សម្តេច។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ថ្លែងសំណេះសំណាលនៅវេលាម៉ោង ៩៖៣៦នាទីនាព្រឹកថ្ងៃដដែល, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់របស់ទូរទស្សន៍ព័ត៌មាន Fresh News៕