(ភ្នំពេញ)៖ លោកឧកញ៉ា ហែម ថេង អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងលោកស្រី គុណ ខេង នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតី ក្នុងការដឹកនាំសមាជិក សមាជិកា ក៏ដូចជាពុទ្ធសាសនិក មានសទ្ធាជ្រះថ្លា នាំយកបច្ច័យចំនួន៤,៥៩៩ដុល្លារ ចូលរួមឧបត្ថម្ភ ដល់ការកសាងឆ្លងមហាកុដ្ឋលេខ១២ (ជណ្ដើរឧត្តមមង្គលសុវត្ថិភាព) និងប្រារព្ធពិធីបុណ្យមាឃបូជា ស្ថិតនៅក្នុងវត្តកោះមេត្តាពោធិវង្ស ក្នុងភូមិកោះអណ្ដែត សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ពិធីបុណ្យមាឃបូជាប្រារព្ធឡើង នៅថ្ងៃទី១៥កើត ខែមាឃ ជារៀងរាលឆ្នាំ ក្នុងគោលបំណងពីរគឺ៖ ទី១៖ ដើម្បីរំលឹកដល់ថៃ្ងចតុរង្គសន្និបាត ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើង ក្នុងលោក នាប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹង របស់ព្រះអង្គចំនួន៩ខែគត់ និងទី២៖ ដើម្បីរំលឹកដាក់អាយុសង្ខារ នៃការចូលព្រះបរិនិព្វានរបស់ទ្រង់។

ការបង្កើតព្រះពុទ្ធសាសនា ក្នុងឋានៈជាអង្គការសាសនាមួយនេះ ធ្វើឡើងនៅក្នុងចំណោម ព្រះសង្ឃចំនួន ១,២៥០អង្គ ជាសមាជិកក្នុងអង្គ មហាសន្និបាតមួយ ដែលបាននិមន្តមកពី គ្រប់ស្រទាប់វណ្ណៈទាំងអស់។ នៅក្នុង មហាសន្និបាតនោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់បានប្រកាសនៅគោលការណ៍មួយចំនួន១១ សម្រាប់ឲ្យសមាជិកមហាសន្និបាតទាំងអស់ កាន់យកជាវិថីជីវិត និងសម្រាប់យកទៅផ្សព្វផ្សាយ ដល់ជនដទៃទៀត ឲ្យបានយល់ពី ពុទ្ធសាសនា។

រីឯការប្រកាសដាក់អាយុសង្ខារ នៃការចូលព្រះបរិនិព្វាន របស់ព្រះសម្មាសម្ពុទ្ធ ត្រូវបានព្រះអង្គធ្វើឡើង តាមការអារាធនា (ស្នើសុំ) របស់មារ (យក្ស)។ តាមសៀវភៅ «ឈ្វេងយល់មាឃបូជា» របស់ធម្មបណ្ឌិត ហេង មណីចិន្តា បានសរសេរពីការអារាធនារបស់មារ ដោយមារបាននិយាយទៅកាន់ព្រះសម្មាសម្ពុទ្ធថា «បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគបរិនិព្វានទៅ សូមព្រះសុគតបរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះជាកាល គួរសមនឹងបរិនិព្វាន របស់ព្រះដ៏មានព្រះភាគហើយ»។

ព្រះសម្មាសម្ពុទ្ធ បាននិទានប្រាប់ព្រះអានន្ទថា «ម្នាលអានន្ទ កាលបើក្រុងមារបាននិយាយយ៉ាងនេះហើយ តថាគតក៏បានពោលពាក្យនេះ ទៅនឹងក្រុងមារមានចិត្តបាបថា «ម្នាល់មារមានចិត្តបាប ចូរអ្នកមានសេចក្តីខ្វាយខ្វល់តិចចុះ ការបរិនិព្វានរបស់តថាគតមិនយូរប៉ុន្មានទេ កន្លងទៅ៣ខែអំពីថ្ងៃនេះតទៅ តថាគតនឹងបរិនិព្វានហើយ។ ម្នាលអានន្ទ ក្នុងថ្ងៃនេះតថាគតមានសតិសម្បជញ្ញៈ បានដាក់អាយុសង្ខារក្នុងបាវាលចេតិយ អម្បាញ់មិញនេះឯង»។

ពិធីបុណ្យមាឃបូជា តែងតែត្រូវបានធ្វើឡើងនៅថ្ងៃ១៥កើត ខែមាឃ ជារៀងរាល់ឆ្នាំ ហើយពិធីបុណ្យសាសនាមួយនេះ មានសារៈសំខាន់ណាស់នៅក្នុងពុទ្ធិសាសនា ប្រហាក់ប្រហែលនឹងបុណ្យពុទ្ធសាសនាដទៃទៀតដែរ រួមមាន៖ ពិសាខបូជា, អាសាឍបូជា និងបុណ្យបវារណា (ចេញវស្សា)ជាដើម។ បុណ្យមាឃបូជានេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ចូលជាបុណ្យជាតិរបស់កម្ពុជាផងដែរ ដោយនៅថ្ងៃប្រារព្ធបុណ្យនេះ រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យមន្ត្រីរាជការ សិស្សានុសិស្ស រួមទាំងវិស័យឯកជន ឈប់សម្រាកមួយថ្ងៃផងដែរ៕