(ភ្នំពេញ)៖ ​កម្លាំងនគរបាលខណ្ឌឫស្សីកែវ បានចាប់ខ្លួនជនសង្ស័យ៤នាក់ រួមជាមួយថ្នាំញៀន២កញ្ចប់ ​ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​

លោកវរសេនីយ៍ទោ គល់ យី អធិការនគរបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ថា ការតាមបង្ក្រាបជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀនទាំង៤នាក់នេះ បានអនុវត្តឡើងនៅយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ហើយ​ក្នុងប្រតិបត្តិការ​នេះ ក្រៅពីដកហូតថ្នាំញៀនចំនួន២កញ្ចប់ ដែលអាចច្រកជាកញ្ចប់តូចៗ បានប្រហែលជាង២០កញ្ចប់ ដើម្បីធ្វើការជួញដូរ កម្លាំងសមត្ថកិច្ច​បានដកហូតម៉ូតូចំនួន០២គ្រឿងម៉ាក Honda C125 ០១គ្រឿង ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ​1CP-0035 និងម៉ាក Scoopy ពណ៌ឈាមជ្រូក ពាក់ផ្លាកលេខ​ភ្នំពេញ​1CU-6119 និងទូរស័ព្ទដៃចំនួន២គ្រឿង។

អធិការនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងទៀតថា ជនសង្ស័យដែលបង្ក្រាបបានទី១៖ឈ្មោះ ញឹម ប៊ុនមេង អាយុ៣០ឆ្នាំ មុខរបរមិនពិត (ជួញដូរ), ទី២៖ឈ្មោះ វិន យាំងចុង អាយុ៤៣ឆ្នាំ ជនជាតិវៀតណាម មុខរបរជាង (ប្រើប្រាស់), ទី៣៖ឈ្មោះ លី សុខហេង ​​អាយុ១៨ឆ្នាំ ​មុខរបកម្មករ (ប្រើប្រាស់) ជនសង្ស័យទាំង៣នាក់ មានទីលំនៅផ្ទះលេខ៣ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ​ និងទី៤៖ឈ្មោះ ប្រាក់ សា​រុំ ​អាយុ៣០ឆ្នាំ មុខរបរកម្មករ មានទីលំនៅផ្ទះជួល ក្នុងសង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ (ប្រើប្រាស់)។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ និងវត្ថុតាងពាក់ព័ន្ធសកម្មភាពជួញដូរ និងប្រើប្រាស់ថ្នាំញៀន បាននិងកំពុងស្ថិតនៅក្រោមការឃុំខ្លួនសាកសួរបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ​ចាត់ការតាមនិតិវិធី៕​