(សៀមរាប)៖ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ តំណាង​​នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះ អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉ន និងផ្តល់បទពិសោធន៍ ជំនាញការងារសន្តិសុខ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប។

វគ្គបំប៉ន និងផ្តល់បទពិសោធន៍ជំនាញការងារសន្តិសុខ បានរៀបចំឡើងរយៈពេលចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដោយមានសិក្ខាកាមជាកងកម្លាំងនគរបាលជាតិ នៃផែនសន្តិសុខ តាមបណ្តាអធិការដ្ឋានស្រុក-ក្រុងទាំង១២ និងតាមប៉ុសិ៍តទាំង​១០០​ទូទាំងខេត្តសៀមរាប ចំនួន១៨៤នាក់ ស្រី២នាក់។

លោកឧត្តមសេនីយ៍​ឯក ឌី វិជ្ជា បានបញ្ជាក់ថា ការបំពាក់បំប៉ននេះ ស្របទៅតាមផែនការរបស់នាយកដ្ឋានកណ្តាលសន្តិសុខ បានដាក់ចេញនៅឆ្នាំ២០១៩ ក្នុងការរៀបចំវគ្គបំប៉នជំនាញសន្តិសុខនេះ ឲ្យបាន២៥រាជធានី-ខេត្តទូទាំងប្រទេសកម្ពុជា៕​