(កំពត)៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ បានរៀបចំកិច្ចប្រជុំ បូកសរុបលទ្ធផលប្រចាំឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តបន្ត របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីគាំទ្រគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នៃរាជរដ្ឋាភិបាលកម្ពុជា។

ក្នុងកិច្ចប្រជុំនោះ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានក្រុមការងារចុះជួយខេត្តកំពត បានបញ្ជាក់ថា ក្រោយពេលចរចា នាពេលថ្មីៗនេះ ក្រសួងបាន សម្រេចយល់ព្រម និងអនុញ្ញាតឲ្យក្រុមហ៊ុនរបស់អ្នកឧកញ៉ា កុក អាន ដែលបានគ្រោងដើមទុនប្រមាណ២០លានដុល្លារ វិនិយោគលើវិស័យទឹកស្អាត ក្នុងខេត្តកំពត ដោយបង្កើតការដ្ឋានពីរកន្លែងផ្សេងគ្នា រួមមាន៖

* ការដ្ឋានទីមួយ៖ គឺការដ្ឋានផលិតទឹកស្អាត នៅចំណុចអតីតព្រលានយន្តហោះកកេះ ស្ថិតក្នុងសង្កាត់អណ្តូងខ្មែរ ក្រុងកំពត ដោយយកប្រភពទឹក ចេញពីតំបន់វារីអគ្គីសនី ទឹកឈូកំចាយ។
* ការដ្ឋានទីពីរ៖ នៅតំបន់រម្មណីដ្ឋាន ទំនប់ប្រទ័ក្សក្រឡា ស្ថិតក្នុងឃុំកូនសត្វ ស្រុកទឹកឈូ ដោយមួយថ្ងៃ អាចផលិតទឹកស្អាត បានមួយម៉ឺនម៉ែត្រគូប។

លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានបញ្ជាក់ទៀតថា ក្រសួងទើបតែយល់ព្រម កាលពីរសប្តាហ៍មុន ហើយឥឡូវអ្នកឧកញ៉ា កុក អាន បានចាប់ផ្តើមឈូសឆាយ និងបញ្ជាទិញសម្ភារ និងឧបករណ៍បំពាក់រួចរាល់ហើយ នៅការដ្ឋានទំនប់ប្រទ័ក្សក្រឡា។ បើតាមការរំពឹងទុក ប្រាំមួយខែទៀត ខេត្តកែប និងផ្នែកខ្លះ នៃស្រុកទឹកឈូ នឹងទទួលបានទឹកស្អាត ពីការដ្ឋានទំនប់ប្រទ័ក្សក្រឡានេះ ប្រើប្រាស់ហើយ។

លោកបន្តថា ការផ្តល់អាទិភាពវិនិយោគិនក្នុងស្រុក គឺជាងក្រុមហ៊ុនវិនិយោគបរទេស ព្រោះយល់ឃើញថា ប្រាក់ចំណូលទាំងឡាយ ពិតជាមិនយកទៅណាទេ ក្រៅពីចាយវាយវិលជុំ ក្នុងស្រុកនោះឡើយ។ លើសពីនេះ រាជរដ្ឋាភិបាល ក៏អាចនឹងអនុគ្រោះពន្ធចំពោះការ នាំចូលនូវសម្ភារបរិក្ខានានា សម្រាប់បំពាក់ និងសាងសង់ពាក់ព័ន្ធជុំវិញ ការដ្ឋានផលិតទឹកស្អាតទាំងពីរ ខាងលើនេះផងដែរ។

គួររំលឹកថា ខេត្តកំពត មានរោងចក្រផលិតទឹកស្អាតរដ្ឋចំនួនពីរ ដែលមានសមត្ថភាពអាចផលិតបាន ជាង១៣,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ប៉ុន្តែទឹកស្អាតទាំងនោះ នៅមិនទាន់អាចចែកចាយ ឲ្យប្រជាពលរដ្ឋប្រើប្រាស់ អស់នៅឡើយទេ ដោយសារកង្វះបច្ចេកទេស និងថវិកាតប្រព័ន្ធបណ្តាញចែកចាយ៕