(កណ្តាល)៖ នៅព្រឹកថ្ងៃ១៥​កើត​ ពេញ​បូណ៌មី ខែ​មាឃ ឆ្នាំច សំរឹទ្ធស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំសមាជិកព្រឹទ្ធសភា រដ្ឋសភា និងសមាជិករាជរដ្ឋាភិបាល ក៏ដូចជាពុទ្ធសាសនិក ប្រារព្ធពិធីបុណ្យមាឃបូជា នៅព្រះសក្យ មុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ភ្នំឧត្តុង្គ) ស្ថិតនៅឃុំផ្សារដែក ស្រុកពញាឭ ខេត្តកណ្តាល។

ការប្រារព្ធពិធីបុណ្យមាឃបូជានេះ ក៏មានការនិមន្តចូលរួមដោយសម្តេចព្រះសង្ឃរាជ ទេព វង្ស, សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី, សម្តេចព្រះវ័នរ័ត ណយ ច្រឹក, សម្តេចព្រះឧត្តបញ្ញាដួង ផង់, សម្តេចព្រះឧត្តមវង្សា មួង រ៉ា, សម្តេចព្រះឧត្តម មុនី ជាសំអាង និងព្រះសាសន មុនី ប៊ុនធឿនផងដែរ។

ក្រៅពីនេះក៏មានការអញ្ជើញចូលរួម ពីសំណាក់បណ្តាអង្គទូត នៃបណ្តាប្រទេសដែលកាន់ព្រះពុទ្ធសាសនា ដូចជា ឯកអគ្គរាជទូតថៃ ប្រចាំនៅកម្ពុជា, ឯកអគ្គរដ្ឋទូតឡាវប្រចាំកម្ពុជា និងជប៉ុនប្រចាំនៅកម្ពុជា។ ពីធិបុណ្យមាឃបូជា នៅឆ្នាំនេះមានពិធីរាប់បាត្រព្រះសង្ឃ ចំនួន៨០ព្រះអង្គ។

សូមជំរាបថា ពិធីបុណ្យមាឃបូជាប្រារព្ធឡើងនៅថ្ងៃទី១៥កើត ខែមាឃ ជារៀងរាលឆ្នាំ ក្នុងគោលបំណងពីរគឺ៖ ទី១- ដើម្បីរំលឹកដល់ថៃ្ងចតុរង្គសន្និបាត ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើង ក្នុងលោកនាប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់ និងទី២- ដើម្បីរំលឹកដាក់អាយុសង្ខារ នៃការចូលព្រះបរិនិព្វានរបស់ទ្រង់។

ការបង្កើតព្រះពុទ្ធសាសនា​ ក្នុងឋានៈជាអង្គការសាសនាមួយនេះ ធ្វើឡើងនៅក្នុងចំណោម ព្រះសង្ឃចំនួន ១,២៥០អង្គ ជាសមាជិកក្នុងអង្គ មហាសន្និបាតមួយ ដែលបាននិមន្តមកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់។ នៅក្នុងមហាសន្និបាតនោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់បានប្រកាសនៅគោលការណ៍មួយចំនួន១១ សម្រាប់ឲ្យ សមាជិកមហាសន្និបាតទាំងអស់ កាន់យកជាវិថីជីវិត និងសម្រាប់យកទៅផ្សព្វផ្សាយ ដល់ជនដទៃទៀត ឲ្យបានយល់ពីពុទ្ធសាសនា។

រីឯការប្រកាសដាក់អាយុសង្ខារនៃការចូលព្រះបរិនិព្វាន របស់ព្រះសម្មាសម្ពុទ្ធ ត្រូវបានព្រះអង្គធ្វើឡើងតាមការអារាធនា (ស្នើសុំ) របស់មារ (យក្ស)។ តាមសៀវភៅ «ឈ្វេងយល់មាឃបូជា» របស់ធម្មបណ្ឌិត ហេង មណីចិន្តា បានសរសេរពីការអារាធនារបស់មារ ដោយមារបាននិយាយទៅកាន់ព្រះសម្មាសម្ពុទ្ធថា «បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគបរិនិព្វានទៅ សូមព្រះសុគតបរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះជាកាលគួរសមនឹងបរិនិព្វាន របស់ព្រះដ៏មានព្រះភាគហើយ»។

ព្រះសម្មាសម្ពុទ្ធ បាននិទានប្រាប់ព្រះអានន្ទថា «ម្នាលអានន្ទ កាលបើក្រុងមារបាននិយាយយ៉ាងនេះហើយ តថាគតក៏បានពោលពាក្យនេះ ទៅនឹងក្រុងមារមានចិត្តបាបថា «ម្នាល់មារមានចិត្តបាប ចូរអ្នកមានសេចក្តីខ្វាយខ្វល់តិចចុះ ការបរិនិព្វានរបស់តថាគតមិនយូរប៉ុន្មានទេ កន្លទៅ៣ខែអំពីថ្ងៃនេះតទៅ តថាគតនឹងបរិនិព្វានហើយ។ ម្នាលអានន្ទ ក្នុងថ្ងៃនេះតថាគតមានសតិសម្បជញ្ញៈ បានដាក់អាយុសង្ខារក្នុងបាវាលចេតិយ អម្បាញ់មិញនេះឯង»

ពិធីបុណ្យមាឃបូជា តែងតែត្រូវបានធ្វើឡើងនៅថ្ងៃ១៥កើត ខែមាឃ ជារៀងរាល់ឆ្នាំ ហើយពិធីបុណ្យសាសនាមួយនេះ មានសារៈសំខាន់ណាស់នៅក្នុងពុទ្ធិសាសនា ប្រហាក់ប្រហែលនឹងបុណ្យពុទ្ធសាសនាដទៃទៀតដែរ រួមមាន៖ ពិសាខបូជា, អាសាឍបូជា និងបុណ្យបវារណា (ចេញវស្សា)ជាដើម។ បុណ្យមាឃបូជានេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ចូលជាបុណ្យជាតិរបស់កម្ពុជាផងដែរ ដោយនៅថ្ងៃប្រារព្ធបុណ្យនេះ រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យមន្ត្រីរាជការ សិស្សានុសិស្ស រួមទាំងវិស័យឯកជន ឈប់សម្រាកមួយថ្ងៃផងដែរ៕