(ភ្នំពេញ)៖ លោក ជុំ កុសល ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានរិះគន់ លោកអារិន ឆ្វាតចេស ( Arend Zwartjes) អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាថា បានធ្វើហួសតួនាទីរបស់ខ្លួន ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជា។

លោក ជុំ កុសល បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងតួនាទីជាប្រធានកិច្ចការសាធារណ:របស់ស្ថានទូត លោកអារិន ឆ្វាតចេស ( Arend Zwartjes) គួរតែយល់ដឹងច្បាស់ពីឥរិយាបថ និងភារកិច្ចរបស់ទូតថា អ្វីដែលគួរធ្វើ និងអ្វីដែលមិនគួរធ្វើហើយ មិនមែនចេះតែប៉ាតណាប៉ាតណីជ្រុលហួសតួនាទីរបស់ខ្លួនបែបនេះឡើយ»។

ប្រតិកម្មរបស់ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពី ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា តាមរយៈ Facebook កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ក​ន្លងទៅ បានបង្ហោះសារមួយការពារ លោក កឹម សុខា អតីតប្រធាននៃគណបក្សសង្រ្គោះជាតិ ដែលតុលាការកំពុងចោទប្រកាន់ ពាក់ព័ន្ធនឹងសំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេស។

លោក Arend Zwartjes អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បានអះអាងថា ការណ៍ដែលអាមេរិក បានលូកលាន់ចំពោះករណីលោក កឹម សុខា នាពេលនេះ ដោយសារតែមានមូលហេតុ២យ៉ាង ក្នុងនោះគឺអាមេរិក គឺជាសមាជិកហត្ថាលេខី នៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ដែលត្រូវ​មានទំនួលខុសត្រូវត្រួតពិនិត្យថា លិទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សត្រូវបានគោរព នៅក្នុងប្រទេសកម្ពុជា។

លោក ជុំ កុសល បានព្រមានថា៖ «ភារកិច្ចរបស់មន្ត្រីទូតគឺជាអ្នកតំណាងឱ្យប្រទេសរបស់ខ្លួនមកឈរជើងក្នុងប្រទេសកម្ពុជា ក្នុងនាមជាអ្នកសម្រួបសម្រួល ជាអ្នកនាំសារ និងជាអ្នកតភ្ជាប់ចំណងមិត្តភាពកាន់តែប្រសើរឡើង។ ការពារផលប្រយោជន៍ស្របច្បាប់របស់ប្រទេសទាំងពីរឱ្យកាន់ល្អទាំងបញ្ហានយោបាយ សេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ និងបញ្ហាគ្រប់វិស័យ។ បើនិយាយអំពីចំណងការទូតរវាងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា គឺបានចុះអនុសញ្ញាតាំងពីឆ្នាំ១៩៦១ នៅទីក្រុងវីយែន»

លោកបានពន្យល់ទៀតថា ក្នុងខ្លឹមសារអនុសញ្ញាស្តីពីទំនាក់ទំនងការទូតនេះ គឺតម្រូវឱ្យស្ថានទូតអាមេរិកគោរពច្បាប់ និងបទប្បញ្ញត្តិនានា និងមិនត្រូវជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាឡើយ។ ប៉ុន្តែតាមការមើលឃើញជាក់ស្តែង ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកមួយចំនួន ដែលមានបេសកកម្មនៅកម្ពុជា គឺតែងដើរហួសតួនាទីរបស់ខ្លួន ជ្រៀតជ្រែកចូលក្នងកិច្ចការផ្ទៃក្នងកម្ពុជាជារឿយៗ ហើយថែមទាំងមានអគ្គរដ្ឋទូតខ្លះ បានបញ្ចេញឥរិយាបថមិនសក្តិសមជាមន្ត្រីការនៅចំពោះព្រះភ័ក្រព្រះមហាក្សត្រ និងសមាជិករដ្ឋសភានៃកម្ពុជាថែមទៀតផង។

ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «នៅដើមឆ្នាំ២០១៩នេះ ក្នុងពេលដែលមិនទាន់មានឯកអគ្គរដ្ឋទូតអាមេរិកផ្លូវការប្រចាំនៅរាជធានីភ្នំពេញនៅឡើយ ប៉ុន្តែបែរជាហ្វេសបុករបស់ស្ថានទូតនេះ បានបង្ហោះសារនយោបាយកម្ពុជាត្រង់ៗ ដែលជាសារជ្រៀតជ្រែកកិច្ចការផ្ទែក្នុងរបស់កម្ពុជាយ៉ាងច្បាស់ក្រឡែត។ ក្នុងទិដ្ឋភាពបង្កើតបញ្ហាបែបនេះ តើពលរដ្ឋកម្ពុជាអាចនៅស្ងៀមមិនប្រតិកម្មបានទេ? ។ លោក អារិនឆ្វាតចេស បានធ្វើផ្ទុយស្រឡះពីតួនាទីជាមន្ត្រីការទូត ដូច្នេះលោកអារិន ឆ្វាតចេស គួរកែប្រែឥរិយាបថឡើងវិញ ដើម្បីធ្វើខ្លួនឱ្យត្រូវតាមតួនាទី និងឈប់ជ្រែតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជាតទៅទៀត!»