(ថៃ)៖ ក្រុមហ៊ុន Epson នៅក្នុងប្រទេសថៃ បានរៀបចំសន្និសីទសារព័ត៌មានមួយ ដើម្បីបង្ហាញនូវការវិវវត្ត និងយុទ្ធសាស្រ្តថ្មីសម្រាប់ឆ្នាំ ២០១៩ ដោយបានចាប់ផ្តើមនូវអាជីវកម្មថ្មីមួយរបស់ខ្លួន ជាមួយនឹងការបញ្ចេញនូវផលិតផលថ្មីចំនួន៤សំខាន់ៗ ដើម្បីបន្តនូវការពង្រីកគោលដៅ ក្នុងការសម្រេចនូវប្រាក់ចំណេញរបស់ខ្លួននៅក្នុងរយៈពេល៥ ឆ្នាំខាងមុខទៀត។

ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងនូវសណ្ឋាគារ R PHOTO ដែលស្ថិតនៅខេត្តនគរភ្នំ ក្នុងប្រទេសថៃ នាសប្តាហ៍មុននេះ ដែលមានការចូលរួមពីសំណាក់អ្នកសារព័ត៌មានជាច្រើនរូប ដែលមានមកពីប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងប្រទេសថៃ ដែលជាម្ចាស់ផ្ទះផងដែរ។

ក្រុមហ៊ុន Epson នៅក្នុងប្រទេសថៃ បានបញ្ជាក់ថា សម្រាប់ផលិតផលថ្មីចំនួន៤សំខាន់ៗនេះ គឺផ្តោតទៅលើម៉ាស៊ីនព្រីន Inkjet Printers ល្បឿនលឿន ម៉ាស៊ីនព្រីនសម្រាប់ឧស្សាហកម្ម/សហគ្រាស ម៉ាស៊ីនបញ្ចាំងរូបភាព Laser Projectors និងវិស័យដៃទ្រមនុស្សយន្ត (Robotic Arms)។

លោក Yunyong Muneeongkoltorn ដែលជាអគ្គនាយករបស់ក្រុមហ៊ុន Epson (ប្រចាំប្រទេសថៃ) បានថ្លែងថា «បើទោះបីជាទីផ្សារបច្ចេកវិទ្យានៅក្នុងប្រទេសថៃ មានការធ្លាក់ចុះ៣% កាលពីឆ្នាំមុននេះ ក៏ដោយ ក្រុមហ៊ុន Epson នៅតែមានការកំណើនទៅលើទីផ្សារចំនួន៥%។ ហើយសម្រាប់ផលិតផលជាច្រើនរបស់ក្រុមហ៊ុន គឺមានដំណើរការយ៉ាងល្អនៅលើទីផ្សារ»

លោកមានជំនឿជឿជាក់ថា នៅចុងត្រីមាសទី១ (៣១ មីនា ២០១៩) នេះ អាជីវកម្ម Projector Group នឹងមានការកើនឡើងជាង១០% បើធៀបទៅនឹងឆ្នាំមុននេះ។ លោកបានបន្តថា សម្រាប់យុទ្ធសាស្រ្ត New S-Curve នេះ គឺគ្របដណ្តប់ទៅលើផ្នែកសំខាន់ចំនួន ៤ ទៅលើផលិតផល សេវាកម្ម ការចែកចាយ និងទំនាក់ទំនងទីផ្សារផងដែរ។ សម្រាប់ផ្នែកផលិតផលក្រុមហ៊ុន Epson នៅក្នុងប្រទេសថៃ មានគម្រោង ក្នុងការដំណើរការនូវទីផ្សារសម្រាប់ផលិតផលទាំង៤ផ្នែកសំខាន់នេះ។

សម្រាប់ក្រុមទី១៖ គឺម៉ាស៊ីនព្រីនល្បឿនលឿន Inkjet Printers ដែលបំពេញនូវតម្រូវការចង់បានសម្រាប់សហគ្រាស SMEs ឬ SOHO ទៅដល់សហគ្រាសធំៗបានថែមទៀត។ គោលដៅរបស់ផលិតផលនេះ គឺដើម្បីជំនួសនូវម៉ាស៊ីនព្រីន laser Printers។ ម៉ាស៊ីនព្រីនល្បឿនលឿន Inkjet Printers របស់ក្រុមហ៊ុន Epson នេះ ក៏មានការអភិវឌ្ឍដែលមានសមត្ថភាពខ្លាំងក្លាជាងម៉ាស៊ីនព្រីន laser Printers ជាមួយនឹងកម្រិតគុណភាពនៃការព្រីនខ្ពស់ ការសន្សំសំចៃថាមពលអគ្គិសនី ងាយស្រួលក្នុងការថែទាំ ការសន្សំសំចៃប្រាក់ និងការថែរក្សានូវបរិស្ថាន និងសុខភាពក្នុងការប្រើប្រាស់ថែមទៀត។

សម្រាប់ក្រុមទី២៖ គឺម៉ាស៊ីនព្រីនសម្រាប់សហគ្រាស និងក្រុមហ៊ុនគឺសម្រាប់ប្រើប្រាស់នៅក្នុង Photo mini-Labs ឧស្សាហកម្មកាត់ដេរ និង Banners សម្រាប់ដាក់តាំងបង្ហាញនៅខាងក្នុង និងខាងក្រៅផងដែរ។ គោលដៅរបស់ផលិតផលនេះ គឺដើម្បីបំពេញនូវតម្រូវការរបស់អតិថិជនជាច្រើនសម្រាប់ការព្រីននៅក្នុងឧស្សាហកម្មកាត់ដេរនេះ ឧទាហរណ៍ម៉ាស៊ីន Direct-to-Fabric (DTF) Printers ដែលអាចដំណើរការបានទៅតាមតម្រូវការរបស់អ្នកប្រើប្រាស់ថែមទៀត។ នេះគឺដោយសារតែការប្រើប្រាស់នូវបច្ចេកវិទ្យា Digital printing System ដែលធ្វើអោយក្រណាត់នេះមានការប្រើប្រាស់សារធាតុគីមីទាប និងការកាត់បន្ថយនូវការខ្ជះខ្ជាយថែមទៀតបើធៀបជាមួយនឹងម៉ាស៊ីនបង្កើតនូវពុម្ព pattern នោះ។

សម្រាប់ក្រុមទី៣៖ គឺជាម៉ាស៊ីនចាក់បញ្ចាំងរូបភាព Projectors ដែលជាផលិតផលដ៏សំខាន់របស់ក្រុមហ៊ុន Epson នៅក្នុងប្រទេសថៃផងដែរ។ ក្រុមហ៊ុន Epson មានចំណែកទីផ្សារធំទៅលើម៉ាស៊ីនចាក់បញ្ចាំងរូបភាពនេះ ហើយវាគឺនាំមុខគេនៅលើទីផ្សារ។ ក្រុមហ៊ុន Epson ថ្មីៗនេះ ក៏បញ្ចេញនូវម៉ាស៊ីនចាក់បញ្ចាំងរូបភាព Laser Projectors របស់ខ្លួនដែលមានកម្រិតពន្លឺ 20,000 Lumens និងម៉ាស៊ីន 4K Laser Projectors ។

សម្រាប់ក្រុមទី៤៖ គឺផ្នែកដៃទ្រមនុស្សយន្ត Robotic Arms ដែលក្រុមហ៊ុន Epson ចង់ធ្វើការផ្តោតទៅលើវិស័យអប់រំ និងការផ្តល់សម្រាប់សហគ្រាសធុនតូចក្នុងការពង្រីកនូវទីផ្សាររបស់ពួកគេកាន់តែមានប្រសិទ្ធភាពថែមទៀត។ នៅក្នុងពេលអនាគតនេះ ក្រុមហ៊ុន Epson នៅក្នុងប្រទេសថៃ នឹងបង្ហាញនូវមនុស្សយន្តជាច្រើន ដែលអាចកាន់ទៅលើវត្ថុធ្ងន់ៗជាច្រើននៅក្នុងសហគ្រាសរបស់ពួកគេថែមទៀត៕