(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថាកាលពីដើមឡើយ កម្ពុជា​មិនអនុញ្ញាតឲ្យជនបរទេស មកបង្កើតក្រុមហ៊ុនមេធាវី នៅកម្ពុជានោះទេ។ ប៉ុន្តែនៅពេលនេះ ស្របទៅតាមច្បាប់ របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) កម្ពុជាបានកែប្រែច្បាប់នោះហើយ ហើយវត្តមានរបស់មេធាវីបរទេសនៅកម្ពុជា ក៏ជាចំណែកមួយ ដែលជាការលើកទឹកចិត្ត និងជំនឿចិត្តរបស់វិនិយោគិន មកកាន់កម្ពុជាផងដែរ។

ការលើកឡើងរបស់សម្តេចតេជោ បានធ្វើឡើង នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈនេះ ក្នុងឱកាសដែលសម្តេចអនុញ្ញាតឲ្យលោក​ ម៉ាត់ធ្យូ អែនតូនី ថាយល័រ (Matthew Anthony Tayler) ប្រធានក្រុមហ៊ុនច្បាប់ ដន ម៉ូរីស អិលអិលភី (Duane Morris LLP) ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព។

បើតាមលោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ បានប្រាប់ឲ្យដឹងថា នៅក្នុងជំនួបនេះ ​លោកម៉ាត់ធ្យូ បានជម្រាបជូនសម្តេចតេជោថា ក្រុមហ៊ុនដន ម៉ូរីស មានអាយុកាល១១៥ឆ្នាំហើយ ដោយបង្កើតឡើងនៅទីក្រុងហ្វីឡាដេព្យា (Philadelphia) ​សហរដ្ឋអាមេរិក មានសាខា៣០ និងមានសមាជិកមេធាវី ប្រមាណ៨០០នាក់។

លោកបានបន្តថា ដំណើរទស្សនកិច្ចរបស់លោក មកកាន់កម្ពុជានៅពេលនេះ គឺដើម្បីចូលរួមកិច្ចប្រជុំកំពូលមេធាវីអាស៊ី ហើយការរៀបចំនៅកម្ពុជានេះ គឺ​បានដែលនាំ ឲ្យប្រតិភូមេធាវីរបស់លោក និងមេធាវីដទៃទៀត បានស្គាល់ពីកម្ពុជាផង ហើយគណៈប្រតិភូ របស់លោក បានរំជើបរំជួលយ៉ាងខ្លាំង នៅពេលបានទស្សនា ប្រាសាទអង្គរវត្ត នៅខេត្តសៀមរាប ដែលជាប្រាសាទមួយដ៏ល្អឆ្នើមជាទីបំផុត ជាមួយនឹង ការទទួលស្វាគមន៍យ៉ាងរីករាយ ​ពីប្រជាជនកម្ពុជា បានធ្វើឲ្យប្រតិភូរបស់លោក មានការសប្បាយរីករាយយ៉ាងខ្លាំង។ ​ពីនោះទៅទៀតលោក ក៏បានមានប្រសាសន៍ផងដែរថា លោកក៏មា នភាពរំជើបរំជួល នៅពេលដែលបានមកឃើញ ព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសដ៏ស្អាតល្អមួយ។ លោកម៉ាត់ធ្យូ ក៏បានមានប្រសាសន៍ផងដែរថា ការចូលរួមកិច្ចប្រជុំកំពូលមេធាវីអាស៊ី នៅកម្ពុជានេះ គឺដើម្បីស្វែងយល់អំពីកម្ពុជា កាន់តែច្រើនឡើង ដើម្បីធ្វើយ៉ាងណា ឲ្យមេធាវីរបស់លោក អាចជួយផ្ដល់សេវាកម្មមួយ ដ៏មានប្រសិទ្ធភាពនិងតម្លាភាព ដល់អតិថិជន ដែលមកធ្វើវិនិយោគនៅកម្ពុជា។

ជាការឆ្លើយតបសម្ដេចតេជោ បានមានប្រសាសន៍ថា រយៈពេលជាង៤០ឆ្នាំជាងកន្លងមកនេះ កម្ពុជាមានការប្រែប្រួលយ៉ាងខ្លាំង នៅពេលនេះកម្ពុជា កំពុងតែប្រឈមនឹងការស្ទះចរាចរណ៍ផង និងការគ្រោះថ្នាក់ចរាចរណ៍ផង។ ប៉ុន្តែបើយើងមើលទៅលើទៅ៤០ឆ្នាំមុន កម្ពុជា ជាពិសេស ​​នៅទីក្រុងភ្នំពេញ​​ សម្ដេចផ្ទាល់បានជួបប្រជាជន តែ៧០នាក់ប៉ុណ្ណោះ។ នៅពេលនោះ រហូតមកដល់បច្ចុប្បនេះ កម្ពុជា​បានជម្នះ លើបញ្ហាជាច្រើន ហើយកំពុងតែប្រឈមនឹង បញ្ហាជាច្រើនផងដែរ។ ក្នុងន័យនេះ សម្តេចសូមប្រតិភូលោកម៉ាត់ធ្យូ រួមជាមួយនឹងលោកម៉ាត់ធ្យូផ្ទាល់ ​ពិនិត្យមើលលទ្ធភាពណាមួយ ដែលអាចជួយបានដល់កម្ពុជា។

សម្ដេច ក៏បានជម្រាបជូនប្រតិភូទាំងមូលផងដែរ អំពីអ្វីដែលសម្តេច​ បានសម្រេចកាលពីម្សិលមិញ គឺបញ្ហាពាក់ព័ន្ធទៅនឹងការការពារស្ត្រី ដែលកន្លងមកមានករណីមួយចំនួន ដែលពុំបានធ្វើការកាត់ក្តី ដោយសារការកង្វះមេធាវីផង ឬក៏កង្វះៗអ្វីដទៃទៀតផងនោះ។ សម្ដេច បានមានប្រសាសន៍ថា សម្ដេចនឹងរៀបចំ ឲ្យមានប្រតិភូមេធាវីមួយ ដើម្បីជួយការពារស្ត្រី ដើម្បីជំរុញធ្វើយ៉ាងណាឲ្យស្ត្រីកម្ពុជា បានទទួលការកាត់ក្តី ឲ្យបានលឿនជាទីបំផុត ជៀសវាងការឃុំខ្លួនលើសពេលវេលា។ ហើយករណីនេះផងដែរ សម្ដេចក៏បានមានប្រសាសន៍ផងដែរថា ការការបង្កើតមេធាវីនេះ គឺមានប្រមាណ៥០នាក់ ហើយក្នុង៥០នាក់នេះ អាចបែងចែក ២នាក់ក្នុងមួយខេត្ត។ 

ជាមួយនេះដែរ សម្តេចក៏បានមានប្រសាសន៍បញ្ជាក់ផងដែរថា ការការពារក្តីនេះ មិនកំណត់ឲ្យការពារតែស្ត្រីនោះទេ។ ប៉ុន្តែការពារករណីផ្សេងទៀត ដែល​ធ្វើយ៉ាងណាជួយឲ្យសង្គមកម្ពុជា មានយុត្តិធម៌ ចំពោះប្រជាជន និងជាប្រទេសមួយ ដែលអនុវត្តតាមនីតិរដ្ឋ។ ក្នុងន័យនេះដែរ សម្តេចតេជោបានស្វាគមន៍ ចំពោះមេធាវី និងប្រទេសជាតិ ដែលមានបំណងចង់ចូលរួម ជាមួយនឹងបញ្ហានេះ៕