(រតនគិរី)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នារសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ បានអញ្ជើញប្រកាសតែងតាំងមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ដោយតែងតាំងលោកឧត្តមសេនីយ៍ត្រី ថាវ​ យ៉េន ជំនួសលោក គឹម រស្មី ដែលត្រូវបានបញ្ឈប់ចេញពីក្របខណ្ឌយោធា។

ពិធីប្រកាសតែងតាំងមុខតំណែងខាងលើ ក៏មានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត, លោក ថង សាវុន អភិបាល នៃអភិបាលខេត្តរតនគិរី ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោកព្រះរាជអាជ្ញាអមសាលាដំបូង, មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត, ស្នងការនគរបាលខេត្ត, អស់លោកលោកស្រីប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត, អភិបាលស្រុក-ក្រុងទាំង០៩ និងនាយទាហាន នៃទីបញ្ជាការកងរាជអាវុធហត្តខេត្តជាច្រើនរូបផងដែរ។

យោងតាមប្រកាសរបស់ក្រសួងការពារជាតិចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ស្តីពីការតែងតាំងមុខងារនាយទាហាន បានសម្រេចតែងមុខងារជូនលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការរង និងជានាយសេនាធិការបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី បច្ចុប្បន្នជាមេបញ្ជាការរដ្ឋានកងរាជអាវុធខេត្តរតនគិរី។ ដោយឡែកលោកវរសេនីយ៍ឯក មួន សុវណ្ណដា មេបញ្ជាការរងទទួល ផែនសេនាធិការផងដែរ៕