(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នគរបាលរាជធានីភ្នំពេញ បានយកដីការបស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ទៅបិទនៅស្នាក់ការអតីតគណបក្សសង្រ្គោះជាតិ ចំពោះការបញ្ចប់នីតិវិធីស៊ើបអង្កេតលើ សំណុំរឿងប្រមាថអង្គព្រះមហាក្សត្ររបស់ទណ្ឌិត សម រង្ស៉ី មេចលនាសង្រ្គោះជាតិ។

នៅក្នុងដីការបស់ចៅក្រម ហម ម៉េងសែ បានបញ្ជាក់ថា «ឈ្មោះ សម រង្ស៊ី ភេទប្រុស កើតថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៤៩ ជនជាតិខ្មែរ ត្រូវបានដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទ «ប្រមាថចំពោះអង្គ ព្រះមហាក្សត្រ ប្រព្រឹត្តទៅរាជធានីភ្នំពេញ និងទីកន្លែងផ្សេងទៀត កាលពីថ្ងៃទី០៦, ថ្ងៃទី០៧ និងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨។ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៣៧ (ស្ទួន) នៃច្បាប់ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ»

ចៅក្រមបានជូនដំណឹងថា «សំណុំរឿងព្រហ្មទណ្ឌខាងលើនេះ យើងបានបញ្ចប់ការស៊ើបសួរហើយ»

សួមជម្រាបថា ដើមចមនៃបណ្តឹងនេះ គឺបានកើតឡើង កាលពីខែមិថុនា ឆ្នាំ២០១៨ ដោយទណ្ឌិត សម រង្ស៊ី មេចលនាសង្រ្គោះជាតិ បានប្រមាថថា ព្រះរាជសារព្រះមហាក្សត្រជាទីសក្ការៈ ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ដែលអំពាវនាវឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត នាចុងខែកក្កដានោះថា ជាព្រះរាជសារក្លែងក្លាយ និងគ្មានតម្លៃ ទោះបីជាព្រះបរមរាជវាំងចេញមុខប្រកាសថា ព្រះរាជសារនោះ ជាព្រះរាជសារពិតប្រាកដ មិនក្លែងក្លាយក៏ដោយ។ ការប្រមាថរបស់ លោក សម រង្ស៊ី បែបនេះ បានធ្វើឱ្យមានប្រតិកម្មយ៉ាងខ្លាំងពីបណ្តាគណបក្សនយោបាយ និងប្រជាពលរដ្ឋកម្ពុជា។

បើតាមច្បាប់ថ្មី មាត្រា ៤៣៧ ស្ទួន ជំពូកទី១ នៃមាតិកាទី១នៃគន្ថីទី៤ នៃក្រមព្រហ្មទណ្ឌ បានចែងថា «ការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ០១ឆ្នាំ ទៅ០៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ១០លានរៀល។ ចំពោះនីតីបុគ្គលក៏អាចត្រូវបានផ្តនា្ទទោសពិន័យជាប្រាក់ ១០លានរៀល ទៅ៥០លានរៀល ព្រមទាំងទោសបន្ថែមមួយ ឬច្រើន ក្នុងករណីដែលតុលាការរកឃើញថា មានពិរុទ្ធភាពពាក់ព័ន្ទនឹងការប្រមាថចំពោះអង្គព្រះមហាក្សត្រ»