(រតនគិរី)៖ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តរតនគិរី ​បាន​រៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍៦០ឆ្នាំ នៃការបង្កើតខេត្តរតនគិរី ដែលបានធ្វើឡើងនៅរង្វង់មូលនាគព័ន្ធ ស្ថិតក្នុងក្រុងបានលុង ក្រោមអធិបតីភាព លោកព្រឹទ្ធាចារ្យ ប៊ូ ថង ទីប្រឹក្សាសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា។

ក្នុងពិធីនេះ ក៏​មានការអញ្ជើញចូលរួមពីសំណាក់​ទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តរតនគិរី, លោក មួង ប៉យ សមាជិកព្រឹទ្ធសភា, លោក ប៊ូ ឡាំ សមាជិករដ្ឋសភា, លោក​ ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត, លោក ថង សាវុន អភិបាល​ខេត្ត ព្រមទាំងលោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរង​ខេត្ត, អភិបាលក្រុងស្រុកទាំង០៩ មន្រ្តីរាជការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ សិស្សានុសិស្ស យុវជន ស.ស.យ.ក យុវជនកាយរិទ្ធ, យុវជនកាកបាទក្រហម និងប្រជាពលរដ្ឋមកពីសង្កាត់ទាំងបួន​ក្នុងក្រុងសរុបប្រមាណ​២,០០០នាក់។

បន្ទាប់ពីធ្វើពិធីក្រុងពាលី សុំសេចក្ដីសុខសេចក្ដីចម្រើនពី​ម្ចាស់ទឹកម្ចាស់ដីរួចមក លោក ថង សាវុន បានលើកឡើងថា ខេត្តរតនគិរី ត្រូវបានបង្កើតឡើង នៅថ្ងៃ​អង្គារ៩ កើត ខែមាឃ ឆ្នាំ​ច សំរិទ្ធស័ក ព.ស​២៥០១ ត្រូវនិងថ្ងៃទី​១៧ ខែ​កុម្ភៈ ឆ្នាំ​១៩៥៩ តាមព្រះរាជក្រឹត្យដែលឡាយព្រះហស្ថលេខា ដោយសម្ដេច ព្រះនរោត្តម សុរាម្រិត តាមរយៈសំណើរបស់ទេសរដ្ឋមន្រ្តី ទទួលបន្ទុកក្រសួងមហាផ្ទៃ ផូ ព្រឿង និងនាយករដ្ឋមន្រ្តីស្ដីទី សុន សាន ដែលត្រូវបានកាត់ចេញពីខេត្តស្ទឹងត្រែង។

ពេលបង្កើតខេត្តនេះ មានស្រុកចំនួនបីគឺ ស្រុកវ៉ើនសៃ ស្រុកអណ្ដូងពេជ្រ (ស្រុកបកែវ​បច្ចុប្បន្ន) ​និង​ស្រុកលំផាត់ ខេត្តមានផ្ទៃដីសរុបចំនួន​១០,៤៥០​គីឡូម៉ែត្រការ៉េ និងទីរួមខេត្តសម័យនោះ ស្ថិតនៅស្រុក​អណ្ដូងពេជ្រ (ស្រុកបកែវ បច្ចុប្បន្ននេះ) ហើយ​លោក អ៊ុង ញ៉ច ត្រូវបានរាជរដ្ឋាភិបាលសម័យសង្គមរាស្រ្តនិយម តែងតាំងជាអភិបាលខេត្តភាគឥសានមួយនេះ ចាប់ពីឆ្នាំ​១៩៥៩ ដល់ឆ្នាំ១៩៦៨។

លោក​បន្តថាស្ថិតក្នុងសម័យសង្គមរាស្រ្តនិយមក្រោមការដឹកនាំរបស់សម្ដេចព្រះនរោត្តម សីហនុ នាសម័យនោះខេត្តរតនគិរី ក៏ដូចជាខេត្តផ្សេងៗទៀត ប្រជាពលដ្ឋបានរស់នៅប្រកបដោយសុខដុមរមនាតែជាអកុសលនៅថ្ងៃទី​១៨ ខែមីនា ឆ្នាំ១៩៧០ រដ្ឋប្រហារមួយដឹកនាំដោយ លោកសេនាប្រមុខ លន់ ណល់បានផ្ដួលរំលំរបបដឹកនាំរបស់សម្ដេចព្រះនរោត្តម សីហនុ បង្កទៅជាសង្គ្រាមរាំរៃពេញផ្ទៃក្រុងប្រទេស។

ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រដ្ឋាភិបាលកម្ពុជាសម័យនោះ បានរៀបចំឡើងវិញ នៅហេដ្ឋារចនាសម្ព័ន្ធដែនដី និងការគ្រប់គ្រង ក្នុងនោះ​អភិបាលខេត្តរតនគិរី លោក ប៊ូ ជួង បានកាន់តំណែងជាអភិបាលខេត្តរតនគិរី ចាប់ពីឆ្នាំ​១៩៧៩ ដល់ឆ្នាំ​១៩៨៥​​។ បន្ទាប់ពីការរំដោះប្រទេស ក្រោមគំនិតផ្ដួចផ្ដើមពីសំណាក់លោក​ព្រឹទ្ធាចារ្យ ប៊ូ ថង ខេត្តរតនគិរី ត្រូវបានប្ដូរទីតាំងទីរួមខេត្តពីស្រុកវើនសៃ មកស្រុកបានលុងវិញ និងបានរៀបចំប្លង់គោលទីប្រជុំជនក្រុងបានលុង ព្រមទាំងធ្វើការកសាង និងអភិវឌ្ឍន៍ជាបន្តបន្ទាប់ឲ្យមានការរីកចម្រើនរហូតមកដល់បច្ចុប្បន្ននេះ។

លោកអភិបាលខេត្ត បានរំលឹកឡើងវិញ នូវគ្រប់សម័យកាលនៃការខិតខំប្រឹងប្រែងរបស់ឥស្សរជនកំពូលៗ ចាប់ដែលបានចាប់ផ្តើមពីចំណុចសូន្យ កម្ពុជាបានធ្វើដំណើរ​លើកំណាត់ផ្លូវ ដែលពោពេញដោយឧបសគ្ក និងការលំបាកច្រើនរាប់មិនអស់ ទម្រាំឈានមកដល់តំណាក់កាលបច្ចុប្បន្ន។ ក្រោមគោលនយោបាយឈ្នះឈ្នះរបស់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​កម្ពុជា កម្ពុជាមានការឯកភាពជាតិ មានសុខសន្តិភាព ស្ថេរភាពនយោបាយ ដែលកត្តានេះបានបង្ក​ឱកាសមាស សម្រាប់ធ្វើការអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។

ខេត្តរតនគិរី ក៏ដូចជាបណ្តាខេត្តផ្សេងៗ​ដែរ មានការអភិវឌ្ឍ​លើគ្រប់វិស័យឡើងវិញ ក្រោយឆ្នាំ១៩៧៩ ជាពិសេសរយៈពេល២ទសវត្សចុងក្រោយនេះ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវគមនាគមន៍ ត្រូវបានតភ្ចាប់ពីរាជធានីភ្នំពេញ មកកាន់ខេត្តរតនគិរី និងបានតភ្ជាប់ពីខេត្តរតនគិរី ទៅកាន់បណ្តាខេត្តផ្សេងៗទៀត ក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ច​ខេត្ត។ ជាក់ស្តែងនៅក្នុងឆ្នាំ២០១៧ ផលិតផលសរុបក្នុងខេត្ត (GDP) មនុស្សម្នាក់ទទួល​បាន១,១៤៩ដុល្លាអាមេរិក។

ក្នុងនាមជាថ្នាក់ដឹកនាំខេត្ត ក៏ដូចជាប្រជាពករដ្ឋនៅទូទាំងខេត្តរតនគិរី លោក ថង សាវុន បានសម្តែងនូវការចងចាំ និងដឹងគុណយ៉ាងជា្រលជ្រៅបំផុត ចំពោះអតីតថ្នាក់ដឹកនាំខេត្តរតនគិរីគ្រប់ៗរូប ដែលបានខិតខំបង្កើត និងកសាងអភិវឌ្ឍន៍ខេត្តមួយនេះឲ្យមានការរីកចម្រើនពីមួយអាណត្តិទៅមួយអាណត្តិ និងសូមប្តេជ្ញាខិតខំប្រឹងប្រែងបន្តអភិវឌ្ឍន៍រតនគិរី ឲ្យមានភាពរុរឿងដូចបណ្តាខេត្តនានានៅទូទាំងប្រទេសកម្ពុជា៕