(ភ្នំពេញ)៖ ​ពិតជា​គួរ​ឱ្យ​ភ្ញាក់ផ្អើល​បំផុត​ចំពោះ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ​ដែល​តាមរយៈ ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុ​ក​ផ្លូវការ​របស់​ខ្លួន ​បាន​បញ្ចេញ​សារ​ដែល​មាន ​លក្ខណៈ​បំពាន​និង​រំលោភ​លើ​គោលការណ៍​រដ្ឋ​មួយ​មិន​ត្រូវ​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​រដ្ឋ​មួយទៀត​ដែល​មាន​ចែង​ក្នុង​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​បាន​និង​កំពុងតែ​រំលោភ ​បំពាន​លើច្បាប់​ទម្លាប់​ការទូត​។ ​ក្រោយពី​ព្យាយាម​រលាស់ខ្លួន ​ចេញពី​ការទទួលខុសត្រូវ​ក្នុង​ឧក្រិដ្ឋ​កម្ម​ទម្លាក់​គ្រាប់បែក​ប្រមាណ ​៣លាន​តោន​លើ​ក្បាល​ខ្មែរ ​និង​ការ​មិន​ទទួលស្គាល់​ថា​ខ្លួន​គាំទ្រ ​លន់ ​នល់ ​និង​ស៊ីសុវត្ថិ ​សិរិ​មតៈ​ទម្លាក់​សម្តេច​ឪ ​នរោត្តម ​សីហនុ ​នាំ​ឱ្យ​មាន​សោកនាដកម្ម​របប​បបរ​ល័យ​ពូជសាសន៍​ខ្មែរក្រហម​ស្លាប់​ខ្មែរ​រាប់​លាន​នាក់ ​នៅ​ថ្ងៃទី១៥ ​ខែកុម្ភៈ ​ឆ្នាំ ​២០១៩ ​នេះ ​ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​ភ្នំពេញ​បាន​ចេញ​សារ​មួយទៀត​ដែល​មាន ​លក្ខណៈ​ញុះញង់ ​និង​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា ​និង​លូកដៃ​ចូលក្នុង​សមត្ថកិច្ច​តុលាការ​កម្ពុជា​យ៉ាង​ពិតប្រាកដ​។ ​នេះ​គឺជា​ការ​បង្ហាញ​យ៉ាង​ច្បាស់​ពី​ចរិត​បំពានច្បាប់​និង​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​របស់​មន្ត្រី​ស្ថានទូត​នៃ​ប្រទេស​ស៊ីវិល័យ ​មួយ​ដែល​តាំងខ្លួនជា​គ្រូអាចារ្យ​សិទ្ធិមនុស្ស ​ប្រជាធិបតេយ្យ​និង​និ​តិ​រដ្ឋ​។ ​ពួកគេ​ក៏បាន​និង​កំពុងតែ​ពង្វក់​ខួរក្បាល​កូនខ្មែរ​មួយចំនួន​ដែល​កំពុង​បម្រើការ​ងារ​នៅក្នុង​ស្ថានទូត​នេះ​ឱ្យ​វង្វេង​ប្រវត្តិសាស្ត្រ ​និង​ជាន់ឈ្លី​អធិបតេយ្យ​ជាតិ​ខ្លួន​ដើម្បី​ប្តូរ​នឹង​ប្រាក់​ដុល្លារ ​ភ្លេច​គិតថា​ដូនតា​និង​ឪពុក​ម្តាយ​ខ្លួន​រត់គេច​គ្រាប់បែក​អាមេរិកាំង​ចៅហ្វាយនាយ​ដែល​ខ្លួន​កំពុង​បម្រើ​នេះ​។

សារ​ដែល​មន្ត្រី​ស្ថានទូត​អាមេរិក​បាន​ប៉ុស្តិ៍​លើ​ហ្វេ​សប៊ុ​ក ​របស់​ខ្លួន​ដោយ​គ្មាន​អៀនខ្មាស ​និង​ប្រកបដោយ​ការ​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា ​និង​អធិបតេយ្យ​ជាតិខ្មែរ​នោះ​គឺ ​«​តើ​អ្នកមាន​ដឹង​ទេ​ថា ​លោក ​កឹម ​សុខា ​បាន​ជាប់​ក្នុង​ការ​ឃុំឃាំង​ជិត ​១៨ខែ​មក​ហើយ​? ​វា​មាន​​រយៈពេល ​៥៣០ ​ថ្ងៃ​នៃ​ការ​ជាប់ឃុំ​។ ​គាត់​ជា​មនុស្ស​ស្អាតស្អំ ​ដែល​ត្រូវ​បាន​ឃុំខ្លួន​ដោយ​អយុត្តិធម៌ ​ក្រោម​ការចោទប្រកាន់​មិន​ពិត​។ ​មិន​មាន​ភស្តុតាង​ណាមួយ​ប្រឆាំង​នឹង​គាត់​ឡើយ​.​.​.​.​.​»​។ ​ហេតុអ្វី​បាន​មន្ត្រី​នៃ​ស្ថានទូត​អាមេរិក​ថា​កឹម ​សុខា ​ស្អាតស្អំ​? ​ប្រសិនបើ​យល់ថា ​កឹម ​សុខា ​ដែល​កំពុង​ជាប់ចោទ​ពី​បទ​ឃុបឃិត​នឹង​បរទេស​ក្បត់ជាតិ​ខ្មែរ​ស្អាតស្អំ ​មន្ត្រី​អាមេរិក​គួរតែ ​ចូល ​មក​ធ្វើជា​សាក្សី​បង្ហាញ​ភាព​ស្អាតស្អំ​នេះ​។​

តើ​មន្ត្រី​នៃ​ស្ថានទូត​អាមេរិក​ហ៊ាន​បញ្ជាក់​ថា​តើ​អ្វី​ដែល​ជា​សម្តី ​ចេះ​ញ​ពី​មាត់​របស់​កឹម ​សុខា ​ដែល​ថា​អាមេរិក​នៅ​ពី​ក្រោយ​កឹម ​សុខា ​និង​សម ​រង្ស៊ី ​ក្នុង​ការអនុវត្ត​ផែនការ​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា​? ​នៅ​ឆ្នាំ ​២០១៣ ​នៅ​ប្រទេស​អូស្ត្រាលី ​កឹម ​សុខា ​បាន​ថ្លែង​ថា៖​«​តាំងពី​ឆ្នាំ ​១៩៩៣ ​ដែល​ខ្ញុំ​ជាប់​ជា​តំណាងរាស្ត្រ​ដំបូង ​អាមេរិកាំង ​រដ្ឋាភិបាល​អាមេរិក ​គឺ​គេ​ហៅ​ខ្ញុំ​ទៅ​ស្រុក​អាមេរិក​មុនគេ​បង្អស់​ក្នុងនាម​អ្នកនយោបាយ​ខ្មែរ​ក្នុង​ប្រទេស ​ដើម្បី​ឱ្យ ​យល់​ពី​ដំណើរការ​ប្រជាធិបតេយ្យ ​គេ​ហៅ​ខ្ញុំ​មួយ​ឆ្នាំ​ម្តង​ៗ ​អោយ​ខ្ញុំ​ទៅ​អា​មេ​រី​ម្តង​តាំងពី​ឆ្នាំ ​១៩៩៣ ​រហូត​ចុងក្រោយ​នេះ ​ក៏​គេ​បានសម្រេច​ថា​ដើម្បី​ឱ្យ​កម្ពុជា​មានការ​ផ្លាស់​ប្តូរ​នោះ ​គេ​ត្រូវ​ឱ្យ​ខ្ញុំ​ដកខ្លួន​ចេញពី​នយោបាយ​មួយ​ដំណាក់​សិន ​ខ្ញុំ​ក៏បាន​លាឈប់​ពី​នយោបាយ ​ពី​គណបក្ស​នយោបាយ​ដែល​ខ្ញុំ​ធ្លាប់​នៅ​នោះ​នៅ​ឆ្នាំ ​២០០២ ​ដើម្បី​បង្កើត​អង្គការ​មួយ​ឈ្មោះថា ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​។ ​តើ​គេ​ឱ្យ​បង្កើត​ដើម្បី​អី​? ​គេ​ថាបើ​ចង់​ប្តូរ​ថ្នាក់ ​ដឹកនាំ ​យើង​មិន​អាច​ទៅ​ជល់​ខាងលើ​បានទេ ​មុននឹង​ប្តូរ​ខាងលើ​បាន ​ទាល់តែ​គាស់​អា​ក្រោម​សិន ​ទាល់តែ​ប្តូរ​ពីក្រោម​ទៅ​មុន ​ជា​យុទ្ធសាស្ត្រ ​របស់​ប្រទេស​ប្រជាធិបតេយ្យ​គេ​ធ្វើ​។ ​ហើយ​សហរដ្ឋអាមេរិក​ដែលគេ​ជួយ​ខ្ញុំ​នេះ ​គេ​ឱ្យ​ខ្ញុំ​យក ​ម៉ូ​ឌែ​លតា​ម​ប្រទេស​យូហ្គោស្លាវី ​នៅ​ស៊ែ​ប៊ី ​ដែលគេ​ប្តូរ​មេដឹកនាំ​ផ្តាច់​ការ ​មី​ឡូ​សូ​វិច​បាន​នោះ ​មី​ឡូ​សូ​វិច ​រថក្រោះ​សម្បើម​ណាស់​បងប្អូន ​ប៉ុន្តែ​គេ​ប្តូរ​បាន ​ដោយសារតែ​គេ​ធ្វើ​យុទ្ធសាស្ត្រ ​ហ្នឹង ​ហើយ​គេ​យក​បទពិសោធន៍ ​ហ្នឹង​មក​ឱ្យ​ខ្ញុំ​ធ្វើ​នៅ​ស្រុកខ្មែរ ​តែ​អត់មាន​នរណា​ដឹង​ទេ​។ ​ប៉ុន្តែ​យុទ្ធសាស្ត្រ​នេះ​ដោយសារតែ ​ថ្ងៃនេះ ​យើង​បាន​ឈាន​ដល់​មួយ​ដំណាក់កាល​ហើយ ​ខ្ញុំ​ត្រូវតែ​ប្រាប់​បងប្អូន​ឱ្យ​បានដឹង ​ហើយ​នៅ​បន្ត​ទៀត ​ជោគជ័យ​យើង​ទទួល​បាន ​ខ្ញុំ​អត់មាន​បាន​ធ្វើតាម​ខ្ញុំ​នឹកឃើញ​ទេ ​គឺ​មាន​អ្នកជំនាញ​ការ ​សាស្ត្រា​ចារ្យ​នៅ ​សាកល​វិទ្យាល័យ​ទីក្រុង​វ៉ាស៊ីនតោន ​និង​ទីក្រុង​ម៉ុង​រ៉េ​អាល់ ​ប្រទេស​កាណាដា​ដែល​អាមេរិកាំង​គេ​ជួល​មក ​ដើម្បី​ធ្វើការ​ផ្តល់​មតិ​ឱ្យ​ខ្ញុំ​របៀប​ជា​យុទ្ធសាស្ត្រ​ក្នុង​ការ​ផ្លាស់​ប្តូរ​មេដឹកនាំ ​ហើយ​បើ​ខ្ញុំ​ធ្វើតាម​ក្បួន​ប៉ុណ្ណឹង ​ហើយ ​ហើយ​យុទ្ធសាស្ត្រ​ប៉ុណ្ណឹង​ហើយ ​បើ​មិន​ជោគជ័យ​ទៀត ​ខ្ញុំ​មិនដឹង​ថា​យ៉ាងម៉េច​ទៀត​ទេ​»​។

សកម្មភាព​ទាំងនេះ ​ក្រោយមក​ត្រូវ​បាន​បញ្ជាក់​ដោយ​ទណ្ឌិត ​សម ​រង្ស៊ី ​ដែល​ថា​ខ្លួន​ក៏​ជា​មេ​ចលនា​បដិវត្តន៍​ពណ៌​មួយ​រូប​ដែរ​។ ​លើស​ពីនេះ​ភស្តុតាង​ដែល​លោក​គង់ ​គាំ ​បាន​ឆ្លើយ​ប្រាប់​តុលាការ​ក្នុងនាម​ជា​សាក្សី​ក្នុង​សំណុំរឿង​ក្បត់ជាតិ​របស់​កឹម ​សុខា ​ក៏បាន​បញ្ជាក់​ថា​អតីត​គណបក្ស ​សង្គ្រោះ​ជាតិ​បាន​ប្រើប្រាស់​បដិវត្តន៍​ពណ៌​ដើម្បី​ឡើង​ក្តាប់​អំណាច​តាម​បែប​មិន​ប្រជាធិបតេយ្យ​។ ​​ប៉ុន្តែ​ចៃដន្យ ​ផែនការ​បដិវត្តន៍​ពណ៌​នេះ​ត្រូវ​បាន​​កម្ច​ទេស ​ហើយ​មេ​ក្លោង​ធំ​អនុវត្ត​ត្រូវ​បាន​វៃ​ខ្នោះ​បញ្ចូល​គុក​។

មន្ត្រី​ស្ថានទូត​អាមេរិក​សូមកុំ​ព្យាយាម​បំភ្លៃ​ភស្តុតាង ​និង​បង្វែរ​សំណុំរឿង​ពាក់ព័ន្ធ​របស់​ខ្លួន​។ ​ភស្តុតាង​ពិតជា​មាន​គ្រប់គ្រាន់ ​ទើប​ច្បាប់​កម្ពុជា​ចាប់​ជន​ក្បត់ជាតិ ​កឹម ​សុខា ​ទាំង​កណ្តាល​អា​ធ្រា​ត​ព្រោះ​បើ​ទុក​បុគ្គល​នេះ​ឱ្យ​មាន​សេរីភាព ​នោះ​បុគ្គល​នេះ​នឹង​បន្ត​អនុវត្ត​ផែនការ​តាម​ចៅហ្វាយនាយ​បរទេស​របស់​ខ្លួន​។ ​​តើ​មន្ត្រី​ស្ថានទូត​អាមេរិក​ពិតជា​ឈឺចាប់​ណាស់​ទៅ​ឬ​ដែល​ឃើ​ញកូនចឹ​ងរ​បស់​ខ្លួន​ត្រូវ​បាន​ចាប់ខ្លួន​និង​ឃុំ ​ខ្លួន​ព្រោះ​សំណុំរឿង​ឃុបឃិតជាមួយ​បរទេស​បំផ្លាញ​ខ្មែរ​? ​ជា​ការពិត ​អាមេរិក​ក្នុងនាម​ជា​ម៉ែឪ​របស់​បក្ស​ប្រឆាំង​ជាពិសេស​អាណាព្យាបាល​នយោបាយ​របស់ ​កឹម ​សុខា ​ពិតជា​មិនសុខចិត្ត​ឡើយ​ពេល​ឃើ​ញកូនចឹង​ខ្លួន​ឬ​អាយ៉ង​របស់​ខ្លួន​ត្រូវ​ជាប់​ក្នុង​ឃុំ​។ ​

កម្ពុជា​ពិតជា​ទទួល​បាន​មេរៀន​ប្រវត្តិសាស្ត្រ​ឆ្អែតឆ្អន់​ជាទីបំផុត​ហើយ​ជាមួយ​អាមេរិក​។ ​មេរៀន​ប្រវត្តិសាស្ត្រ​ដែល​ខ្មែរ ​មិន​អាច​បំភ្លេច​បាន​គឺ​ព្រះអង្គ​ម្ចាស់ ​ស៊ីសុវត្ថិ ​សិរិ​មតៈ ​ដែល​ទទួល ​បានការ​គាំទ្រ​ពី​អាមេរិក​ទម្លាក់​សម្តេច​ព្រះ​នរោត្តម ​សីហនុ​ពី​អំណាច ​បាន​បន្សល់​បណ្តាំ​ចុង ​ក្រោយ​សម្រាប់​ពលរដ្ឋខ្មែរ​ថា ​«​អ្វី​ដែល​ព្រះអង្គ​សោក​ស្តាយ​បំផុត​នោះ​គឺ​ជឿ​លើ​អាមេរិក​ពេក​»​

កម្ពុជា​ពេលនេះ​បានដឹង​ច្បាស់​ហើយ​ថា​អ្វី​ដែល​អាមេរិក​បាន​បន្សល់ទុក​ដល់​កម្ពុជា​ពីអ​តី​ត​កាល ​គឺ​មានតែ​សំណល់​គ្រាប់បែក​ពី​សម័យ​សង្គ្រាម​ដែល​បន្ត​សម្លាប់ ​និង​បង្ក​របួស​ស្នាម​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ស្ទើរ ​រៀងរាល់ថ្ងៃ ​និង​បំណុល​កខ្វក់​ដែល​របប​សាធារណរដ្ឋ​ខ្មែរ​ដែល​មាន​អាមេរិក​នៅ​ពីក្រោយ​បាន​ខ្ចី​ដើម្បី​ទិញ ​អាវុធ​ធ្វើសង្គ្រាម​សម្លាប់​ខ្មែរ​គ្នាឯង​។ ​កម្ពុជា​បច្ចុប្បន្ន​ជា​កម្ពុជា​ខុសពី​ជាង ​៤០ ​ឆ្នាំមុន ​ហើយ​កម្ពុជា ​ពេលនេះ ​គឺជា​កម្ពុជា​ដែល​មាន​ឯករាជ​ភាព ​និង​អធិបតេយ្យ​ភាព​ពេញលេញ ​និង​មាន​សិទ្ធិ​ចាត់ចែង​លើ​វាសនា​ជាតិ ​របស់​ខ្លួន ​និង​មិន​បម្រើ​ឱ្យ​ភូមិសាស្ត្រ ​នយោបាយ​របស់​ប្រទេស​ណាមួយ​ឡើយ​។ ​

ដូច្នេះ​ក្នុងនាម​ជា​ប្រទេស​ដែល​តាំងខ្លួនជា​បិតា​ប្រជាធិបតេយ្យ ​និង​សិទ្ធិមនុស្ស ​សូម​មន្ត្រី​ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​ភ្នំពេញ​គួរតែ​ប្រតិបត្តិ​ខ្លួន​តាមច្បាប់​ការទូត ​និង​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​ជៀសវាង​ការ​តាំងខ្លួនជា​ឪ​របស់​ប្រទេស ​កម្ពុជា​ដែល​ជារ​ដ្ឋ​ឯករាជ្យ​មួយ ​និង​មិន​ត្រូវ​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ឡើយ ​ហើយក៏ ​មិន​ត្រូវ​លូកដៃ​ក្នុង​សមត្ថកិច្ច​តុលាការ​កម្ពុជា​ដែរ​។ ​សូម​អាមេរិក​កុំ​ច្រឡំ​ថា​ខ្លួន​ជា​ឪ​របស់​កម្ពុជា ​ប៉ុន្តែ​តាមពិត​ជា​ឪ​បក្ស​ប្រឆាំង​នៅ​កម្ពុជា​!​

ដោយ ​ពល ​ពានរិន្ទ ​
​រាជធានី​ភ្នំពេញ ​ថ្ងៃទី១៥ ​ខែកុម្ភៈ ​ឆ្នាំ ​២០១៩