(សៀមរាប)៖ ក្នុងឆ្នាំ២០១៨ កន្លងទៅនេះ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ របស់អាជ្ញាធរជាតិអប្សរា បានបង្ហាញពីការលើកកម្ពស់គុណភាពសេវាកម្ម ផ្តល់ការយកចិត្តទុកដាក់ និងផ្តល់ទំនុកចិត្តខ្ពស់ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងពេលចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ។

ក្នុងនោះដែរ ក្រុមការងារអភិវឌ្ឍន៍ទេសចរណ៍អង្គរ បានសម្រេចនូវសមិទ្ធផលសំខាន់ៗ ដែលមានភាពលេចធ្លោគួរឲ្យកត់សម្គាល់ ដូចជា ការងារជួយសង្គ្រោះបឋមដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលទទួលរងគ្រោះថ្នាក់ ឬមានវិប្បការៈផ្សេងៗ ជាពិសេសគឺការខិតខំស្វែងរកឱ្យឃើញ និងប្រគល់ជូននូវវត្ថុសម្ភារដែលភ្ញៀវទេសចរបានជ្រុះ និងភ្លេចសងដល់ម្ចាស់ដើមវិញក្នុង ពេលកំពុង ទស្សនាប្រាង្គប្រាសាទនានា ក្នុងតំបន់រមណីយដ្ឋានអង្គរ។

ទាក់ទងនឹងសកម្មភាពការងារនេះដែរ ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ របស់អាជ្ញាធរជាតិអប្សរា ក្នុងការងារសហការជាមួយនគរបាលទេសចរណ៍ និងនគរបាលការពារបេតិកភណ្ឌ បានជួយស្វែងរកវត្ថុសម្ភារដែលភ្ញៀវបានភ្លេច ឬជ្រុះ បានចំនួន ២៧៩ករណី ហើយរកឃើញវិញបានចំនួន ២៤៥ករណី ទន្ទឹមគ្នានោះ ក្រុមការងារក៏បានធ្វើជួយសង្រ្គោះបឋមដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមានគ្រោះថ្នាក់អំឡុងពេលទស្សនាក្នុងតំបន់ប្រាសាទសរុបចំនួន ២០៥ករណីផង។

ក្រុមការងារក៏បានធ្វើការណែនាំដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យយល់ដឹងពីក្រមប្រតិបត្តិអង្គរ មានដូចជា ត្រូវស្លៀកសម្លៀកបំពាក់ឱ្យបានសមរម្យ ហាមប៉ះពាល់រូបចម្លាក់តាមបណ្តា ជញ្ជាំងប្រាសាទ ត្រូវរក្សាភាពស្ងៀមស្ងាត់មិនមានឱ្យការស្រែកឡូឡារំខានដល់អ្នកដទៃ ហាមឱ្យស្ករគ្រាប់ ឬថវិកាដល់កុមារ ហាមពិសារបារី ហាមផឹកគ្រឿងស្រវឹង ហាមចោលសំរាមពាស វាលពាសកាល ហាមឡើងលើគំនរថ្ម និងហាមស្តី្រប៉ះព្រះសង្ឃ និងថតរូបកៀកព្រះសង្ឃ។ អំពើទាំងនេះ គឺជាការចូលរួមអភិរក្សថែរក្សា និងផ្តល់តម្លៃដល់តំបន់រមណីយដ្ឋានអង្គរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក៕