(ភ្នំពេញ)៖ លោក Arnaud DARC ប្រធានសភាពាណិជ្ជអឺរ៉ុបប្រចាំនៅកម្ពុជា បានបំផុសឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ងើបសរសេរលិខិតទៅកាន់សភាពាណិជ្ជអឺរ៉ុប ដើម្បីតវ៉ា ចំពោះការប្រកាសចាប់ផ្តើមដំណើរការនៃនីតិវិធី ដែលឈានទៅរកការដកប្រព័ន្ធអនុគ្រោះពន្ធ ក្រោមកម្មវិធី «អ្វីៗទាំងអស់លើកលែងតែអាវុធ (EBA)» ពីប្រទេសកម្ពុជា។ លោកថ្លែងថា លិខិតតវ៉ាទាំងនោះ សភាពាណិជ្ជអឺរ៉ុប ប្រចាំកម្ពុជានឹងយកទៅដាក់ជូនសភាអឺរ៉ុបពិចារណា។

ការប្រកាសនេះ បានធ្វើឡើងនៅវេទិកាតុមូលស្តីពី សេចក្តីសម្រេចរបស់ EU នៃការប្រកាសដំណើរនីតិវិធីព្យូរជាបណ្តុះអាសន្ន EBA ពីកម្ពុជា ដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។

សូមបញ្ជាក់ថា គណៈកម្មការសហភាពអឺរ៉ុប កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ បានប្រកាសជាផ្លូវការនូវការចាប់ផ្តើមដំណើរការនីតិវិធីព្យួរជាបណ្ដោះអាសន្ន ចំពោះប្រព័ន្ធអនុគ្រោះពន្ធក្រោមកម្មវិធី «គ្រប់មុខទំនិញលើកលែងតែសព្វាវុធ (EBA)» ពីប្រទេសកម្ពុជា។

ការសម្រេចចាប់ផ្តើមនីតិវិធីនេះ ធ្វើឡើងបន្ទាប់ពីអឺរ៉ុប បានចោទប្រកាន់លើ រាជរដ្ឋាភិបាល​កម្ពុជា​ ពាក់ព័ន្ធនឹងការគោរព​សិទ្ធិ​មនុស្ស ​សិទ្ធិ​សហជីព ​និង​លទ្ធិ​ប្រជាធិបតេយ្យ​ជាដើម។ ការចូលជាធរមាន នៃការដក EBA អាចនឹងធ្វើឡើងនៅក្នុងរយៈពេល១៨ខែក្រោយ ពោលគឺ EBA នេះអាចដកចេញពីកម្ពុជា នៅពាក់កណ្តាលឆ្នាំ២០២០។ តែទោះជាយ៉ាងនេះក្តី សហភាពអឺរ៉ុប ក៏បានទុកពេលវេលា០៦ខែ ដើម្បីចរចាជាមួយរដ្ឋាភិបាលកម្ពុជា ផងដែរ។

យ៉ាងណាក៏ដោយ នៅក្នុងពិធីបិទសន្និបាទប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ម្សិលមិញ សម្តេចតេជោ ហ៊ុន សែន បានប្រកាសជំហរជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកឯករាជ្យភាព និងអធិបតេយ្យរបស់ខ្លួន ដើម្បីធ្វើជាថ្នូរទៅនឹងជំនួយណាមួយ របស់បរទេសនោះឡើយ។ ជាមួយគ្នានេះ សម្តេចតេជោ ក៏បានពន្យល់ដល់ប្រជាពលរដ្ឋកម្ពុជាថា ទោះបីជាគ្មានប្រព័ន្ធអនុគ្រោះពន្ធ EBA ក៏កម្ពុជា មិនស្លាប់នោះដែរ ហើយក៏មិនអាចធ្វើឱ្យកម្ពុជាក្លាយជាអ្នកមានដែរ៕